ភ្នំពេញ ៖ ទីបំផុតសាកសពអ្នកបើកម៉ូតូរ៉ឺម៉ក រកឃើញហើយ នៅចំណុចមាត់ច្រាំងទន្លេសាប ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលបានអណ្ដែតទឹក នៅវេលាម៉ោង ១១និង៤០នាទីព្រឹកថ្ងៃទី២២ កក្កដា ២០២១ បន្ទាប់ពីលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ កាលពី៤ថ្ងៃមុន។

សពមានឈ្មោះ ងុន កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិតាព្រះ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ។

តាមប្រភពពីក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះមានបញ្ហាសុខភាព សតិមិនប្រក្រតី បានមកជួយធ្វើការងារបងប្រុស ក្នុងរបរលក់គ្រឿងសំណង់ ជួនស្នាក់នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ជួនទៅស្នាក់នៅហាងមួយកន្លែងទៀតនៅ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ 

ប្រភពបន្តទៀតថា កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះ ទាញយករុឺម៉ក សម្រាប់ដឹកគ្រឿងសំណង់ ប្រចាំនៅឃ្លាំងចោមចៅ គ្រាន់តែប្រាប់ថាទៅរកទិញអាវពាក់ ទាំងកម្មករ ទាំងបងប្អូន គិតថាមិនទៅណាឆ្ងាយទេ ស្រាប់តែបាត់រហូត ទាល់តែមានប្រព័ន្ធផ្សព្វផ្សាយ មើលតាមហ្វេសប៊ុក ទើបដឹងថាទៅលោតទឹកសម្លាប់ខ្លួន ទៅវិញ ហើយក្រោយពីដឹងភ្លាមក្រុមគ្រួសារ ក៏បានទៅស្វែងរក ពឹងអ្នកនេសាទឲ្យជួយរកសពដែរតែមិនឃើញ ទើបតែនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ទើបប្រទះឃើញសពជនរងគ្រោះ អណ្តែតនៅក្បែរច្រាំងទន្លេសាប ។

សពក្រោយពីប្រទះឃើញ ត្រូវបានសមត្ថកិច្ច ស្រង់លើកឡើងគោកពិនិត្យកោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុង ពោធិ៍សែនជ័យ

Share.