នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំអាស៊ាននៅរដ្ឋធានីហ្សាការតា បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណដ្ឋឥណ្ឌូនេស៊ី។

ក្នុងជំនួបដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ចូកូ វីដូដូ បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា។

ប្រមុខដឹកនាំឥណ្ឌូនេស៊ីរូបនេះ ក៏បានជម្រាបជូនូវសេចក្ដីផ្តាំផ្ញើការសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានចាត់ទុកសម្ដេចតេជោថាជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់ ឯកឧត្តម និងរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី។

សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរ និង ការផ្តាំផ្ញើសួរសុខទុក្ខនេះ ហើយ សម្តេចមហាបវរធិបតី ក៏បានកោតសរសើរផងដែរចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ប្រទេស និង ប្រជាជនឥណ្ឌូនេស៊ី ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ។

បន្ទាប់ពីការអបអរសាទរ និង កិច្ចស្វាគមន៍ទៅវិញទៅមក ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាងកម្ពុជា និង ឥណ្ឌូនេស៊ី ជាពិសេស ក្នុងទិដ្ឋភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស និង ការប្រយុទ្ធប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។

ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ឥណ្ឌូនេស៊ី ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕

Share.