អាជ្ញាធរអប់រំកែប្រែថៃបានអះអាងថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រ ទោះបីជាមានអ្នកប្រឆាំងជំទាស់នឹងសំណើបែបនេះ ដោយនិយាយថា លោកត្រូវបានស៊ើបអង្កេតពីបទប្រមាថព្រះមហាក្សត្រក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។

លោក Nastee Thongplad ប្រធានពន្ធនាគារ Remand របស់ទីក្រុងបាងកក បាននិយាយកាលពីថ្ងៃអាទិត្យថា លោក ថាក់ស៊ីន គឺដូចអ្នកទោសផ្សេងៗទៀតផងដែរ ដោយមានសិទ្ធិស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រ ហើយលោក ឬសាច់ញាតិរបស់លោកនឹងត្រូវរៀបចំបែបបទ ឬហេតុផលគ្រប់គ្រាន់ដើម្បីគាំទ្រសំណើនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Nastee ​បានបញ្ជាក់​ថា ពាក្យ​ស្នើសុំ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​ ត្រូវចាប់​ផ្ដើម​ពី​ពន្ធនាគារ​របស់អ្នក​ដាក់​ញត្តិ ហើយអាជ្ញាធរ​ពន្ធនាគារ​នឹង​ពិនិត្យមើល​ញត្តិ​ជា​លាយលក្ខណ៍អក្សរនោះ រួច​បញ្ជូន​បន្ត​ទៅ​នាយកដ្ឋានអប់រំកែប្រែ ។

បន្ទាប់មក​ញត្តិ​នឹងបញ្ជូនបន្ត​ទៅ​ក្រសួងយុត្តិធម៌ លេខាធិការដ្ឋាន​ខុទ្ទកាល័យ និង​ចុងក្រោយ​បញ្ជូនទៅ​ការិយាល័យ​លេខាធិការ​ឯកជន​របស់​ព្រះមហាក្សត្រ ដើម្បីពិនិត្យ និង​លើក​យកមក​ពិចារណា ​។

ទន្ទឹមនោះ ក្រោយពេលដែលមានទម្រង់បែបបទស្នើសុំការលើកលែងទោសពីព្រះមហាក្សត្ររួចហើយ អ្នកដាក់ញត្តិនឹងត្រូវបង្ហាញឯកសារផ្សេងទៀត ដើម្បីបញ្ជាក់ពីការរួមចំណែកជួយជាតិនាពពេលកន្លងមក និងកំណត់ត្រាការព្យាបាលវេជ្ជសាស្រ្តជាដើម ។

សូមជម្រាបថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ត្រូវបានតុលាការកំពូលផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៨ឆ្នាំក្នុងសំណុំរឿងផ្លូវច្បាប់ចំនួន ៣ករណី បន្ទាប់ពីយន្ដហោះរបស់លោក បានចុះចតភ្លាមៗនៅទីតាំង VIP មួយកន្លែងក្នុងព្រលានយន្តហោះដនមឿង របស់ទីក្រុងបាងកក ក្រោយសម្រេចវិលត្រលប់ចូលស្រុកវិញកាលពីថ្ងៃទី២២ ខែសីហា៕

ប្រភព៖ Bangkok Post

Share.