បាត់ដំបង៖ ទិន្នផលស្រូវក្នុងខេត្តបាត់ដំបង មានហាងឆេងល្អបន្តិចវិញហើយ ក្រោយមន្ត្រីជំនាញ ក្រុមហ៊ុន និងអាជ្ញាធរបានចុះអន្តរាគមន៍ ជួយដោះស្រាយកុំឱ្យក្រុមឈ្មួញចេះតែបន្ថោកតម្លៃតាមតែចិត្ត។

អ្នកស្រីឈ្មោះ សុង ស៊ីយា កសិកររស់នៅក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា រដូវបង្កបង្កើនផលឆ្នាំនេះ លោកស្រីបានដាំដុះដំណាំស្រូវដូចរាល់ឆ្នាំមានចំនួន៦ហិកតា ជាប្រភេទស្រូវស្រាល ហើយរដូវថ្មីឆ្នាំនេះ ស្រូវហុចផលបានច្រើនជាងឆ្នាំចាស់ ដោយក្នុងមួយហិកតាទទួលស្រូវពី៥ ទៅ៦តោន ខណ:ឆ្នាំមុនៗបានត្រឹមតែ៤តោនប៉ុណ្ណោះ។

លោកស្រីបន្តថា បើប្រៀបធៀបរវាងឆ្នាំកន្លងមករយ:ពេលដូចគ្នាតម្លៃស្រូវឆ្នាំនេះមានហាងឆេងខ្ពស់គួរសម ដែលជាក់ស្តែងរយៈពេលបីថ្ងៃនេះ ស្រូវក្នុងមួយតោនលក់បានតម្លៃ ១.១៥០.០០០រៀល គ្រាឆ្នាំ២០២២ ក្នុងមួយតោនលក់បានត្រឹមតែតម្លៃ ១.៥០.០០០រៀល ឬ១៨០.០០០រៀលប៉ុណ្ណោះ។

ចំណែកកសិករឈ្មោះ ជា សានី អាយុ៣៦ឆ្នាំរស់នៅក្នុងឃុំកំពង់ព្រៀងដូចគ្នាបានឱ្យដឹងដែរថា ឆ្នាំនេះអ្នកស្រីដាំដុះស្រូវលើដីស្រែផ្ទាល់ខ្លួនចំនួន២ហិកតា ជាស្រូវពូជស្រងែស្រាល ចំពោះទិន្នផលវិញបានប្រហាក់ប្រហែលគ្នានឹងឆ្នាំចាស់បានជិត៥តោនក្នុងមួយហិកតា ហើយលក់បានថ្លៃគ្រាន់បើជាងឆ្នាំមុន បើទោះបីវាប្រែប្រួលតម្លៃទាបបន្តិចចុងក្រោយនេះក្នុងតម្លៃ ១.៣៣០.០០០រៀលមកនៅត្រឹម ១.១៥០.០០០រៀលក្នុងមួយហិកតា។

អ្នកស្រីជា សានី បានបញ្ជាក់បន្ថែមថា ក្នុងតម្លៃស្រូវបច្ចុប្បន្នដែលលក់បាន ១.១៥០.០០០រៀលនេះលោកស្រីចំណេញប្រាក់ជាង១លានរៀលបើទូទាត់នឹងប្រាក់ថ្លៃដើមចំណាយលើសេវាឈ្នួល ក៏ដូចជាជីផ្សេងៗអស់ប្រមាណជា១.៥០០.០០០រៀលក្នុងមួយហិកតា សង្ឃឹមថានៅថ្ងៃបន្ទាប់ទៀតស្រូវអាចលក់បានថ្លៃជាងបច្ចុប្បន្ននេះ នោះកសិករនឹងលស់ប្រាក់ចំណេញកាន់តែប្រសើរ។

រីឯលោក សំ ឈើន មេឃុំកំពង់ព្រៀងបានលើកឡើងផងដែរថា ពាក់ព័ន្ធតម្លៃស្រូវប្រែប្រួលនេះ ឯកឧត្តម ភួ ពុយ អ្នកតំណាងមណ្ឌលបាត់ដំបង និងជានាយកក្រុមហ៊ុនប៉ៃតងបានអះអាងប្រាប់ពលរដ្ឋជាកសិករ និងអាធ្ញាធរមូលដ្ឋានថា ចំពោះមុខនេះឯកឧត្តមធានាទទួលទិញស្រូវពីកសិករឱ្យបានលឿន នឹងធានាមិនឲ្យតម្លៃស្រូវធ្លាក់ទាបក្រោម ១.១៥០.០០០រៀលឡើយនៅក្នុងមួយតោន៕

អត្ថបទ៖ ដំបងក្រញូង

Share.