សិល្បៈ​អន្តរជាតិ​៖ ករណី​ដែល​កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​និង​តាមដាន​ច្រើន​សម្រាប់​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា​​នាខណៈ​នេះ​គឺ​រឿង​ដែល​ Miss Grand International រង​លំដាប់​ទីពីរ​ ឆ្នាំ​២០២២ កញ្ញា Engfa បាន​ជាន់​ជាយ​ស្បៃ​របស់ម្ចាស់មកុដ​​ Miss Grand Cambodia ឆ្នាំ​២០២៣ កញ្ញា​ ភឹម ស្រីនោ នៅ​ក្នុង​ដើរ​ Show មួយ​នាប្រទេស​ថៃ​ ដោយ​ករណី​នេះ​បណ្ដាល​ឱ្យ​មាន​ផ្ទុះ​ចេញ​នូវ​ការ​រិះគន់​ជា​ច្រើន​​​ពី​សំណាក់​អ្នក​ទស្សនា​ ដោយ​ភាគ​ច្រើន​​គេ​បាន​វាយ​តម្លៃ​ថា​កញ្ញា​ Engfa យក​ជើង​កៀស​​បែប​នេះ​ ដូច​ជា​មិន​ផ្ដល់​តម្លៃ​ឬ​កិត្តិយស​ដល់​កញ្ញា ភឹម ស្រីនោ ដែល​ជា​បវរកញ្ញា​ភ្ញៀវ​មក​ពី​ប្រទេស​ជិតខាងសោះ​។ ចំពោះ​ករណី​ដដែល​នេះ​ នៅ​ខណៈ​ដែល​ខ្លួន​មាន​ឱកាស​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ភាពយន្ត​ «The Creator» បញ្ចាំង​នៅ​ក្នុង​ប្រទេស​ថៃ​ កញ្ញា​ Engfa បាន​ឆ្លើយតប​ចំពោះ​រាល់​ករណី​ដ៏រសើប​នេះ​ ដោយ​ត្រយង​សូម​សង្ខេបខ្លីដូច​តទៅ​៖

ជា​បឋម​សូម​ទោស​ចំពោះ​ Miss Grand Cambodia និង​ ហ្វេន​ៗ​កម្ពុជា​ ព្រោះ​រូប​ភាព​ដែល​ផ្សាយ​ចេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិត​ជា​មិន​សមរម្យ​ពិត​មែន​ តែខ្ញុំ​​មិន​មាន​ចេតនា​ធ្វើ​បែប​នោះ​ទេ​ និយាយ​រួម​គឺ​មិន​ចង់​មាន​បញ្ហា​ស្រាប់​ហើយ​ ព្រោះខ្ញុំ​​មាន​ការងារ​ត្រូវ​ធ្វើ និង​មាន​អ្នក​គាំទ្រ​នៅ​ទីនោះ​ទៀត​ តាម​ពិត​​មុន​នេះ​មាន​ផ្ទុះ​រឿង​មិន​សំពះ​តប​ រហូត​មក​ផ្ទុះ​រឿង​ខ្លាំង​គឺ​នៅ​ពេល​មាន​រូប​ភាព​យក​ជើង​កៀស​ស្បៃ​ ទើប​​មាន​អ្នក​គិត​ថា​ខ្ញុំ​មាន​បញ្ហា​ជា​ប្អូន​ស្រី​នោ​ទេដឹង? គឺ​ពួកយើង​អត់​មាន​បញ្ហា​អ្វី​ជាមួយ​គ្នា​ទេ​ ថ្ងៃ​កម្មវិធី​ខ្ញុំ​ពាក់​សក់​ក្លែងក្លាយ​ ហើយ​ពាក់​មកុដ​តែ​អត់​បាន​យក​ដង្កៀប​មក​គៀប គឺ​គ្រាន់​តែ​ពាក់​ដាក់​បន្តុប​ពីលើ​ ពេល​ដើរ​ដល់​ឈុត​ចុងក្រោយ​ មាន​មនុស្ស​ដើរ​បន្ត​កន្ទុយ​គ្នា​ ហើយ​ខ្ញុំ​ក៏​អត់​បាន​ដឹង​ថា​គាត់​រលាស់ស្បៃ​ ពេល​នោះ​ខ្ញុំ​បាន​គិត​មួយ​វិនាទី ពីរ​វិនាទី​ដែរ ​តើ​ធ្វើ​យ៉ាង​ម៉េចបន្ត​ទៀត ព្រោះ​បើ​ឱន​ចុះ​គឺ​មិនកើត​ទេ ព្រោះ​ឈុត​ចំហទ្រូង​ ចំណែក​មកុដ​អាច​នឹង​របូត​ជ្រុះ​ពីលើ​ក្បាល បើ​​មាន​រូប​ភាព​មកុដ​ជ្រុះ​ពី​លើ​ក្បាល​ ប្រាកដ​ជា​មើល​ទៅ​មិន​ល្អ​ យើង​អត់​មាន​វិជ្ជាជីវៈ បើ​សិន​ជា​អ្នក​តាម​ដាន​កម្មវិធី​ ​ច្បាស់​ជា​ឃើញ​ខ្ញុំ​យក​ជើង​កៀស​ឈុត​ខ្លួន​ឯង​ស្រាប់​ហើយ​ តែ​ដល់​ពេល​យក​ជើង​កៀស​ឈុត​គេ​មើល​ទៅ​មិន​សមរម្យ​ ខ្ញុំ​ទទួល​រាល់​ពាក្យ​តិះទៀន​ទាំង​អស់​ ហើយ​ខ្ញុំ​ក៏​បាន​ផ្ញើ​សារ​ទៅ​សុំ​ទោស​ប្អូន​ណាណូ​ (ភឹម ស្រីនោ) ហើយ​ប្រាប់​គាត់​ថា​បង​អត់​សប្បាយ​ចិត្ត​ សុំ​ទោស​ពិត​មែន​ បង​មិន​មាន​ចេតនា​ទេ​ ហើយ​ប្អូន​ស្រី​ក៏​បាន​ឆ្លើយ​តប​វិញ​ថា​ គាត់​ក៏​សុំ​ទោស​ដូច​គ្នា​ គាត់​ក៏​មិន​មាន​ចេតនា​រលាស់​ស្បៃ​មក​ត្រូវ​ខ្ញុំ​ដែរ​។

សម្រាប់​កញ្ញា​ អ៊ីងហ្វា ដែល​ជា​ម្ចាស់​មកុដ​ Miss Grand Thailand ឆ្នាំ​២០២២ ត្រៀម​នឹង​មាន​ការ​ប្រគំ​តន្ត្រី​នៅ​ប្រទេស​កម្ពុជា​យើង​នាង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​​ បន្ទាប់​ពី​កញ្ញា​​ចេញ​ទៅ​ប្រគំ​តន្ត្រី​នៅ​ហ្វីលីពីន និង​វៀតណាមរួច៕

សូម​ទស្សនា​វីដេអូ​ព័ត៌មាន​ទាំង​ស្រុង​ខាង​ក្រោម​នេះ​៖

Share.