ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្ដល់អនុសាសន៍ណែនាំលោកស្នងការថ្មី ប្រឹងប្រែង សហការគ្នា សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អដេីម្បីបម្រេីអង្គភាព និងប្រជាពលរដ្ឋ ក្នុងរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ជាពិសេសភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

នាយឧត្តមសេនីយ៍ ស ថេត បានដាស់តឿន ដល់លោកស្នងការ ក្នុងនាមជាប្រធានអង្គភាពត្រូវមានការទទួលខុសត្រូវខ្ពស់ លេីការដឹកនាំបញ្ជាកងកម្លាំង ក៏ដូចជាការគ្រប់គ្រង និងអភិវឌ្ឍអង្គភាព ហើយសម្រាប់មន្ត្រី បេីធ្វេីល្អត្រូវមានការលេីកទឹកចិត្ត ទទួលការលេីកសរសេីរ បេីធ្វេីខុសត្រូវដាក់វិន័យតាមកងកម្លាំង០០៦ ឬអនុវត្តតាមច្បាប់ ហើយមន្ដ្រីត្រូវតែផ្ដល់ការគាំទ្រដល់ប្រធានអង្គភាពផងដែរ។

អគ្គស្នងការនគរបាលជាតិក៏បានជំរុញប្រធានអង្គភាពត្រូវខិតខំពង្រឹងបន្ថែម របៀបរបបធ្វេីការងារប្រចាំថ្ងៃឲ្យបានល្អ ត្រូវមានការរៀបចំកិច្ចប្រជុំជាប្រចាំ ដេីម្បីទទួលយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ យកមកវិភាគ និងរៀបចំផែនការ ដេីម្បីដាក់ចេញឲ្យអនុវត្ត ហើយផែនការងារសន្តិសុខដេីរតួសំខាន់ ឈានដល់ការគ្រប់គ្រងមុខសញ្ញា ដេីម្បីងាយស្រួលក្នុងការបង្ក្រាបបទល្មេីស។

ដោយឡែក ការគ្រប់គ្រងអាវុធជាតិផ្ទុះ ការកាន់កាប់អាវុធខុសច្បាប់ ត្រូវអនុវត្តជាប្រចាំដោយមានការចូលរួមពីគណៈបញ្ជាការឯកាព ហើយមានការដឹកនាំបញ្ជាឲ្យតំណាងអយ្យការ។ លើសពីនេះ ត្រូវពង្រឹងអង្គភាព អធិការដ្ឋាននគរបាល ខណ្ឌ ក្រុង ស្រុក ប៉ុស្តិ៍ ត្រួតពិនិត្យកម្លាំងឲ្យបានច្បាស់លាស់ ត្រូវមានកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដេីម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងទទួលពាក្យបណ្តឹង។

នាយឧត្តមសេនីយ៍ ស ថេត ក៏ណែនាំឲ្យបន្ដអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយសម្រាប់ករណីគ្រឿងញៀន ៣កុំ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំដោះលេង និង១រាយការណ៍គ្រប់ករណី។ ជាមួយគ្នានេះ ក្នុងករណីកម្លាំងដែលពាក់ព័ន្ធក្នុងការប្រីប្រាស់ ជួញដូរ ចែកចាយ គ្រឿងញៀន ត្រូវតែអនុវត្តតាមច្បាប់ និងដេញចេញពីក្របខណ្ឌ ដូចប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកប្រធានអង្គភាព ត្រូវពង្រឹងក្រមសីលធម៌ ពាក្យសំដី និងកាយវិការដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីចរាចរណ៍ និងមន្ត្រីតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវមានការរៀបចំហ្វឹកហាត់ក្បាច់គុណ តាមបណ្តាអង្គភាព ផ្តោតសំខាន់លេីមន្ត្រីផ្នែកចរាចរណ៍ ព្រហ្មទណ្ឌ គ្រឿងញៀន និងផ្នែកអន្តរាគមន៍ គ្រប់អង្គភាព ត្រូវរៀបចំត្រួតពិនិត្យកម្លាំង ឧបករណ៍សម្ភារផ្សេងៗឲ្យបានល្អ ជាមួយនឹងការរៀបចំផែនការច្បាស់លាស់ជាដើម។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានប្ដេជ្ញាចិត្ត៧ចំណុច ដើម្បីតបស្នងសងគុណចំពោះថ្នាក់ដឹកនាំ គ្រប់ថ្នាក់ ដែលផ្ដល់ជំនឿចិត្ត តែងតាំងឯកឧត្តមជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ទី១ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ។

