កិច្ចប្រជុំអាស៊ាន-ចិន លើកទី២៦ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី៦​ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការកត់សម្គាល់អំពីសារៈសំខាន់នៃវិស័យទេសចរណ៍។ នៅចំពោះមុខមេដឹកនាំអាស៊ាន-ចិន សម្ដេចធីបតី ចាត់ទុកវិស័យទេសចរណ៍ថាជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ប៉ុន្តែថាវិស័យនេះនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិតមុនពេលមានវិបត្តិកូវីដ-១៩។

ក្នុងន័យនេះ,សម្ដេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលអាស៊ានត្រូវជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃសេចក្ដីថ្លែងការណ៍អាស៊ាន- ចិន ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។ នេះបើតាមខ្លឹមសារបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់សម្ដេច ហ៊ុន ម៉ាណែត។

នាឱកាសនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ផលប្រយោជន៍រួម នៃទំនាក់ទំនងល្អ ក្នុងអំឡុងពេលជិត៣ទស្សវត្សរ៍ រវាងចិន និងអាស៊ាន ហើយថាចំពោះប្រទេសកម្ពុជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ ជាឧទាហរណ៍ស្រាប់។

សម្ដេចធិបតី ក៏បានបញ្ជាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំពីដំណើរទស្សនកិច្ចរបស់ សម្ដេច ទៅកាន់ទីក្រុងណាននីង ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ (CAEXPO ) និងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI)ផងដែរ។

សូមបញ្ជាក់ថាពេញមួយឆ្នាំ២០២២កន្លងទៅ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៤១៥លានដុល្លារអាម៉េរិក និងទទួលបានពីភ្ញៀវទេសចរជាតិប្រមាណ ៦៥០លានដុល្លារអាម៉េរិក ដោយបានរួមចំណែកជាមួយផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៣.៦%នៃផលិតផលក្នុងស្រុកសរុប។

របាយការណ៍របស់ក្រសួងទេសចរណ៍បញ្ជាក់ទៀតថាក្នុងឆ្នាំកន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ២.២៨លាននាក់ កើនឡើង១០៥៨.៦% និងភ្ញៀវទេសចរជាតិ១៣.៩៣លាននាក់ កើនឡើង១៩៨.៨%។ ចំណែកឯភ្ញៀវទេសចរជាតិ ដែលចេញក្រៅប្រទេសមានចំនួនប្រមាណ ៩៧ម៉ឺននាក់ កើនឡើង៣០៧៩.៥%។

តាមផែនការស្តារទេសចរណ៍ឡើងវិញ ប្រទេសកម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិចំនួន ៤លាននាក់ នៅឆ្នាំ២០២៣នេះ និង៧លាននាក់នៅឆ្នាំ២០២៥ខាងមុខ៕

Share.