សិល្បៈ​អន្តរជាតិ​៖ កម្មវិធី​ទូរទស្សន៍​ចិន​បាន​ចាក់​ផ្សាយ​រឿង​រ៉ាវ​​ស្នេហា​ស្មោះ​ស្ម័គ្រ​រវាង​គូស្វាមី​ភរិយា​មួយ​គូ​ ដែល​ធ្វើ​ឱ្យ​ទស្សនា​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ តើ​ព្រោះ​តែ​ហេតុ​អ្វី​? នោះ​ក៏​ព្រោះ​ទោះ​ជា​ប្រពន្ធ​បាន​ប្រែប្រួល​សម្រស់ពី​ស្ត្រី​វ័យ​២៧​ឆ្នាំ​ ​ទៅ​ជា​លោក​យាយ ​៨០​ឆ្នាំ​​ ដែល​មាន​មុខមាត់​ជ្រីវជ្រួញ​ ប៉ុន្តែ​ស្វាមី​នៅ​តែ​ស្រលាញ់​និង​លើក​ទឹក​ចិត្ត​ភរិយា​ដដែល។

រឿង​រ៉ាវ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​នេះ​បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មុន​ ដោយ​កាល​ណោះ​​ស្ត្រី​ជា​ភរិយា​មាន​វ័យ​២៧​ឆ្នាំ​ ក្រោយ​រៀបការ​និង​ផ្ដល់​កំណើត​កូន​ប្រុស​ដំបូង​រួច​បាន​ត្រឹម​តែ​២​ខែ​ ស្រាប់​តែ​រាងកាយ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ចម្លែក​។ នាង​មាន​អារម្មណ៍​អស់​កម្លាំង​ ល្វើយល្ហិតល្ហៃ​ រហូត​ថ្ងៃ​មួយ​ក្រោយ​ពេល​ឆ្លុះ​កញ្ចក់​នាង​ស្រាប់​តែ​យំជា​ខ្លាំង​ព្រោះ​មិន​អាច​ទទួល​យក​មុខ​ខ្លួន​ឯង​ដែល​ជ្រីវជ្រួញ​ដូច​ជា​លោក​យាយ​ចាស់​វ័យ​៨០​ឆ្នាំ​នៅ​ក្នុង​កញ្ចក់​។ នាង​បាន​ព្យាយាម​ប្រើ​ប្រាស់​គ្រឿង​សំអាង ដើម្បី​ជួយ​បិទបាំង​ស្នាម​ជ្រួញ​ ប៉ុន្តែ​មិន​អាច​ជួយ​ ហើយ​ថែម​ទាំង​ធ្វើឱ្យ​សភាព​ស្បែកមុខ​នាង​យ៉ាងយឺន​ជាង​មុន​ទៀត​ រហូត​លែង​ហ៊ាន​ឆ្លុះ​មើល​មុខ​ខ្លួន​ឯង​ក្នុង​កញ្ចក់​។

ក្រោយ​មាន​អាការៈ​បែប​នេះ​ នាង​ត្រូវ​បាន​អ្នក​ផង​និន្ទា ធ្វើ​ឱ្យ​មាន​អារម្មណ៍​តូច​ចិត្ត​ជាង​ខ្លាំង​ សូម្បី​​ដាក់​ពាក្យ​ធ្វើ​ការ​ក៏​ពិបាក​ដោយ​សារ​តែ​មុខ​ខាង​ក្រៅ​ខុស​ពី​អាយុ​ពិត​ពេក​ ហេតុ​នេះ​នាង​ត្រូវ​បាន​ក្រុមហ៊ុន​ជា​ច្រើន​បដិសេធ​។ ឈឺចាប់​ជាង​ត្រូវ​គេ​បដិសេធ​ការងារ​មិន​ស្មើ​នឹង​កូន​ប្រុស​របស់​នាង​មិនព្រម​ឱ្យ​ម្ដាយ​នៅ​ក្បែរ​ ព្រោះ​តែខ្លាច​មុខ​ម្ដាយ​។ រឿង​ទាំង​អស់​នេះ​ធ្វើ​ឱ្យ​នាង​បាក់ទឹក​ចិត្ត​ហើយ​គិត​ចង់​បញ្ចប់​ជីវិត​ខ្លួន​ឯង​ម្ដង​ៗ​ តែ​ជា​សំណាង​ល្អ​ ព្រោះ​នៅ​ក្នុង​គ្រោះ​លើក​នេះ​ នាង​មាន​ស្វាមី​ល្អ​ដែល​រង់ចាំ​នៅ​ក្បែរ​និង​លើក​ទឹក​ចិត្ត​នាងជា​និច្ច។ ដំបូង​ឡើយ​ពេល​ដឹង​ថា​ខ្លួន​មាន​អាការៈ​ខុស​ប្រក្រតី​ នាង​​ធ្លាប់​ស្នើ​សុំ​លែងលះ​ជា​ច្រើន​ដង​ ព្រោះ​មិន​ចង់​ឱ្យ​ខ្លួន​ក្លាយ​ជា​បន្ទុក​ តែ​ស្វាមី​នាង​មិន​យល់​ស្រប​ ហើយ​ថែម​ទាំង​​មិន​ធ្លាប់​នឿយហត់​នឹង​នាំ​នាង​ទៅ​ព្យាបាល​តាម​មន្ទីរពេទ្យ​ផ្សេងៗ​នោះ​ឡើយ​។

