មុខសញ្ញាចាស់ចំនួន ២នាក់ទើបចេញពីពន្ធនាគារ ក្រោយរួមភេទជាមួយប្រុសដូចគ្នារួចហើយ បានធ្វើសកម្មភាពភ្ជង់យកម៉ូតូ និងទ្រព្យសម្បត្តិផ្សេងទៀតរហូត ២លើកជាប់ៗគ្នា ចុងក្រោយត្រូវសមត្ថកិច្ចក្របួចជាប់ បញ្ជូនទៅតុលាកាសារជាថ្មីទៀត។

លោក​វរសេនីយ៍ឯក​ ឈឿង គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានប្រាប់ឲ្យដឹងថា ក្រោមផែនការពង្រឹងបញ្ហាសន្តិសុខសណ្តាប់សាធារណៈ ដែលណែនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកបានចុះដឹកនាំកម្លាំងអន្តរាគមន៍បង្ការ​បង្ក្រាប​ស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ០២ នាក់ ក្រោយធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោសប្រេីប្រាស់​កាំបិត​ភ្ជង់​យក​ម៉ូតូ​ ទូរស័ព្ទដៃ និងលុយប្រជាពលរដ្ឋ ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ ២ករណីជាប់ៗគ្នា នៅត្រង់ចំណុចភូមិអូរដំបង ឃុំ​អូរដំបង​២​ ក្នុងស្រុកសង្កែ និងមួយចំណុច​ទៀតក្នុងភូមិ​ចំការឫស្សី​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។

ជនសង្ស័យមានឈ្មោះ ឡាច​ ងួន​យី​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ក្នុងភូមិ​១៣​មករា​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ និងម្នាក់ទៀតឈ្មោះសារ៉ម​ លី​ ហៅ​ ជីន​ ភេទប្រុស​ អាយុ​ ៤២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ដាំស្ពៃ​ សង្កាត់​ស្លាកែត​ ក្រុងបាត់ដំបងជាបក្សពួកតែមួយ និងជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគាហើយមិនរាងចាលបន្តធ្វើសកម្មភាពផ្ទុយនឹងច្បាប់ដដែល។

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ បានបញ្ជាក់បន្ថែមថា ជនសង្ស័យទី ១ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ បានត្រូវរូវគ្នាមួយជនរងគ្រោះជាភេទប្រុសដូចគ្នា មានឈ្មោះ ឃុយ ចាន់ដារាវត្តី អាយុ ២៥ឆ្នាំ បានទៅជួលបន្ទប់មួយកន្លែងរួមភេទ រួចហើយបានប្រាប់ដៃគូឲ្យនាំខ្លួនទៅយកបក្សពួកម្នាក់ លុះដល់ចំណុចកើតហេតុស្ងាត់មានឱកាសក៏ទាញកាំបិតភ្ជង់ជនរងគ្រោះយកម៉ូតូឃ្លីក ជាមួយនឹងទូរស័ព្ទដៃ ១គ្រឿងរួចគេចខ្លួនបាត់ ក្រោយទទួលបានពាក្យបណ្តឹងទើបកម្លាំងជំនាញចុះឃាត់ខ្លួនបាន។ រីឯមួយករណីទៀតនៅថ្ងៃបន្ទាប់ទី ២១ ខែកក្កដា ជនសង្ស័យនិងបក្សពួកម្នាក់ទៀតបានធ្វើសកម្មភាពយកកាំបិតភ្ជង់ពីជនរងគ្រោះម្នាក់យកបានទូរស័ព្ទ ១គ្រឿង និងលុយ ៥០ដុល្លារ ចុងក្រោយក៏ត្រូវនគរបាលកម្លាំងអន្តរាគមន៍បង្ការ​បង្ក្រាបស្នងការខេត្តស្រាវជ្រាវឃាត់ខ្លួនបានទាំង ២នាក់តែម្តង។

វត្ថុតាងដែលកម្លាំងនគរបាលដកហូតបានទាំង ២លើករួមមាន៖ ម៉ូតូ​ហុងដា​ឃ្លីក​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៧​ មួយមួយគ្រឿង, ទូរស័ព្ទដៃម៉ាក HUAWEI ០១​ គ្រឿង​ ជាជារបស់ជនរងគ្រោះត្រូវប្រគល់ជូនម្ចាស់ដើមវិញ, ដំបង​ដែក​ពណ៌​ខ្មៅ​ ០១​ ដេីម​, កាំបិតកែច្នៃដងដែក ០១​ ដេីម​, ប្រាក់ដុល្លាក្លែងក្លាយមួយចំនួន និងឧបករណ៍ប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត។

កាលពីចុងសប្តាហ៍កន្លងមកនេះជនសង្ស័យ រួមទាំងវត្ថុតាងមួយចំនួនត្រូវកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ: ដំបងក្រញូង

Share.