ផ្ដើមដោយសំណេរជូនជនរួមជាតិ ចេញផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត សាយ បូរី បានរម្លឹកអំពីការលាលែងពីគណបក្សសេរីនិយមព្រះពុទ្ធសាសនា របស់លោក សឺន សាន កាលពីឆ្នាំ១៩៩៥ មុនពេលលោកបង្កើតគណ:មេធាវី ព្រមទាំងការបន្តនូវអ្វីដែលលោកអះអាងថានៅបន្តឯករាជរហូត ដើម្បីបំរើជាតិខ្មែរ អតីតឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ររូបនេះ បានបញ្ជាក់ថា«ខ្ញុំយល់ច្បាស់អំពីមនោគមវិជ្ជាដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលក្នុងខ្លឹមសារស៊ីជម្រៅត្រូវនឹងឧត្តមគតិរបស់ខ្ញុំទាំងស្រុង ជាពិសេស បានឃើញច្បាស់អំពីការឈានឡើងជាបន្តបន្ទាប់នៃការអភិវឌ្ឍប្រទេសជាតិ, កិត្យានុភាពជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព»។

បើតាមលោកបណ្ឌិត សាយ បូរី «មួយជីវិតខ្ញុំជាអ្នកសិក្សាស្រាវជ្រាវ, ជាអ្នកបណ្តុះបណ្តាលបញ្ញវន្តនានាជាច្រើននាក់ និងជាអ្នកនយោបាយមួយរូប, ខ្ញុំមើលឃើញច្បាស់ថា ស្ថានភាពស្រុកទេសយើង មានលក្ខណៈល្អប្រសើរស្ទើគ្រប់វិស័យ ហើយគ្រឹះនៃសុខសន្តិភាព ព្រមទាំងការរៀបចំការបន្តវេនដឹកនាំប្រទេស ដោយអ្នកជំនាន់ក្រោយ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាបញ្ញវន្តពោពេញទៅដោយសមត្ថភាព នឹងបន្តធ្វើឱ្យប្រទេសជាតិយើង កាន់តែមានការរីកចំរើន និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ហើយប្រជាជននឹងបន្តរស់នៅក្នុងភាពសុខសាន្តក្រោមដំបូលនៃសុខសន្តិភាព»។

បន្ទាប់ពីបានរៀបរាប់អំពីសាវតាការងារ និងបញ្ចេញទស្សនាទានអំពីការដឹកនាំរបស់សម្ដេចតេជោ អតីតទីប្រឹក្សាផ្នែកច្បាប់របស់លោក កឹម សុខា រូបនេះ ក៏បានអះអាងពីការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបញ្ជាក់ថា«ខ្ញុំបានសម្រេចចិត្តដើរតាមមាគ៌ានៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំគណបក្សដ៏ឆ្នើម និងជាមហាអគ្គមគ្គុទេសរបស់ជាតិ។ នៅព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ ខ្ញុំបានផ្ញើសារគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបង្ហាញទឹកចិត្តរបស់ខ្ញុំចង់សុំចូលជាសមាជិកនៃគណបក្សប្រជាជនកម្ពុជា រួមគ្នាបន្តដំណើរកសាងប្រទេសជាតិ ពីក្រោយអ្នកបន្តវេនទៅមុខ ឆ្ពោះទៅរកការរីកចម្រើនរបស់សង្គមឲ្យកាន់តែបានឆាប់រហ័ស»។

ក៏មិនបង្អង់យូរដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានបញ្ចេញសារលើទំព័រហ្វេសប៊ុកដែលសម្ដេចទើបសម្រេចចិត្តទទួលយកមកប្រើវិញក្នុងន័យបញ្ជាក់ទៅកាន់លោកបណ្ឌិត សាយ បូរី និងក៏បង្ហាញជូនសាធារណមតិថា«ជាថ្មីម្តងទៀតក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម សាយ បូរី ដែលបានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។សម្ដេចតេជោ បានផ្ដល់តម្លៃខ្ពស់ចំពោះការចូលរួមរបស់ ឯកឧត្តម សាយ បូរី ដោយបន្ថែមថា«គណបក្សប្រជាជនកម្ពុជានឹងទទួលបានបញ្ញាវន្តដែលជាទីគោរព និងធនធានមនុស្សដ៏កម្របន្ថែមទៀត»។

