ភ្នំពេញ៖ ស្ពានបេតុងខ្សែរកាបឆ្លងពីកោះនរា ទៅកោះពេជ្រ គ្រោងដាក់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

លោក ឃួង ស្រេង បានលើកឡើងថាការដាក់ឲ្យជាប្រើប្រាស់ជា បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្នើសុំទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីដាក់ឲ្យធ្វើរាចរណ៍លើស្ពាននេះ ជាបណ្តោះអាសន្ន អបអរសាទរបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ។

តាមតំណាងក្រុមហ៊ុន OCICដែលទទួលការសាងសង់ ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ក៏បានបញ្ជាក់ថា ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរានេះ សាងសង់សម្រេចប្រមាណ៩៣% ដោយគ្រោងបញ្ចប់ នៅមុនព្រះរាជពិធីបុណ្យអ៊ុំទូកខាងមុខនេះ។

ការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនេះ ខណៈដែលលោក និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC អញ្ជើញក្នុងពិធីតភ្ជាប់តួស្ពាននេះ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចស្ពានបេតុងខ្សែកាបត្រើយខាងលិច (កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។


គួរបញ្ជាក់ថា ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ ,៥០ម៉ែត្រ ហើយមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។ ស្ពានកោះនរា ឆ្ពោះទៅកោះពេជ្រនេះ ​បាន​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​កាលពីថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២០ តាមការប៉ាន់ស្មានត្រូវប្រើពេល ៣៥ខែ ដើម្បីស្ថាបនា និងចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក សាងសង់​ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទ៖ សង្គម

https://troryorng.com/
Share.