សិល្បៈជាតិ៖ ប្រាសាទកោះកេរ្តិ៍ តែខ្លះហៅថាកោះកែរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ (ព្រះឥសូរ) ដែលជាអាទិទេពធំឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរិ៍្ដ មានទំហំផ្ទៃដី១៦X១៦គីឡូម៉ែត្រ។ ប្រាសាទនេះមានរូបរាងជាពីរ៉ាមីត មានចំនួន ៧ជាន់ និង មានកំពស់ ៣៥ម៉ែត្រ លក្ខណៈពិសេសរបស់ប្រាសាទកោះកេរ គឺមានប្រាសាទពីរ៉ាមីត ដែលជាប្រាសាទល្អឯកមួយក្នុងប្រទេសកម្ពុជា។ បន្ថែមពីនោះ ចម្លាក់នៅក្នុងប្រាសាទកោះកេរគឺជាចម្លាក់ទោល មិនជាប់នឹងជញ្ជាំងប្រាសាទដូចនៅប្រាសាទអង្គរវត្តឡើយ ហើយចម្លាក់មានលក្ខណៈធំៗជាងនៅប្រាសាទអង្គរ។
នៅតំបន់កោះកេរ្តិ៍ក្នុងមានផ្ទៃដីចំនួន៩គីឡូម៉ែត្រ៤ជ្រុង សព្វថ្ងៃនូវប្រាសាទប្រមាណ១០០ប្រាសាទ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ កោះកេរ្តិ៍ ឬឆោកគគ៌្យរ គឺជាអតីតរាជធានីចាស់បុរាណរបស់ខ្មែរ មានអាយុប្រមាណជាង១០០០ឆ្នាំមកហើយ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។ នៅជុំវិញក្រុមប្រាសាទកោះកេរ្តិ៍ មានប្រាសាទធំ ហៅថាប្រាសាទកោះកេរ្ដិ៍ ដែលស្ថិតក្នុងកំពែងរាងបួនជ្រុងទ្រវែង ដែលមានប្រាសាទ អគារតូច ធំជាច្រើន ព្រមទាំងប្រាសាទឧបសម្ព័ន្ធដទៃៗឯទៀតជាច្រើនផងដែរ។
ស្ថាបត្យកម្មនៃតួប្រាសាទកោះកេរ្ដិ៍ គឺជាសំណង់ប្រាសាទទោលធំ ហើយខ្ពស់ត្រដែត ដែលមានកំពូលតួប៉មតែមួយ។ ប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កំពស់ប្រមាណ៣៥ម ចែកចេញជា៧ថ្នាក់ បីដូចជាមហាចេតិយ៍បែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ៥៥កាំ។ តាមថ្នាក់ពីមួយទៅមួយ មានកំពស់៥ម មានផ្ទៃរាបប្រមាណ ២ម តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ មានរូបចំលាក់គ្រុឌ ធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤x៤ម។ សព្វថ្ងៃនេះតំបន់អភិរក្ស ប្រាសាទកោះកេរ្តិ៍បានគ្របដណ្តប់លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនិងជាង ៨០០០ហិកតា។
ដើម្បីការអភិរក្ស និងថែរក្សាឲ្យបានកាន់តែដិតដល់និងមានប្រសិទ្ធិភាព តំបន់កោះកេរ្តិ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំឯកសារដើម្បីស្នើសុំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ប៉ុន្តែដោយសារបញ្ហាជំងឺ Covid-19 បណ្ដាលឱ្យពន្យារពេលរហូតដល់ថ្ងៃទី17 ខែកញ្ញា ឆ្នាំ 2023 ទើបបានសម្រេចចុះក្នុងបញ្ជីជាសម្បត្តិបេតិភណ្ឌនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាទីក្រុងរីយ៉ាត