សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែងនូវបំណងរបស់កម្ពុជា ក្នុងការរៀនសូត្រពីបទពិសោធន៍របស់សិង្ហបុរី ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ, ជាពិសេស ពាក់ព័ន្ធទៅនឹងការអនុវត្តកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋ។ ការបង្ហាញបំណងនេះ បានធ្វើឡើងនាអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ នេះបើតាមខ្លឹមសារបង្ហោះផ្សាយលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចមហាបវរធិបតី។

ក្នុងជំនួបនោះ សម្ដេច និងឯកឧត្តម លី សៀនលុង ប្រធានាធិបតីឥណ្ឌូនេស៊ី មិនបានជជែកអ្វីបន្ថែមលើចំណុចពាក់ព័ន្ធនឹងការបង្ហាញបំណងរបស់កម្ពុជាក្នុងការរៀនសូត្រការអនុវត្តកាតព្វកិច្ចយោធាពីសិង្ហបុរីនោះទេ ប៉ុន្តែប្រមុខរដ្ឋាភិបាលសិង្ហបុរី បានឯកភាពក្នុងពិនិត្យលើលទ្ធភាពនៃការបន្តផ្តល់ការគាំទ្របច្ចេកទេស និង ការបណ្តុះបណ្តាលដល់កម្ពុជា ទាំងក្នុងវិស័យស៊ីវិល និង យោធា, ហើយ ឯកឧត្តម ក៏បានអញ្ជើញ សម្តេចមហាបវរធិបតី មកធ្វើទស្សនកិច្ចនៅសិង្ហបុរី ក្នុងពេលឆាប់ៗខាងមុខ។

សម្តេចមហាបវរធិបតី ក៏បានបង្ហាញនូវសេចក្ដីរីករាយចំពោះទំនាក់ទំនងដ៏យូរអង្វែង និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ, ជាពិសេស វិស័យការពារជាតិ និង វិស័យអប់រំ ដែលសិង្ហបុរីតែងបានផ្តល់នូវជំនួយបច្ចេកទេស ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់កម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម និង ការពារជាតិ។

សូមបញ្ជាក់ថាច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦។ ច្បាប់នេះមាន៥ជំពូក និង១៥មាត្រា។ យ៉ាងណាក៏ដោយ រហូតមកដល់ឆ្នាំ២០២៣នេះ កម្ពុជាមិនទាន់បានអនុវត្តច្បាប់នេះនៅឡើយទេ។ ច្បាប់នេះមានគោលដៅកំណត់បែបបទការអនុវត្តកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដូចមានចែងក្នុងមាត្រា៤៩ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ច្បាប់នេះចែងថា«កាតព្វកិច្ចយោធា ជាករណីចាំបាច់ និងជាកិត្តិយសឧត្តុង្គឧត្តមរបស់ព្រះរាជាណាចក្រកម្ពុជា។ កាព្វកិច្ចយោធាជាមូលដ្ឋានគ្រឹះនៃប្រភពសម្រាប់កសាងកម្លាំងការពារជាតិ ដែលជាតម្រូវការរបស់ប្រទេសជាតិ។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទ ដែលមានអាយុចាប់ពី១៨ដល់៣០ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ការបំពេញកាតព្វកិច្ចុយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្រ្តី ត្រូវធ្វើផ្អែកតាមការស្ម័គ្រចិត្ត»៕

Share.