ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអះអាងថា ទីក្រុងកៀវ នឹងមានហានិភ័យបាត់បង់ការគាំទ្រពីអន្តរជាតិ ប្រសិនបើជម្លោះរបស់ខ្លួនជាមួយទីក្រុងមូស្គូ រាលដាលចូលទឹកដីរុស្ស៊ី។ ខណៈមន្ត្រីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា «បានបើកការវាយប្រហារភេរវជន ជាច្រើននៅក្នុងប្រទេសរបស់ពួកគេ រួមទាំងទីក្រុងម៉ូស្គូផងដែរ»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃអាទិត្យ លោក Zelensky បានទទូចថា «អ៊ុយក្រែនត្រូវបានរៀបចំសម្រាប់ការប្រយុទ្ធរយៈពេលយូរ ប្រឆាំងនឹងប្រទេសរុស្ស៊ី»។

នៅពេលសួរដោយអ្នកកាសែត Natalia Moseichuk ថា តើជម្លោះអាចរាលដាលចូលទឹកដីនៃប្រទេសរុស្ស៊ីដែរឬទេ មេដឹកនាំអ៊ុយក្រែន បានឆ្លើយតបថា «រឿងនោះនឹងបង្កឱ្យមានហានិភ័យយ៉ាងខ្លាំងដែលយើងអាចនឹងត្រូវគេទុកចោលឱ្យនៅម្នាក់ឯង»។

ទីក្រុងកៀវ វាយប្រហារតែគោលដៅយោធានៅក្នុងតំបន់ដែលខ្លួនទាមទារអធិបតេយ្យភាព ដូចជាឧបទ្វីបគ្រីមៀ និងបដិសេធក្នុងការវាយប្រហារលើទឹកដីរុស្ស៊ី។ គោលជំហរនោះផ្ទុយនឹងការវាយប្រហារជាប្រចាំលើតំបន់ព្រំដែន ក៏ដូចជាការវាយឆ្មក់ដោយយន្តហោះគ្មានមនុស្សបើក kamikaze ចូលកាន់តែជ្រៅទៅក្នុងប្រទេសរុស្ស៊ី ដែលទីក្រុងម៉ូស្គូ បានស្តីបន្ទោសទៅលើកងកម្លាំងរបស់ទីក្រុងកៀវ។

ទីក្រុងមូស្គូបានព្រមានជាយូរមកហើយថា តាមរយៈការផ្គត់ផ្គង់អាវុធយោធាកាន់តែជឿនលឿនដល់ក្រុងកៀវ ប្រទេសលោកខាងលិចកំពុងអូសទាញអ៊ុយក្រែនឱ្យលង់ខ្លួនកាន់តែជ្រៅទៅក្នុងជម្លោះ និងបង្កហានិភ័យកាន់តែខ្លាំងឡើង។

រុស្ស៊ី​យល់​ឃើញ​ថា​ អរិភាព​ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ប្រូកស៊ី​ ដែលប្រទេសលោកខាងលិច​ ជាអ្នក​ប្រឆាំង​នឹង​ក្រុង​ម៉ូស្គូ ខណៈទីក្រុងវ៉ាស៊ីនតោនបានប្រកាសដោយបើកចំហថា ខ្លួនចង់ឱ្យរុស្ស៊ីទទួលរង «ការបរាជ័យជាយុទ្ធសាស្ត្រ» នៅក្នុងជម្លោះជាមួយអ៊ុយក្រែន។

សូមជម្រាបថា ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្នសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេលជិត២ឆ្នាំហើយ ដោយបណ្ដាលឲ្យមានមនុស្សស្លាប់ រងរបួស និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ដែលលោកខាងលិចបានចាត់ទុកថាជា «ឧក្រិដ្ឋកម្មមនុស្សជាតិ»៕

ប្រភព៖ RT

Share.