ប្រទេសចិនបានចេញការព្រមានអំពីព្យុះទីហ្វុងកម្រិតខ្ពស់បំផុត នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ខណៈដែលព្យុះទីហ្វុង Saola បានបោកបក់មកជិតឆ្នេរសមុទ្រភាគអាគ្នេយ៍ ដោយបង្កការគំរាមកំហែងដល់ទីក្រុងហុងកុង និងមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗផ្សេងទៀត នៅក្នុងខេត្តក្វាងទុង ដែលនៅជិតខាង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។

មន្រ្តីឧតុនិយមចិន បានចេញការព្រមានអំពីព្យុះទីហ្វុង «កម្រិតពណ៌ក្រហម» នៅម៉ោង ៦ព្រឹក ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងស្រុក)។

មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនបានឱ្យដឹងថា ព្យុះទីហ្វុង Saola ដែលបច្ចុប្បន្នស្ថិតនៅចម្ងាយប្រហែល ២៩៥គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃខេត្ត ក្វាងទុង (Guangdong) នឹងបក់បោកទៅភាគពាយព្យឆ្លងកាត់សមុទ្រចិនខាងត្បូងក្នុងល្បឿនប្រហែល ១០គីឡូម៉ែត្រក្នុង១ម៉ោង ខិតទៅជិតឆ្នេរសមុទ្រនៃខេត្ត Guangdong បន្តិចម្តងៗ បន្ទាប់មកនឹងចុះឥទ្ធិពលបន្តិចម្តងៗ។ ល្បឿន​ខ្យល់​នៅ​ម៉ោង​ ៩​ព្រឹក ​ថ្ងៃព្រហស្បតិ៍នេះ មាន​ល្បឿន ​២០៩​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ហើយអាចនឹងទៅដល់ទីក្រុងហុងកុង នៅយប់ថ្ងៃទី១ ខែកញ្ញា។

មជ្ឈមណ្ឌលបានឲ្យដឹងទៀតថា ព្យុះទីហ្វុង Saola នឹងធ្វើឱ្យបាក់ដីនៅតាមឆ្នេរសមុទ្រ ចាប់ពីកន្លែងណាមួយនៃ Huilai ក្នុងខេត្ត Guangdong ទៅកាន់ទីក្រុងហុងកុង។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ក្រុមហ៊ុនផ្លូវដែកប្រទេសចិន បានផ្អាកខ្សែរថភ្លើងសំខាន់ៗមួយចំនួន ហើយទីក្រុងសៀងហៃ បានផ្អាករថភ្លើងដែលធ្វើដំណើរឆ្ពោះទៅខេត្តក្វាងទុង ។

មន្រ្តីឧតុនិយមចិនបាននិយាយថា រហូតដល់ម៉ោង ៨ព្រឹកថ្ងៃសុក្រ នឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួននៃខេត្ត Fujian និងតំបន់នៃខេត្ត Guangdong។ ភ្លៀងធ្លាក់អាចបង្កឱ្យមានកម្រិតទឹកពី ១០០មីលីម៉ែត្រ ទៅ ២២០មីលីម៉ែត្រនៅតំបន់ខ្លះ។

សូមជម្រាបថា ព្យុះ Saola ក៏កំពុងប៉ះពាល់ដល់ខេត្ត Fujian ផងដែរ ដែលវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីរលកបោកបក់នៅតាមឆ្នេរសមុទ្រ។ ខណៈរដ្ឋបាលឧតុនិយមនៃទីក្រុង Shishi បានចេញការព្រមានអំពីព្យុះទីហ្វុងពណ៌ខៀវ ផងដែរ៕

ប្រភព៖ CNA

Share.