ក្រុមជម្រើសជាតិហុងកុង ក្រោមការដឹកនាំរបស់លោក JORN ANDERSEN បានយកឈ្នះក្រុមជម្រើសជាតិប្រ៊ុយណេ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ១០-០ សម្រាប់ជំនួបមិត្តភាពអន្តរជាតិ នៅកីឡដ្ឋាន Venue Hong Kong Stadium កាលរាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ខណ:កាលពីថ្ងៃទី៧ ខែកញ្ញា ក្រុមជម្រើសជាតិហុងកុង បានប្រកួតស្មើ ១-១ ជាមួយគោព្រៃកម្ពុជា នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្រោមក្រសែលភ្នែកអ្នកគាំទ្រសរុប ២១,៦៦៧នាក់។ ការ​ប្រកួត​ដែល​ដឹកនាំ​ដោយ​លោក​អាជ្ញាកណ្ដាល​ជនជាតិ​ហ្វីលីពីន Clifford Postanes Daypuyat ស្រប​ពេល​ដែល​ក្រុម​​ហុងកុង រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ Everton Camargo ខណ:កីឡាករ ស៊ិន សុផាណាត់​ ជា​ម្ចាស់​គ្រាប់​បាល់​របស់​កម្ពុជា។

ទាំងក្រុមកម្ពុជា និងហុងកុង មានភារៈកិច្ចសំខាន់ ដូចគ្នាដែរ នៅចុងឆ្នាំនេះ ដោយកម្ពុជា ត្រូវប្រកួត វគ្គជម្រុះបឋម នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ដោយប៉ះក្រុមប៉ាគីស្ថាន ហើយក្រុមហុងកុង ស្ថិតក្នុងវគ្គចែកពូលជុំទី២ ប្រចាំទ្វីបអាស៊ី៕

Share.