មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់ ខណៈ​អគ្គិភ័យ​បាន​ឆាបឆេះ​អគារ​អាផាតមិន ​ខ្នាត​តូចមួយ ​ក្នុង​ទីក្រុង​ហាណូយ ​កាលពី​យប់​ថ្ងៃ​អង្គារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នាថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

អគ្គីភ័យ​បាន​កើត​ឡើង​នៅ​ម៉ោង​១១​និង​៥០​នាទី​យប់ នៅ​ផ្លូវ​ Khuong Ha ក្នុង​សង្កាត់ Thanh Xuan។

អាផាតមិននេះ ត្រូវបានគេបែងចែកទៅជាផ្ទះល្វែងសម្រាប់ជួល មានទំហំជាង ២០០ម៉ែត្រការ៉េ កម្ពស់១០ជាន់ មានមនុស្សប្រហែល ១៥០នាក់។

គិតត្រឹមព្រឹកថ្ងៃអង្គារនេះ មនុស្ស ៧០នាក់ត្រូវបានជួយសង្គ្រោះ ក្នុងនោះមនុស្ស ៥៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗគ្នាក្នុងទីក្រុងហាណូយ ខណៈមនុស្ស ៤០នាក់ទៀតបានបាត់បង់ជីវិត។

អគ្គីភ័យនេះ​បាន​រលត់​ទាំងស្រុងហើយ ប៉ុន្តែ​កម្លាំង​សង្គ្រោះ​កំពុង​ស្វែងរក​ជនរងគ្រោះ​បន្ថែម​ទៀត។

ទន្ទឹមនោះ មន្ទីរពេទ្យ Bach Mai ដែលទទួលជនរងគ្រោះ ១៩នាក់ ក្នុងនោះមានកុមារ ៨នាក់ ខាងមន្ទីរពេទ្យបាននិយាយថា មនុស្ស ២នាក់ស្លាប់ និងម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មនុស្សភាគច្រើនមានអាការៈថប់ដង្ហើម ដោយសារស្រូបផ្សែងច្រើន។

​​ដោយឡែកមន្ទីរពេទ្យ Dong Da បានឲ្យដឹងថា ខ្លួនបានទទួលអ្នកជំងឺចំនួន ៨នាក់ គិតត្រឹមម៉ោង ៨និង៣០នាទីព្រឹកថ្ងៃពុធ ហើយមនុស្ស ៤នាក់បានស្លាប់ ខណៈ៤នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយផ្សេងទៀត។ លោក​វេជ្ជបណ្ឌិត Nguyen Dinh Phuc ប្រធាន​មន្ទីរពេទ្យ​បាន​និយាយ​ថា អ្នកជំងឺ​មាន​ការ​ភ័យ​ស្លន់ស្លោ ម្នាក់ក្នុងចំណោមពួកគេ បានរងរបួសឆ្អឹងខ្នង បន្ទាប់ពីធ្លាក់ពីលើអគារខ្ពស់ ខណៈស្ត្រីម្នាក់ និងកូនរបស់គាត់ មានការថប់ដង្ហើម។

ទាក់ទិននឹងបញ្ហានេះ មន្ត្រី​​ពន្លត់​អគ្គិភ័យ​ម្នាក់​បាន​និយាយ​ថា គេ​មិន​ទាន់​ដឹង​ថា​ មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ក្នុង​អគារ​អំឡុងពេលភ្លើង​ឆេះ​ នឹងដឹងពីមូលហេតុដែលបណ្ដាលឲ្យមានអគ្គីភ័យនោះទេ៕

ប្រភព៖ VN Express

Share.