សិល្បៈ​ជាតិ​៖ ​តារា​សម្ដែង​រូប​សង្ហា​ ងែត សុវណ្ណនេត​ កំពុង​តែ​ជួប​ទុក្ខ​​ព្រោះ​តែ​ម្ដាយ​របស់​លោក​កំពុង​តែ​ឈឺធ្ងន់​ ដល់​ថ្នាក់​​បញ្ជូន​ទៅ​ជួយ​សង្គ្រោះ​​ក្នុង​បន្ទប់​សង្គ្រោះ​ ICU ដោយ​អាការៈ​បាត់​ស្មារតី រហូត​តារា​រូប​នេះ​ប្រើ​ទាំង​វិទ្យា​សាស្ត្រ​ ​និង​ផ្លូវ​ក្នុង​ឱ្យ​ជួយ​ ​ដោយ​លោក​បាន​ប្រកាស​បន់​ស្រន់​មុខ​វត្ថុ​ស័ក្ដិសិទ្ធិ​​កាត់​អាយុ​ខ្លួនឯង​​២០​ទៅ​៣០​ឆ្នាំ​ជា​ថ្នូរ​​ប្ដូរ​យក​​ដង្ហើម​អ្នក​ម្ដាយ​។

​មួយ​រយៈ​ក្រោយ​នេះ​ដោយ​សារ​តែ​រវល់​នឹង​ការងារ​ផ្ទាល់​ខ្លួន​ផង​និង​ឧស្សាហ៍​ចុះ​ឡើង​មើលថែ​ទាំ​ជំងឺ​អ្នក​​ម្ដាយ​ផង​ ទើប​ធ្វើ​ឱ្យ​បុរស​សង្ហា​រូប​នេះ​ដក​ឃ្លា​បន្តិច​ពី​ការ​រឿង​ភាគ​បុរាណ​​ដែល​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ ប៉ុន្តែ​លោក​នៅ​បន្ត​ទទួល​ការងារ​ពិធីករ ​​និង​ថត​ស្ពត​ពាណិជ្ជកម្ម​ដែល​មិន​សូវ​ចាយ​ពេល​វេលា​ច្រើន​​។​

​យ៉ាង​ណា​មិញ​ថ្មីៗ​នេះ​ស្រាប់​តែ​សារព័ត៌មាន​ត្រយង​បាន​ទទួល​ដំណឺង​ថា​ម្ដាយ​របស់​ ​កាវីន (ឈ្មោះ​ក្នុង​សិល្បៈ​) កំពុង​ឈឺធ្ងន់​ ហើយ​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​ ដើម្បី​​សង្គ្រោះ​ ដោយ​ក្នុង​នោះ​ ក្រៅ​ពី​ពឹង​វិទ្យាសាស្ត្រ​រក​គ្រូពេទ្យ​ជំនាញ​ហើយ​នោះ​ តារា​រូប​នេះ​​ក៏​បានរត់​រក​ផ្លូវ​ក្នុង​ទៅ​តាម​អបិយ​ជំនឿ​របស់​ជនជាតិ​ខ្មែរ​ដែល​មាន​តាំង​ពី​បុរាណ​ឱ្យ​ជួយ​ដែរ​ ដោយ​ក្នុង​នោះ​មាន​ទាំង​​បន់​ស្រន់​កាត់​អាយុ​ខ្លួន​ផង​ ថ្វាយ​ភ្លេង​ពិណពាទ្យ​​ផង និង​ហ៊ាន​កោរ​សក់​បូជា​ផង​ ឱ្យ​តែ​ម្ដាយ​របស់​ខ្លួន​អាច​ត្រលប់​មក​ធូរ​ស្បើយ​ដូច​មុន​វិញ។​

យោង​តាម​រយៈ​ការ​ឆ្លើយ​ឆ្លង​សារ​អេឡិច​ត្រូនិច​រវាង​អ្នក​សារព័ត៌មាន​ត្រយង​នឹង​តារា​​ឯក​ប្រុស​រឿង​ «តម្លង់​៧​សន្តាន​»​​ ស្ថានភាព​ជំងឺ​ម្ដាយ​របស់​លោក​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​​​ដែល​ចាំ​បាច់​ត្រូវ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​ច្រើន​ ប៉ុន្តែ​លោក​មិន​អល់អែក​នឹង​ប្រឹងប្រែង​រក​ប្រាក់​ដើម្បី​ព្យាបាល​ម្ដាយ​នោះ​ឡើយ​ ទោះ​ជា​​លំបាក​ ទោះ​ជា​ត្រូវ​ចំណាយ​អស់​ពី​ខ្លួន​ ក៏​លោក​មិន​ស្ដាយ​សំខាន់​គឺ​ម្ដាយ​បាន​ធូរ​សះស្បើយ​ឡើង​វិញ​ ប៉ុន្តែ​ហាក់​មិន​សូវ​ជា​មាន​​សង្ឃឹម​ប៉ុន្មាន​នោះ​ឡើយ​។

លោក​​ ងែត សុវណ្ណនេត​ ​មាន​​បងប្អូន​២​នាក់​ប្រុស​ទាំង​​២​នាក់​។ លោក​មាន​ស្រុក​កំណើត​​នៅ​ខេត្ត​ពោធិ៍​សាត់​ លោក​កំព្រា​ឪពុក​តាំង​ពី​តូច​ ​និង​​រស់​នៅ​ជាមួយ​ម្ដាយ​និង​បងប្រុស​៕

Share.