គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មកពិនិត្យសិក្សា។ នេះបើតាមសេចក្ដីជូនព័ត៌មានរបស់អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ បន្ទាប់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គរដ្ឋសភា។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា ជាលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័ត ទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យសិក្សា។ នៅពេលបានពិនិត្យសិក្សាចប់សព្វគ្រប់ គណៈកម្មការជំនាញរដ្ឋសភា ត្រូវធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីចាត់ចែងបន្តនីតិវិធីទៀត។

សូមបញ្ជាក់ថាក្រសួងអធិការកិច្ច និងលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានផ្ដួចផ្ដើម និងបង្កើតឡើងដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ទោះបីជាច្បាប់ស្ដីពីការបង្កើតក្រសួង និងលេខាធិការដ្ឋានមិនទាន់ត្រូវបានដាក់ឱ្យប្រើ ប៉ុន្តែនៅក្នុងបញ្ជីសមាសភាពគណៈរដ្ឋមន្រ្តី បានកំណត់ជាមុនរួចហើយថា ក្រសួងអធិការកិច្ច និងត្រូវដឹកនាំដោយ ឯកឧត្តម ហួត ហាក់ ហើយលេខាធិការដ្ឋានកិច្ចការព្រំដែន និងត្រូវដឹកនាំដោយ ឯកឧត្តម ឡាំ ជា៕

Share.