ព្រះសីហនុ៖​  ស្រ្តីម្នាក់ កំពុងជិះម៉ូតូឌុបកូនស្រីតាមផ្លូវ ស្រាប់តែមានជនសង្ស័យជិះម៉ូតូមកឆក់យកកាបូប បណ្តាលឱ្យដួលម៉ូតូរបួសកូនស្រី កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨ និង ៥០នាទី នៅចំណុចផ្លូវផ្ទះតាឆេរ ស្ថិតនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

​ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំង ចុះទៅដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាង និងបានដាក់កម្លាំងតាមស្វែងរកជនសង្ស័យ រហូតដល់ ប្រទះឃើញជនសង្ស័យ នៅផ្លូវមុខផ្សារចិន ភ្លាមៗសមត្ថកិច្ចស្ទាក់ឃាត់ឱ្យជនសង្ស័យឈប់ម៉ូតូ តែជនសង្ស័យបានព្យាយាមបើកម៉ូតូរត់គេចខ្លួន ទើបកម្លាំងសមត្ថកិច្ច ដេញប្រផាត់ចាប់ប្រភីង រហូតដល់ផ្លូវចំណោទហាងតាផលលើភ្នំ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យបានយកកាបូបដែលធ្វើសកម្មភាពឆក់បាន គប់មកលើសមត្ថកិច្ច ហើយព្យាយាមបើករត់រហូតដល់ចំណុចផ្លូវខ្សែរកាប ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទើបស្ទាក់ចាប់ឃាត់ខ្លួនបានជនសង្ស័យ។

តាមប្រភពបឋមពីសមត្ថកិច្ចបានឲ្យដឹងថា មានជនសង្ស័យមួយក្រុមជិះម៉ូតូ១គ្រឿងបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះកំពុងជិះម៉ូតូឌុបកូនតាមផ្លូវ បណ្តាលដួលម៉ូតូរបួសកូនស្រីហើយក្រុមជនសង្ស័យព្យាយាមជិះគេចខ្លួន៕

អត្ថបទ៖ ព្រះសីហនុ

Share.