ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីមជុង អ៊ុន បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃពុធសប្ដាហ៍នេះ នៅតំបន់ Far East របស់ប្រទេសរុស្ស៊ី សម្រាប់កិច្ចពិភាក្សាដែលទីក្រុងវ៉ាស៊ីនតោន សង្ស័យថា នឹងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការការពារជាតិ ខណៈយោធារបស់លោក គីម បានបាញ់មីស៊ីលបាលីស្ទិក ចំនួន២គ្រាប់ ចេញពីទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

អំឡុងមេដឹកនាំនៃប្រទេសទាំង២ជួបគ្នាក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី លោក ពូទីន បានចាប់ដៃលោក គីម នឹងនិយាយថា «ខ្ញុំរីករាយដែលបានជួបលោក និងបន្ដសន្ទនាគ្នាប្រហែល ៤០វិនាទី» នៅឯមូលដ្ឋានបាញ់បង្ហោះយានអវកាស Vostochny Cosmodrome ក្នុងតំបន់ Amur។

លោក គីម បានឆ្លើយតបតាមរយៈអ្នកបកប្រែផ្ទាល់ខ្លួន និងបានថ្លែងអំណរគុណដល់លោកពូទីន សម្រាប់ការអញ្ជើញ និងសម្រាប់ភាពកក់ក្តៅនៃការទទួលស្វាគមន៍។

កិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសទាំង២ កំពុងត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ដែលសង្ស័យថា ពួកគេអាចយល់ព្រមលើពាណិជ្ជកម្មអាវុធ និងបច្ចេកវិទ្យាការពារជាតិ។

ទន្ទឹមនោះ មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភថា លោក គីម នឹងពិភាក្សាអំពីការផ្តល់សព្វាវុធ និងគ្រាប់រំសេវដល់រុស្ស៊ី ដែលរុស្ស៊ីបានចំណាយអាវុធចេញស្តុកទុកយ៉ាងច្រើននៅក្នុងសង្គ្រាមជាង ១៨ខែ នៅអ៊ុយក្រែន។ ប៉ុន្តែខាងទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ។

ការជ្រើសរើសទីតាំងដើម្បីជួបគ្នារបស់មេដឹកនាំទាំង២ នៅមូលដ្ឋានបាញ់បង្ហោះយានអវកាស Vostochny Cosmodrome ក្នុងឋានៈជាមហាអំណាចអវកាស គឺគួរអោយកត់សម្គាល់ ព្រោះកូរ៉េខាងជើងបានបរាជ័យ ២ដងក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ក្នុងរយៈពេល ៤ខែកន្លងមកនេះ។

យោធាកូរ៉េខាងត្បូង និងរដ្ឋាភិបាលជប៉ុនបាននិយាយថា ប៉ុន្មានម៉ោងមុនកិច្ចប្រជុំកំពូលដែលរំពឹងទុក កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួន ២គ្រាប់ ពីតំបន់មួយនៅជិតរដ្ឋធានីព្យុងយ៉ាង ចូលទៅក្នុងសមុទ្រនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។

ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគបាននិយាយថា វាគឺជាការបាញ់បង្ហោះលើកដំបូងដោយកូរ៉េខាងជើង ខណៈពេលដែលលោក គីម នៅក្រៅប្រទេស អ្នកវិភាគបានលើកឡើងថា ការធ្វើដំណើរទៅក្រៅប្រទេសរបស់លោក គីម មានត្រឹមតែ ៧ដងប៉ុណ្ណោះ ក្នុងរយៈពេល ១២ឆ្នាំ នៃកាន់អំណាចរបស់លោក។

សូមជម្រាបថា លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងពាសដែកទៅដល់រុស្ស៉ីកាលពីថ្ងៃអង្គារ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ខណៈមានការព្រមាន ពីទីក្រុងវ៉ាស៊ីនតោន កុំឱ្យកូរ៉េខាងជើងលក់អាវុធឱ្យរុស្ស៉ី យកទៅប្រើក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ មុននឹងជួបរវាងលោក គីម និងលោក ពូទីន ទាំងរុស្ស៉ី និងកូរ៉េខាងជើងសុទ្ធតែបានលើកឡើងដូចៗគា្ន ពីសារៈសំខាន់នៃទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំង២៕

ប្រភព៖ CNA

Share.