ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ បង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ដោយមានអង្គភាពចំនួន២ជាសេនាធិការ គឺអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស។ នេះបើតាមអនុក្រឹត្យដែលត្រូវបានសម្ដេចធិបតី ចុះហត្ថលេខា កាលពីថ្ងៃទី១ ខែកញ្ញា ហើយដែលសារព័ត៌មានត្រយងទទួលបាននៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

បើតាមអនុក្រឹត្យ គណៈកម្មាធិការជាតិថ្មីមួយនេះ មានពាក្យកាត់ហៅថា គ.ស.ព.ស និងមានតួនាទី ភារកិច្ចសំខាន់ៗចំនួន២ រួមមាន ធ្វើកិច្ចការលើការងារពង្រឹងសាធារណមតិ តាមរយៈការតាមដានក្ដាប់គ្រប់ស្ថានការណ៍ ឃោសនាពន្យល់ និងការពាររូបភាពវិជ្ជមានរបស់ព្រះរាជាណាចក្រកម្ពុជា, ការពារអធិបតេយ្យជាតិ ផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងកសាងរូបភាពវិជ្ជមាននិង លើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងក្នុងស្រុកនិងលើឆាកអន្តរជាតិ, ជំរុញប្រសិទ្ធភាពការងារឆ្លើយតបព័ត៌មានក្លែងក្លាយ តាមរយៈការរៀបចំយន្តការឆ្លើយតបឱ្យទាន់ ពេលវេលាជាប្រព័ន្ធតួអង្គតែមួយ និងបង្កើនសមត្ថភាពយុទ្ធសាស្ត្របែបឌីជីថល, ផ្ដួចផ្ដើមគំនិតលើការផលិតខ្លឹមសារគ្រប់ប្រភេទសម្រាប់ពង្រឹងសាធារណមតិ, សហការជាមួយបណ្តាញផ្សព្វផ្សាយដើម្បីចែករំលែកខ្លឹមសារនិងផ្សព្វផ្សាយបន្ត, ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ គ.ស.ព.ស. ជូនប្រមុខរាជរដ្ឋាភិបាល និងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដែលជាការថ្លែងសុន្ទកថាក្នុងពិធីសេំណេះសំណាលលើកដំបូងក្រោយចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថាសម្ដេចផ្ដល់តម្លៃខ្ពស់លើកិច្ចការព័ត៌មាន។ សម្ដេចបន្ថែមថា«ក្រុមដែលខ្ញុំបង្កើតមុនគេ គឺក្រុមសារព័ត៌មានដើម្បីប្រមូលព័ត៌មានប្រចាំថ្ងៃឱ្យខ្ញុំ»៕

Share.