នៅល្ងាចថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ខ្សែប្រយុទ្ធ សៀង​ ចន្ធា សមាជិករបស់ក្លិបបាល់ទាត់ Al Shahaniya SC បានធ្វើមករាជធានីភ្នំពេញ ដើម្បីចូលរួមក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិទល់នឹងហុងកុង និងម៉ាកាវ នៅថ្ងៃ FIFA Day។

សៀង ចន្ធា បានធ្វើដំណើរចម្ងាយសរុប ៥,៧៩៤គីឡូម៉ែត្រ ចេញពីទីក្រុង Doha របស់ប្រទេសកាតា ឆ្ពោះមកកាន់ទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរកបាន១គ្រាប់ ជួយឲ្យក្រុម Al Shahaniya SC ដែលមានលោក Saeid Younesi ជាគ្រូបង្វឹក យកឈ្នះក្រុម Muaither SC ក្នុងលទ្ធផល ៧-០ នៃពានរង្វាន់ Qatar Cup ឆ្នាំ២០២៣ ជុំទី១។​

គួរដឹងថាកីឡាករវ័យក្មេង សៀង ចន្ធា ផ្លាស់ទៅ​ចូលរួមជាមួយក្រុម Al Shahaniya SC ​ក្នុងលក្ខខណ្ឌខ្ចីជើង ចំនួន១រដូវកាល ២០២៣-២៤ ពីក្លិបបឹងកេត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

សៀង ចន្ធា គឺជាថ្នាលយុវជនរបស់សាលាបាល់ទាត់ជាតិបាទី ចន្លោះឆ្នាំ ២០១៦-១៩ មុនផ្លាស់ទៅចូលរួមជាមួយបឹងកេត នៅឆ្នាំ២០២០ រហូតដល់ឆ្នាំ ២០២៣ ដោយបង្ហាញខ្លួនបាន ៤៥លើក ស៊ុតបាន២៣គ្រាប់ ខណ:ក្នុងក្រុមជម្រើសជាតិ ចន្ធា ជាប់តាំងពីឈុត U-17, U-19, U-22, U23 និងឈុតធំ មិនដែលបាត់មុខម្តងណាឡើយ។

ស្របពេលគោព្រៃកម្ពុជា ដែលមានលោក Félix Dalmás ជនជាតិអាហ្សង់ទីន ជាគ្រូបង្វឹកបានកោះហៅកីឡាករសរុប ២៨នាក់ ត្រៀមប្រកួតមិត្តភាពអន្តរជាតិ។

កម្មវិធីប្រកួតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣៖
– កម្ពុជា ប៉ះ ហុងកុង វេលាម៉ោង ១៩:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ជំនួបមិត្តភាពអន្តរជាតិ

កម្មវិធីប្រកួតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣៖
– កម្ពុជា ប៉ះ ម៉ាកាវ វេលាម៉ោង ១៩:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ជំនួបមិត្តភាពអន្តរជាតិ។

ចំពោះតម្លៃសំបុត្រមានដូច​ខាង​ក្រោម៖
-សំបុត្រប្រភេទ ១ Zone A មានតម្លៃ ៣០,០០០ រៀល
-សំបុត្រប្រភេទ ២ Zone B មានតម្លៃ ១៥,០០០ រៀល៕

Share.