ភ្នំពេញ ៖ ម៉ូតូ២គ្រឿងអ្នកបើកសុទ្ធតែប្រកាន់ចិត្តដណ្តើមយកផ្លូវកណ្តាលរៀងខ្លួន ចង់សាកកម្លាំងគ្នា ជាលទ្ធផល បុកគរលើគ្នាខ្ទេចរួញទាំង២គ្រឿង អ្នកបើកសងខាងបាក់ដៃដូចគ្នា ម្នាក់បាក់ខាងឆ្វេង ម្នាក់បាក់ខាងស្តាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយគ្នាភ្លាមៗ នៅតាមផ្លូវបេតុង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូនិច ពណ៌លឿងទុំ លាយស ពាក់ស្លាកលេខ ព្រៃវែង 1T-6046 ជិះម្នាក់ឯងល្បឿនលឿន កណ្តាលផ្លូវ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្របពេលដែលភាគីម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-0892 ជិះម្នាក់ឯង ល្បឿនលឿន កណ្តាលផ្លូវដូចគ្នា ពីត្បូងទៅជើង ម៉ូតូទាំង២គ្រឿង អ្នកបើកប្រកាន់យកកណ្តាលផ្លូវដែរនោះ មិនគេចជៀសគ្នា បណ្តាលឲ្យបុកទល់មុខគ្នាពេញទំហឹង ខ្ទេចរួញទាំង២គ្រឿង ខាងម៉ូតូនិចបាក់ដៃឆ្វេង ខាងម៉ូតូហុងដាឌ្រីម បាក់ដៃស្តាំ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានឡានពេទ្យដឹកយកទៅ ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួចប្រមូលយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ តាតុង ពោធិ៍សែនជ័យ

Share.