នាយករដ្ឋមន្ត្រីផុតអាណត្តិ លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកចុងក្រោយរបស់លោកកាលពីថ្ងៃអង្គារ ដោយនិយាយថា លោកពេញចិត្តនឹងការអនុវត្តរបស់រដ្ឋាភិបាល ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃពុធ​ ទី៣០ ខែសីហា ឆ្នាំ២០២៣។

បន្ទាប់​ពី​ជំនួប​នោះ លោក​ឧត្តម​សេនីយ៍ ប្រាយុទ្ធ បាន​ថត​រូប​ជាមួយ​គណៈរដ្ឋមន្ត្រី​ចាស់ៗ មន្ត្រី​រដ្ឋាភិបាល និង​កម្មករ បន្ទាប់​មក​​បាន​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ជាមួយ​គ្នា។

នៅ​ពេល​អ្នកកាសែតសួរថា តើ​លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ថ្មីធ្វើ​អ្វី​ខ្លះ? លោក​ ប្រាយុទ្ធ បាន​ឆ្លើយ​ថា៖ «គួរ​ទុក​ឲ្យ​រដ្ឋាភិបាល​ថ្មី​ធ្វើអ្វី​តាម​ការ​យល់​ឃើញ​របស់​ពួកគេ»។

បន្ទាប់មកនៅពេលអ្នកកាសែតសួរថា តើលោកគ្រោងនឹងធ្វើអ្វីបន្ទាប់ពីចេញពីតំណែង? លោក ប្រាយុទ្ធ បាននិយាយថា «ខ្ញុំចង់សម្រាក និងចំណាយពេលច្រើនជាមួយគ្រួសាររបស់ខ្ញុំ។ ខ្ញុំនឹងក្លាយជាពលរដ្ឋសាមញ្ញម្នាក់ដោយគ្មានឯកសិទ្ធិពិសេស»។

លោក ប្រាយុទ្ធ បានបញ្ជាក់ថា ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ សមាជិកគណៈរដ្ឋមន្ត្រីទាំងអស់បានធ្វើការជាមួយគ្នាយ៉ាងល្អ ហើយពួកគេតែងតែបានបញ្ចេញមតិដោយហេតុផល។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោក ប្រាយុទ្ធ និងមន្រ្តីទាំងអស់បានពេញចិត្ត និងសប្បាយរីករាយ​ ជាមួយនឹងការតែងតាំងនាយករដ្ឋមន្រ្តីថ្មី ហើយពួកគេជឿជាក់លើការដឹកនាំរបស់នាយករដ្ឋមន្រ្តីថ្មី ដែលនឹងតម្រង់ផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យ និងការអភិវឌ្ឍន៍។

តាំង​ពី​ដើម​មក នាយករដ្ឋមន្រ្តីថ្មីទី៣០ របស់ប្រទេសថៃ លោក ស្រេតថា ថាវីស៊ីន មាន​គំនិត​ចង់​បញ្ចប់​ភាព​លំអៀង​ខាង​នយោបាយ និង​ដើរ​ចេញ​ពី​ជម្លោះ។ លោក ស្រេតថា បានផ្តល់ដំបូន្មានមួយចំនួនថា៖ «ភាពឧស្សាហ៍ព្យាយាម ស្មោះត្រង់ អត់ធ្មត់ ប្រុងប្រយ័ត្ន និងតម្លាភាព គឺជាភារកិច្ចរបស់គណៈរដ្ឋមន្ត្រី។ អ្វីៗនឹងដំណើរការដោយរលូន ប្រសិនបើធ្វើតាមទាំងនេះ»។

នៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់លោកកាលពីថ្ងៃសៅរ៍ លោក ប្រាយុទ្ធ បានពិណ៌នាពីរយៈពេល៩ឆ្នាំ ក្នុងការកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់ប្រទេសជារយៈពេលដ៏មានន័យ និងមិនអាចបំភ្លេចបានបំផុតនៃជីវិតរបស់លោក។ ក្នុងនាមលោកជានាយករដ្ឋមន្ត្រី លោកបានចំណាយពេលវេលារបស់ខ្លួនដើម្បីការពារប្រទេស ដែលលោកគិតថាបានរីកចម្រើនយ៉ាងលឿន ហើយឥឡូវនេះ សេដ្ឋកិច្ចប្រទេសគឺអាចស្មើនឹងប្រទេសជាច្រើនទៀត។

គួររំលឹកថា លោក ប្រាយុទ្ធ បានឡើងកាន់អំណាច បន្ទាប់ពីធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់គណបក្សភឿថៃដឹកនាំដោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា កាលពីខែឧសភា ឆ្នាំ២០១៤។ ប៉ុន្តែនៅឆ្នាំ២០២៣នេះ លោកបានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ ក្រោយគណបក្សថៃរួបរួមជាតិ ដែលមានលោកជាប្រធានបក្ស រងការបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅ៕

ប្រភព៖ Bangkok Post

Share.