កណ្តាល៖ ស្រ្តីម្នាក់បន្ទាប់ពីចេញពីធ្វើការរោងចក្រ បានជិះម៉ូតូចេញទៅផ្ទះ ស្រាប់តែមានជនសង្ស័យជិះម៉ូតូតាមក្រោយ មកឆក់យកកាបូបយកទៅបាត់ ទុកឱ្យជនរងគ្រោះដួលម៉ូតូរបួសដាច់ដៃជើងតែម្នាក់កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៤០នាទី ស្ថិតនៅលើផ្លូវលេខ១១០ ក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។


ជនរងគ្រោះមានឈ្មោះ ត្រែ ស៉ីអេង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សម្ភារៈបាត់បង់រួមមាន ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPhone x max ។ ប្រាក់ខ្មែរចំនួន ១០ម៉ឺនរៀល។

តាមប្រភពព័ត៌មានបានឲ្យដឹថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1C-3851 ចេញពីធ្វើការងារ នៅរោងចក្រយីដា នឹងបានឈប់ទិញផ្លែឈើនៅមុខរោងចក្រ រួចក៏ជិះទៅផ្ទះនៅឃុំកំពង់ស្វាយ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូ ០១គ្រឿងម៉ាក Honda Dream C125 ជិះតែឯង បើកមកពីក្រោយ មិនចាំស្លាកលេខ អ្នកបើកបរពាក់អាវក្រឡា ដៃវែង ពាក់មួក ពណ៌ខ្មៅ ក៏បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះដែលស្ពាយជាប់នៅនិងខ្លួន បណ្តាលឱ្យជនរងគ្រោះដួលទៅថ្នល់រងរបួស។ ចំណែកជនសង្ស័យក៏ដួលដែរ ប៉ុនន្តែភ្លាមៗជនសង្ស័យបានក្រោកឡើងរត់ទៅយកកាបូបរបស់ជនរងគ្រោះ និងលើកម៉ូតូរបស់ខ្លួនហើយជិះគេចខ្លួនទៅស្រុកស្អាងបាត់ទៅ។

ក្រោយកើយហេតុ ជនរងគ្រោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទាក់ទងទៅសាច់ញាតិឲ្យយកទៅព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកជនសង្ស័យកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល សហការណ៍ជាមួយកម្លាំងជំនាញស្រុក កំពុងតាមស្វែងរក និងឆែកកាមេរ៉ាតាមផ្លូវសាធារណៈដើម្បីកំណត់មុខសញ្ញាចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖កណ្តាល

Share.