ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូសង់កូរ៉េសភាពចាស់មួយគ្រឿង គ្មានភ្លើងក្រោយ រអិលដួលដោយខ្លួនឯង រងរបួសបាក់ដៃ រថយន្តធុនធំឃ្លប់បើកស្របទិសមកដល់ហ្វ្រាំងមិនទាន់ជ្រុលកិនជាប់កន្ទុយម៉ូតូ ជនរងគ្រោះសំណាងល្អនៅពីក្រោមរថយន្ត ចំប្រឡោះកង់ ។ ហេតុការណ៍ខាងលើកើតឡើង នៅតាមផ្លូវ៣០ម៉ែត្រ មុខផ្សារសុភមង្គល ចំណុចភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។

តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ ម៉ាកសង់កូរ៉ ពណ៌ក្រហម គ្មានស្លាកលេខ សភាពចាស់ គ្មានភ្លើងក្រោយ ជិះពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្របពេលដែលភ្លៀងរលឹមផងនោះ បានរអិលដួលខ្លួនឯង បណ្តាលឲ្យរងរបួសបាក់ដៃ ខណៈដែលជនរងគ្រោះដួលនោះ នៅពីមុខរថយន្តធុនធំ ម៉ាកFUSO ឃ្លប់ ដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0251 បើកពីកើតទៅលិចស្របគ្នា ធ្វើឲ្យរថយន្តហ្វ្រាំងមិនទាន់ ក៏ជ្រុលកិនជាប់កន្ទុយម៉ូតូ ជនរងគ្រោះចូលប្រឡោះកង់ ក្រោមរថយន្ត តែមិនរងរបួសដោយសាររថយន្តនោះទេ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូនិងរថយន្ត សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយនៅពេលក្រោយ ៕

Share.