ទីបំផុត​លទ្ធផល​បង្ហាញ​ឱ្យ​ឃើញ​ថា​ សុខ​ភាព​រាងកាយ​នាង​នៅ​រឹងមាំ​ល្អ​ណាស់ តែ​មូលហេតុ​ដែល​នារី​ក្នុង​វ័យ​២០​ឆ្នាំ​​ប្រែប្រួល​សភាព​ស្បែក​បែប​នេះ​ដោយ​សារ​តែ​នាង​កើត​មាន​ជំងឺ​ចាស់មុន​វ័យ​ ឬ​ជំងឺ​មុខចាស់​ ដែល​ធ្វើ​ឱ្យ​មុខ​អ្នក​ជំងឺ​ជ្រីវជ្រួញ​ មើល​ទៅចាស់​ជាង​វ័យ​ ហើយ​បើ​តាម​របាយការណ៍​អ្នក​កើត​ជំងឺ​នេះ​មា​ន​ត្រឹម​១០​នាក់​ប៉ុណ្ណោះ​លើ​ពិភពលោក​។

បន្ទាប់​ពី​សាច់​រឿង​របស់​នាង​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ នាង​​ក៏​ទទួល​បាន​ការ​ជួយ​វះ​កាត់​កែ​សម្ផស្ស​ឱ្យ​ Free ដោយ​នាង​បាន​ឆ្លង​កាត់​ការ​វះ​កាត់​ចំនួន​៤ដង​ ការ​វះ​កាត់​ម្ដង​ៗ​មាន​ចំនួន​ជា​ច្រើន​ម៉ោង​ ហើយ​ត្រូវ​ចាក់​ម្ជុល​​ដេរ​លើ​ផ្ទៃ​មុខ​ជាង​២០០​ថ្នេរ ព្រម​ទាំង​ប្រើ​ពេល​ច្រើន​ខែ​ទម្រាំ​សះស្បើយ។

ថ្វីត្បិត​ការ​ធ្វើ​ដំណើរ​ពីមួយ​កន្លែង​ទៅ​មួយ​កន្លែង​ដើម្បីព្យាបាល​នាង​មាន​ការ​លំបាក និង​ប្រើ​ពេល​យូរ ប៉ុន្តែ​ក្រោយ​ពី​វះកាត់​រួច​ផ្ទៃ​មុខ​នាង​បាន​ប្រសើរ​ឡើង​ធ្វើ​ឱ្យ​នាង​មើល​​ឃើញ​ពី​តម្លៃ​ខ្លួន​ឯង​ឡើង​វិញ​។ ចំណែក​ស្វាមី​របស់​នាង​មិន​ដែល​បោះ​បង់​ចោល​ភរិយា​ ហើយ​មើល​ថែទាំនាងយ៉ាង​ល្អ​ រហូត​មក​ដល់​ពេល​នេះ​អ្នក​ទាំង​ពីរ​មាន​កូន​ទីពីរ​ជាមួយគ្នា​ហើយ​ ដោយ​សមាជិក​ទាំង​៤​នាក់​បន្ត​រស់​នៅ​យ៉ាង​​មាន​សុភមង្គល​ជាមួយ​គ្នា​៕

Share.