នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ សហព័ន្ធបាល់ទាត់កម្ពុជា បានរៀបចំសន្និសិទសារព័ត៌មានស្តីអំពីចំណាប់អារម្មណ៏របស់គ្រូបង្វឹករបស់កម្ពុជា និងហុងកុង រួមទាំងប្រធានក្រុមទាំងពីរមុនការប្រកួតមកដល់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។
លោក Jørn Andersen គ្រូបង្គោលក្រុមហុងកុងបានលើកឡើងក្នុងកិច្ចសម្ភាសន៏ថា៖ «ក្រុមបាល់ទាត់ហុងកុង មានកីឡាករដែលចូលសញ្ញាតិនោះ មិនមែនជារឿងចម្លែកនោះទេ បើនិយាយពីប្រទេសថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន វិញក៏មានកីឡាករចូលសញ្ញាតិក្នុងក្រុមជម្រើសជាតិរបស់ពួកគេផងដែល ដូចនេះលោកគិតថា ជារឿងធម្មតា សំខាន់លោកត្រូវដឹកនាំក្រុមជម្រើសជាតិហុងកុង ឱ្យខ្លាំងជាងឆ្នាំមុនៗ ជាពិសេសគោលដៅ FIFA World Cup 2026»។
សូមជម្រាប់ដែរថា លោក Jørn Andersen បច្ចុប្បន្នលោកមានវ័យ ៦០ឆ្នាំ ធ្លាប់ជាកីឡាករជម្រើសជាតិន័រវេសចន្លោះឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩០ បានចូលដឹកនាំក្រុមជម្រើសជាតិហុងកុង នៅដើមឆ្នាំ២០២១ កន្លងទៅ។
សម្រាប់ក្រុមជម្រើសជាតិហុងកុង ក្រោយប្រកួតទល់នឹងក្រុមជម្រើសជាតិកម្ពុជា រួច នឹងធ្វើដំណើរទៅកាន់ទឹកដីរបស់ខ្លួនវិញដោយបើកទ្វាកីឡដ្ឋាន Venue Hong Kong Stadium ទទួលក្រុមជម្រើសជាតិប៊្រុយណេ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។
ខាងក្រោមនេះជាប្រវត្តិជួបគ្នារវៀងក្រុមកម្ពជា និងហុងកុង៖
លើកទី១៖ នៅថ្ងៃទី៣១ សីហា ១៩៥៧ ក្នុងពានរង្វាន់ Merdeka Tournament នៅប្រទេសម៉ាឡេស៊ី
ហុងកុង ឈ្នះ កម្ពុជា ដោយលទ្ធផល ៦-២
លើកទី២៖ នៅថ្ងៃ២៤ ឧសភា ១៩៧១ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup នៅប្រទេសថៃ កម្ពុជា ឈ្នះ ហុងកុង ដោយលទ្ធផល ២-១
លើកទី៣៖ នៅថ្ងៃទី១០ សីហា ១៩៧២ ក្នុងពានរង្វាន់ប្រកួត Merdeka Tournament
កម្ពុជា ឈ្នះហុងកុង ដោយលទ្ធផល ១-០
លើកទី៤៖ នៅថ្ងៃទី ១៨ តុលា ១៩៩៩ ក្នុងវគ្គជម្រុះជើងឯកទ្វីបអាស៊ី AFC Asian Cup នៅហុងកុង
ក្រុមហុងកុង ឈ្នះ កម្ពុជា ដោយលទ្ធផល ៤-១
លើកទី៥៖ ថ្ងៃទី ៧ វិច្ឆិកា ១៩៩៩ ក្នុងវគ្គជម្រុះជើងឯកទ្វីបអាស៊ី AFC Asian Cup នៅរាជធានីភ្នំពេញ
កម្ពុជា ចាញ់ហុងកុង ដោយលទ្ធផល ១-០
លើកទី៦ ថ្ងៃទី ១ កញ្ញា ២០១៦ ប្រកួតមិត្តភាពអន្តរជាតិ នៅហុងកុង ក្រុមហុងកុង បន្តឈ្នះកម្ពុជា ដោយលទ្ធផល ៤-២
លើកទី៧៖ ថ្ងៃទី ៦ តុលា ២០១៦ ប្រកួតមិត្តភាពអន្តរជាតិ នៅរាជធានីភ្នំពេញ ក្រុមកម្ពុជា ចាញ់ ហុងកុង ដោយលទ្ធផល ២-០
លើកទី៨៖ ថ្ងៃ៥ សីហា ២០១៩ ក្នុងវគ្គជម្រុះ World Cup នៅរាជធានីភ្នំពេញ កម្ពុជា ស្មើគ្នាជាមួយ ហុងកុង ដោយលទ្ធផល ១-១
លើកទី៩៖ ថ្ងៃទី១៩ វិច្ឆិកា ២០១៩ ក្នុងវគ្គជម្រុះ World Cup នៅហុងកុង ក្រុមហុងកុង ឈ្នះ កម្ពុជា ដោយលទ្ធផល ២-០
លើកទី១០៖ ថ្ងៃទី១១ មិថុនា ឆ្នាំ២០២២ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup
នៅឥណ្ឌា កម្ពុជា ចាញ់ហុងកុង ៣-០
ទាំងក្រុមកម្ពុជា និងហុងកុង មានភារៈកិច្ចសំខាន់ ដូចគ្នាដែរ នៅចុងឆ្នាំនេះ ដោយកម្ពុជា ត្រូវប្រកួត វគ្គជម្រុះបឋម នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ដោយប៉ះក្រុមប៉ាគីស្ថាន ហើយក្រុមហុងកុង ស្ថិតក្នុងវគ្គចែកពូលជុំទី២ ប្រចាំទ្វីបអាស៊ី៕