ក្រោយការបង្ហោះសារខាងលើនេះរបស់សម្ដេចតេជោ លោកបណ្ឌិត សាយ​ បូរី ក៏បានបន្តបង្ហោះសារថ្លែងអំណរគុណ សម្តេច និងគណបក្សប្រជាជនកម្ពុជា។ អ្វីដែលគួរកត់ឱ្យសម្គាល់នោះ នៅក្នុងសារបង្ហោះលើបណ្ដាញសង្គម ហ្វេសប៊ុក តាំងពីប្រកាសចូលសមាជិកគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត សាយ បូរី បានចែករំលែកទស្សនាទានមួយក្នុងន័យដើមថា«ខ្មែររួមគ្នាជាធ្លុងមួយ ខ្មែរខ្លាំង និងបានសុខក្សេមក្សាន្តយូរអង្វែង ហើយស្រុកទេសនឹងរីកចម្រើនឆាប់រហ័ស»។

សូមរម្លឹកថាលោកបណ្ឌិត សាយ បូរី កាលពីប៉ុន្មានខែមុន បានបង្ហោះសារបង្ហាញការស្ញប់ស្ញែងចំពោះសម្ដេចតេជោ ដោយបញ្ជាក់ថា«សម្ដេចតេជោ មិនត្រឹមតែជាអ្នកនយោបាយទេ គឺជាអ្នកប្រាជ្ញាខ្មែរមួយរូបដ៏ឆ្នើម ក្នុងទស្សនវិជ្ជានយោបាយ និងរដ្ឋបាលសាធារណៈ»។ អតីតមេធាវីការពារក្ដីឱ្យលោក ខៀវ សំផន ក្នុងតុលាកាកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់បំផុតនៃរបបខ្មែរក្រហមរូបនេះបានអះអាងទៀតថា«ក្នុងប្រវត្តិសាស្រ្តកម្ពុជា ខ្ញុំដូចជាទើបនឹងឃើញមាន សម្ដេច​ ហ៊ុន សែន តែម្នាក់គត់។ ពួកសត្រូវខំពន្លិច ឬបន្ថោកលោកយ៉ាងណា ក៏ការពិត នៅតែការពិត»។

បើតាមបញ្ញវន្តជាតិជើងចាស់ដែលក៏ធ្លាប់ធ្វើទីប្រឹក្សាឯកឧត្តម កឹម សុខា កាលនៅកាន់មុខតំណែងជាអនុប្រធានរដ្ឋសភារូបនេះ បញ្ញវន្តខ្មែរគួរតែសិក្សាស្រាវជ្រាវអំពីមនោគមវិជ្ជានយោបាយរបស់សម្ដេចតេជោ ហ៊ុន សែនសម្រាប់ការបង្រៀន ដោយបន្ថែមថា«យើងសព្វថ្ងៃស្គាល់តែអ្នកប្រាជ្ញបរទេស មិនដឹងថាយើងមានអ្នកប្រាជ្ញរបស់ខ្លួនដែរ»។ សាស្រ្តាចារ្យដ៏ល្បីរូបនេះ ក៏ថែមទាំងបានចាត់ទុកជាភព្វសំណាងក្រលែងសម្រាប់កម្ពុជាដែលមានអ្នកប្រាជ្ញក្នុងតួអង្គសម្ដេចតេជោ ហ៊ុន សែន និងបានបន្ថែមទៀតថា«លោក[សម្ដេចតេជោ]ជាមោទកភាពជាតិខ្មែរ ហើយចំណុចនេះក៏គួរក្លាយជាកត្តានៃការបង្រួបបង្រួមជាតិដ៏សំខាន់មួយផងដែរ»។

សាររបស់លោកបណ្ដិត សាយ បូរី ខាងលើនេះ បានកន្ត្រាក់ចិត្តសម្ដេចតេជោ ហ៊ុន សែន។ សម្ដេចបានចែកជូនជនរួមជាតិ នូវសារសំឡេងដែលសម្ដេចបានផ្ញើទៅកាន់លោកបណ្ឌិត សាយ បូរី ដែលជាសារបញ្ជាក់អំពីមនោសញ្ចេតនាជ្រាលជ្រៅ និងការគោរពដល់តម្លៃនៃភាពជាបញ្ញវន្តជាតិ របស់លោកបណ្ឌិត សាយ បូរី។ សម្ដេចតេជោ បានរម្លឹកដល់ពេលវេលាដែលខកខានជួបគ្នាច្រើនឆ្នាំជាមួយលោកបណ្ឌិត សាយ បូរី ដោយហៅលោកបណ្ឌិតថាបងៗ ព្រមទាំងបានសន្យាណាត់គ្នាទទួលទានអាហារទៀតផង។ សារឆ្លើយឆ្លងនេះ បានធ្វើឡើងក្នុងអំឡុងពេលសម្ដេចតេជោ បាននិងកំពុងក្រសោបយកសន្ដានចិត្តគាំទ្រ និងការចុះចូលជាបន្ទាប់ពីសំណាក់អតីតមដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សបក្រឆាំង៕

Share.