ប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ចំពោះប្រវត្តិនៃការកសាងប្រាសាទគឺមានដំណើរដើមទងដូចតទៅ៖ នៅក្នុងឆ្នាំ៩២១ អនាគតព្រះបាទជ័យវរ្ម័នទី៤ (ដែលអ្នកស្រាវជ្រាវភាគច្រើនបានចោទព្រះអង្គថាជាក្សត្រជ្រែករាជ្យ) បានយាងចេញពីរាជធានីយសោធរបុរៈ (អង្គរ) ទៅកសាងរាជធានីផ្ទាល់ខ្លួននៅតំបន់ឆោក គគ៌្យរ (កោះកែរសព្វថ្ងៃ)។
ព្រះអង្គបាននាំយកទៅជាមួយនូវកម្រតេង ជគត ត រាជ ដែលជាវត្ថុសំខាន់សម្រាប់រាជ្យ។ ចំពោះមូលហេតុច្បាស់លាស់នៃការយាងចេញនេះ មិនទាន់មានអ្នកណាអាចបកស្រាយបានឡើយ។ តែមានរឿងមួយដែលយើងមានការឯកភាពគ្នាបាន គឺប្រហែលជាព្រះអង្គ (ជ័យវរ្ម័នទី៤) មានបញ្ហាទំនាស់រាជបល្ល័ង្គ ប៉ុន្តែបើយោងតាមសៀវភៅស្រាវជ្រាវប្រវត្តិសាស្ត្រ «រាជធានីកោះកេរ និងរាជ្យព្រះបាទជ័យវរ្ម័នទី៤, ប្រវត្តិសាស្ត្រ សិល្បៈ និងបុរាណវិទ្យា» ដែលជាស្នាដៃដំបូងគេរបស់លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានក្រុមស្ថាបនិកមូលនិធិកេរដំណែលខ្មែរ នៅក្នុងសៀវភៅដែលមានកម្រាស់ ៥៩៦ ទំព័រ និងសរសេរជាភាសាបារាំង អ្នកនិពន្ធបានបង្ហាញអំពីប្រវត្តិសាស្ត្រ ទិដ្ឋភាពសង្គម សាសនា ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត ផ្លូវគមនាគមន៍ អក្សរសាស្ត្រ សិល្បៈ ស្ថាបត្យកម្ម សិលាចារឹក បដិមាសាស្ត្រ និងរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជានៅក្នុងស.វទី១០នៃគ.ស ជាពិសេសគឺក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ និងរាជធានីរបស់ព្រះអង្គឈ្មោះ ឆោកគគីរ(ព្រៃគគីរ)ឬលឹង្គបុរៈ (កោះកេរ)។
ជាងនេះទៅទៀត អ្នកនិពន្ធក៏បានបង្ហាញផងដែរនូវសមត្ថកម្មមួយចំនួនដែលពាក់ព័ន្ធនឹងមូលហេតុនៃការផ្លាស់រាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ ពីតំបន់អង្គរទៅតំបន់កោះកេរ នៅក្នុងឆ្នាំ៩២១ នៅក្នុងការកសាងពង្រីកទីក្រុងទៅតាមដំណាក់កាលនីមួយៗ ដោយការសិក្សានេះ គឺផ្នែកលើការវិភាគទិន្នន័យនៃការស្រាវជ្រាវចុងក្រោយបំផុត ដែលធ្វើឡើងដោយអ្នកនិពន្ធ ព្រមទាំងស្ថាប័នដ៏ទៃទៀតដូចជា៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា សាលាបារាំងចុងបូព៌ា ក្រុមស្រាវជ្រាវរបស់ជប៉ុន និងហុងគ្រីជាដើម។ល។
