ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះដោយបុរស២នាក់ជាជាងដែក បើកល្បឿនលឿនវ៉ាជែងរថយន្តចូលបំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុករុឺម៉កម៉ូតូរបស់ជាងកញ្ចក់បើកច្រាសទិស បណ្តាលឲ្យរុឺម៉ក ក្រឡាប់ផ្ងាជើង ម៉ូតូបាក់កខ្ទេច របួសធ្ងន់២នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែក២នាក់ទៀតរងរបួសស្រាល  នៅតាមផ្លូវ៣០ម៉ែត្រ ចំណុចភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។

តាមពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-7833 ជិះគ្នា២នាក់ ជាជាងដែក បើកល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តធុនធំមួយគ្រឿង ចូលទៅបំណែកផ្លូវម្ខាងទៀត គេចមិនទាន់ជ្រុលទៅបុករុឺម៉កម៉ូតូ របស់ជាងកញ្ចក់ កំពុងបើកពីកើតទៅលិច បណ្តាលឲ្យរុឺម៉កក្រឡាប់ផ្ងារជើង អ្នកជិះ២នាក់រងរបួសស្រាល ម៉ូតូបាក់ក ខ្ទេចមួយកំណាត់មុខ ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់២នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ រីឯមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយនៅពេលក្រោយ ៕

Share.