បាត់ដំបង÷ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត៥០គ្រាប់ ខណ:ក្រុមជាងកាយដីដាក់លូរំដោះទឹកក្នុងក្រុងបាត់ដំបង។ ករណីប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើបានបង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ក្រុមទី២១ ក្នុងភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នគរបាលបច្ចេកទេសបានបញ្ជាក់ឲ្យដឹងថា ការប្រទះឃើញនេះស្របពេលដែលក្រុមជាងកាយដីដើម្បីបំពាក់លូរំដោះទឹកក៏ប្រទះឃើញបន្តបន្ទាប់ជាប់គ្នាពីរថ្ងៃតែម្តង។

គ្រាប់មិនទាន់ផ្ទុះខាងលើនេះនៅមានគុណភាពអាចបង្កការគ្រាះថ្នាក់បាន សរុបចំនួន៤៩គ្រាប់ក្នុងនោះមាន: គ្រាប់រ៉ឺកែតទំហំ ១២២មីលីម៉ែត្រ ១គ្រាប់, ក្បាលគ្រាប់១៣០ មួយគ្រាប់, ក្បាលគ្រាប់DK ៧៥ ចំនួន២គ្រាប់, ក្បាល៨៥ មួយគ្រាប់, ក្បាលបំបែក១០៥ មួយគ្រាប់ និងក្បាលគ្រាប់១០៥មីលីម៉ែត្រចំនួន៤៣គ្រាប់។

សមត្ថកិច្ចបន្តថា ក្រោយប្រទះឃើញនគរបាលមូលដ្ឋានសហការជាមួយមន្ត្រីស៊ីម៉ាកចុះពិនិត្យ និងប្រមូលយករក្សាទុកដើម្បីកម្ទេចចោលពេលក្រោយ៕

អត្ថបទ៖ ដំបងក្រញូង

Share.