សៀវភៅនេះ គឺជាសមិទ្ធិផលដ៏ថ្មីស្រឡាងមួយទៀតនៃការស្រាវជ្រាវរបស់កូនខ្មែរជំនាន់ក្រោយមួយរូប ស្តីអំពីប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤ និងរាជធានីកោះកេរ ដែលអ្នកស្រាវជ្រាវជំនាន់មុនបានប្រសិទ្ធនាមព្រះអង្គ(ជ័យវរ្ម័នទី៤) ថាជា «ស្តេចជ្រែករាជ្យ» ហើយគេហាក់ដូចជាបានបំភ្លេចចោលទាំងអស់ នូវស្នាព្រះហស្ថរបស់ព្រះអង្គដែលបានកសាងនៅក្នុងរាជធានីកោះកេរ ក្នុងរយៈពេលជាង២០ឆ្នាំ (៩២១-៩៤១)។ យោងតាមការសិក្សាស្រាវជ្រាវ អ្នកនិពន្ធបានអះអាងថា ព្រះបាទជ័យវរ្ម័នទី៤ គឺមិនមែនជាស្តេចជ្រែករាជ្យ ដូចអ្វីដែលគេបានពោលពីជំនាន់មុនឡើយ។ នៅពេលដែលទៅដល់ទីកន្លែងថ្មី (កោះកែរ) ព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្តើមរៀបចំទីក្រុង នឹងបានកសាងប្រាសាទធំ (ឧទ្ទិសដល់បុព្វការីជន) និងប្រាសាទប្រាង្គ (៧ថ្នាក់) សម្រាប់រាជ្យ និងឧទ្ទិសដល់អាទិទេព ត្រីភូវនេស្វរៈ (ព្រះឥសូរ) កសាងរហាល់ (បារាយណ៍) និងហេត្ថរចនាសម្ព័ន្ធជាច្រើនសម្រាប់ជាប្រយោជន៍សាធារណៈ។ បើតាមសិលាចារឹកប្រាសាទនាងខ្មៅ (ស្រុកសំរោង ខេត្តតាកែវ) និងសិលាចារិកស្តុកកក់ធំ ព្រះបាទជ័យវរ្ម័នទី៤ បានប្រកាសខ្លួនជាសេ្តចគ្រប់គ្រងប្រទេសនៅក្នុងឆ្នាំ៩២៨។
យើងរកឃើញសំណង់ប្រាសាទនៅកោះកែរមានចំនួនជាង ៧០ប្រាសាទ (រាប់ទាំងទីទួលបុរាណ)។ យោងតាមការសិក្សាស្ថាបត្យកម្ម ប្រាសាទដែលចាស់ជាងគេភាគច្រើនគឺប្រាសាទឥដ្ឋ (កសាងក្នុងចន្លោះឆ្នាំ៩២១-៩២៨) បន្ទាប់គឺប្រាសាទថ្មភក់(ប្រហែលចាប់ផ្តើមកសាងនៅឆ្នាំ៩២៨) និងប្រាសាទថ្មបាយក្រៀម (កសាងរវាងចន្លោះឆ្នាំ៩៣០ រហូតដល់ការបញ្ចប់នៃរាជ្យនៅឆ្នាំ ៩៤១)។ នៅក្នុងឆ្នាំ៩៤៤ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានរើរាជធានីមកតាំងនៅតំបន់អង្គរវិញ ដោយបានកសាងប្រាសាទប្រែរូប (សម្រាប់រាជ្យ) និងប្រាសាទមេបុណ្យខាងកើត (សម្រាប់បុព្វការីជន)។ បើទោះបីជាកោះកែរស្ថិតនៅជារាជធានីរបស់ខ្មែរក្នុងរយៈពេលតែជាង២០ឆ្នាំក៏ដោយ ការកសាង និងការអភិវឌ្ឍន៍នៅទីនេះហាក់បីដូចជាមានការគ្រោងទុកជាមុន និងមានប្លង់ច្បាស់លាស់ ទាំងការសាងសង់ពង្រីកទីក្រុង ការជ្រើសរើសទីតាំងសាងសង់បូជនីយដ្ឋាន និងទីកន្លែងជាច្រើនទៀត សម្រាប់ឧទ្ទិសដល់ព្រះឥសូរ វិស្ណុ ព្រហ្ម គណេស និងទេពដទៃទៀតក្នុងជំនឿព្រហ្មញ្ញសាសនា ជាពិសេសគឺការកសាងប្រាសាទលឹង្គដែលមានទំហំធំៗ។
សូមជម្រាបជូនថា ក្រុមប្រាសាទកោះកេរ មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ។ យើងអាចធ្វើដំណើចេញពីទីរួមខេត្តសៀមរាប កាត់តាមផ្លូវលេខ៦៤ (២១១) ចំងាយ៧២គ.ម និងបន្តទៅតាមផ្លូវខេត្តចំងាយ ៤៩គ.ម ពីទីរួមខេត្តព្រះវិហារ៕
ទស្សនាវីដេអូពេញខាងក្រោមនេះ៖