ទី២ ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីឆន្ទៈរាស្ត្រ និងចូលរួមអនុវត្តឲ្យ បានសម្រេចជោគជ័យនូវគ្រប់កម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ជាពិសេសរក្សាការពារឲ្យបានស្ថិតស្ថេរ គង់វង្សនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសមិទ្ធផលនានាដែល រាជរដ្ឋាភិបាលខិតខំកសាងតាំងពីបាតដៃទទេរ រហូតមកទល់បច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ទី៣ គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ញត្តិ បទបញ្ជា និងគោលការណ៍នានា របស់ថ្នាក់ ដឹកនាំគ្រប់ថ្នាក់ ជាពិសេសបទបញ្ហា ០០៦ របស់កងកម្លាំងនគរបាលជាតិ។

ទី៤ ដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយគុណធម៌ បង្កើនចំណងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ រួម សុខរួមទុក្ខជាមួយមន្ត្រីគ្រប់កាលៈទេសៈ។ ទន្ទឹមនោះ ខិតខំលើកកម្ពស់គុណភាពមន្រ្តី ទាំងសមត្ថភាពជំនាញ វិន័យ សីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ សំដៅលើកស្ទួយកិត្តិយស និងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។

ទី៥ តម្កល់ផលប្រយោជន៍អង្គភាពខ្ពស់ ដោយខិតខំបន្តកសាងសមិទ្ធផលនានាចំណុះស្នងការដ្ឋាន ឲ្យស័ក្កិសមជាបង្អែកផ្នែកសន្តិសុខយ៉ាងរឹងមាំ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

ទី៦ បង្កើនកិច្ចសហការជិតស្និទ្ធជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនានា ក៏ដូចជាបណ្តាខេត្តជាប់ព្រំប្រទល់ ដើម្បីការពារធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ទី៧ លើកកម្ពស់ការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ធ្វើយ៉ាងណាឲ្យជន គ្រប់រូបនៅខេត្តព្រះសីហនុ ទទួលបាននូវសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងខិតខំជំរុញការផ្តល់សេវា តម្រូវការចាំបាច់នានា ដោយភក្តីភាព និងមានតម្លាភាព សំដៅបង្កើនភាពកក់ក្តៅ និងជំនឿជឿជាក់របស់ប្រជា ពលរដ្ឋ មកលើនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ត្រូវជាកូនប្រុសម្នាក់របស់សម្ដេចក្រឡាហោម ស ខេង ក្នុងចំណោមកូនប្រុសស្រីចំនួន៣នាក់របស់សម្ដេច។ លោក គឺជាអតីតអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងទើបត្រូវបានផ្លាស់ប្ដូរមកជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ឯក ជាអគ្គស្នងការរងនគរបាលជាតិដំបូងគេដែលទទួលភារកិច្ចដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ កន្លងមក មានតែរាជធានីភ្នំពេញទេដែលរាជរដ្ឋាភិបាលចាត់តាំងអគ្គស្នងការរងឱ្យកាន់មុខតំណែងជាស្នងការ។

ការចេញទៅកាន់មុខតំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ របស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានធ្វើឡើងបន្ទាប់ពីលោកឧត្តមសេនិយ៍ទោ ជួន ណារិន បានផ្ទេរភារកិច្ចពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មកជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលភារកិច្ចជាស្នងការនគរបាលរាជធានីភ្នំពេញ ជំនួសឯកឧត្តម នាយឧត្តម ស ថេត ដែលឡើងជាអគ្គស្នងការ។

លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ចូលបម្រើការងារជានគរបាលជាតិរយៈពេល១៨ឆ្នាំ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ឱ្យដឹងថាលោកឧត្តមសេនីយ៍ឯក ធ្លាប់សិក្សាជំនាញនគរបាលនៅប្រទេសអូស្ត្រាលី ជំនាញប្រឆាំងភេវរកម្មនៅប្រទេសអាល្លឺម៉ង់ និងបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល។

សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ផ្អែកតាមចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារ លោក ស រដ្ឋា ដែលត្រូវបានតែងតាំងជាអគ្គរងអន្តោប្រវេសន៍ បំពេញការងារយ៉ាងល្អប្រសើរប្រកបដោយប្រសិទ្ធផល ជាអាទិ៍ ករណីចុះបង្ក្រាបបទល្មើសយ៉ាងក្ដៅគគុកក្នុងខេត្តព្រះសីហនុកន្លងទៅថ្មីៗនេះជាដើម។

ខេត្តព្រះសីហនុ នៅតែបន្តស្ថិតក្នុងស្ថានភាពជាខេត្តដែលមានទាំងមុខសកម្ម និងអសកម្ម។ មុខសកម្ម ដ្បិតខេត្តមួយនេះ មានសក្ដានុពលទាំងទេសចរណ៍ និងវិនិយោគ ហើយបានប្រែមុខប្រែមាត់យ៉ាងឆាប់រហ័សលើផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ខណៈមុខអសកម្មគឺប្រឈមនឹងការកើតមានបទល្មើស។

បទល្មើសភាគច្រើននៅខេត្តព្រះសីហនុ បង្កឡើងដោយជនបរទេស។ ការណ៍នេះក៏ទំនងជាមូលហេតុមួយដែលរាជរដ្ឋាភិបាលសម្រេចាត់តាំងឧត្តមសេនីយ៍ឯក ស រដ្ឋា ដែលមានបទពិសោធន៍លើការងារអន្តោប្រវេសន៍ ខណៈខេត្តមាត់សមុទ្រនេះប្រឈមនឹងបទល្មើសឧក្រឹដ្ឋកម្រិតជាតិ និងអន្តរជាតិ។

ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ សម្ដេចក្រឡាហោម ស ខេង បានស្នើសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន ចាត់បញ្ជូនមន្រ្តីនគរបាលជាមួយក្រុមចុះទៅគាំទ្រ និងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនៅខេត្តព្រះសហនុ។

បទល្មើសដែលត្រូវបានកត់សម្គាល់មានដូចជាបទល្មើសអន្តោប្រវេសន៍ខុសច្បាប់ គ្រឿងញៀន ល្បែងសុីសងតាមអុីនធើណែត ចាប់ជំរិត លួច ឆក់ ប្លន់ ហិង្សា ជួយដូរ កាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់ ឆកបោកតាមប្រព័ន្ធអុីនធើណែត បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ អំពើជួយដូរផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ជាដើម។

សម្ដេចក្រឡាហោម ទទួលស្គាល់ជាហរថាលោកឧត្តមសេនីយទោ ជួន ណារិន បានធ្វើការសឹងតែគ្មានពេលសំរាកទាំងពេលថ្ងៃ និងពេលយប់ ក្នុងពេលកាន់មុខតំណែងជាស្នងការនគរបាលខេត្តព្រះសីហនុ។ ដើម្បីគាំទ្ររដ្ឋបាលខេត្តលើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់នេះដែរ សម្ដេចក្រឡាហោម អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានបង្កើតគណៈកម្មការ ក្រុមការងារមួយចំនួនទៀតផងដែរ។

បន្ថែមលើយន្តការនេះ សម្ដេចក្រឡាហោម  បានណែនាំឱ្យក្រុមការងារហ្វេសប៊ុកសម្ដេច បង្កើនការយកចិត្តទុកដាក់ទទួលសំណើរ សំណូមពរ និងដោះស្រាយរាល់បញ្ហាប្រឈមនានា ទាំងពីជនជាតិខ្មែរ និងជនបរទេស ជាពិសេសជនបរទេសដែលរងគ្រោះដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅខេត្តព្រះសីហនុ។

គឺផ្អែកលើស្ថានភាពនេះហើយដែលក្រុមអ្នកតាមដានសង្គមកកម្ពុជា យល់ឃើញប្រហាក់ប្រហែលគ្នា ថាកម្រិតទទួលខុសត្រូវលើកិច្ចការគរបាលជាតិនៅខេត្តព្រះសីហនុ ស័ក្ដិសមបំផុតសម្រាប់មន្រ្តីជាន់ខ្ពស់ដែលមានឋានៈកម្រិតអគ្គស្នងការរង។ កាន់តែពិសេសទៀតនោះ គឺសក្ដានុពលរបស់ឯកឧត្តម ស រដ្ឋា ដែលជាមន្រ្តីវ័យក្មេង និងជាកូនឥស្សរជនដែលត្រូវកសាងគុណសម្បត្តិ ជូនជាតិ និងប្រជាជន៕

Share.