ភ្នំពេញ ៖ ឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុន សូ ងួន មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់ឥវ៉ាន់ ទំនិញទាំងស្រុង សមត្ថកិច្ចរកមូលហេតុមិនទាន់ឃើញ នៅឡើយ។ ហេតុការណ៍នេះសមត្ថកិច្ច ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣៣គ្រឿងចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រហូតដល់វេលាម៉ោង២អធ្រាត្រចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ទើបភ្លើងរលត់ ឯទំនិញមួយឃ្លាំងភ្លើងឆេះម៉ដ្ឋ ។ ទីតាំងគ្រោះអគ្គិភ័យខាងលើស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្រុមទី១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុងទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ លោកឧកញ៉ា សូ​ ងួន​ ភេទ​ប្រុស អាយុ៥៦​ឆ្នាំ ។

តាមអាជ្ញាធរ សមត្ថកិច្ច បានឲ្យដឹងថា ឃ្លាំងស្តុកទំនិញ របស់លោកឧកញ៉ាសូ ងួន នៅចំណុចខាងលើ សរុបចំនួន៦ឃ្លាំង សង់ពីថ្ម ប្រក់ស័ង្កសី ឃ្លាំងនិមួយៗទំហំ៣០ម៉ែត្រx៨០ម៉ែត្រ ទទួលរងអគគិភ័យឆាបឆេះឃ្លាំងស្តុកចំនួន១ ខូចខាតអស់ទាំងស្រុង ទាំងទំនិញក្នុងនោះផង ចំពោះមូលហេតុ សមត្ថកិច្ចប្រាប់ហើយថាមិនទាន់ដឹងទេ រងចាំស្រាវជ្រាវមិនមែនងាយស្រួលវាយតម្លៃ សន្និដ្ឋានដូចភ្លើងឆេះផ្ទះពលរដ្ឋនោះទេ ។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យឆេះឃ្លាំងស្តុកទំនិញ របស់ក្រុមហ៊ុនសូ ងួន ខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣៣គ្រឿង ទឹកប្តើអស់១៥៨សុីទែន អស់រយៈពេល៤ម៉ោងទើបគ្រប់គ្រងបាន តែសម្ភារៈក្នុងឃ្លាំងភ្លើងឆេះម៉ដ្ឋ ៕

Share.