បើតាមនិយតកររុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារ សប្ដាហ៍នេះថា ប្រទេសរុស្សីកំពុងពិចារណាចូលរួមជាមួយប្រទេសចិន ក្នុងការហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុន បន្ទាប់ពីជប៉ុនបានបញ្ចេញទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ យ៉ាងណារុស្ស៊ីក៏កំពុងស្វែងរកការពិភាក្សាជាមួយប្រទេសជប៉ុនលើបញ្ហានេះដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

ស្ថាប័នឃ្លាំមើលសុវត្ថិភាពចំណីអាហាររុស្ស៊ី Rosselkhoznadzor កាលពីថ្ងៃអង្គារ បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថា «ខ្លួនបានពិភាក្សាអំពីការនាំចេញអាហាររបស់ជប៉ុន ជាមួយសមភាគីចិន។ ដោយគិតពីហានិភ័យដែលអាចកើតមាន នៃការចម្លងរោគដោយវិទ្យុសកម្មនៃផលិតផល ស្ថាប័នឃ្លាំមើលសុវត្ថិភាពចំណីអាហាររុស្ស៊ី កំពុងពិចារណាពីលទ្ធភាពនៃការចូលរួមជាមួយនឹងការរឹតបន្តឹងរបស់ចិន លើការផ្គត់ផ្គង់ផលិតផលត្រីពីប្រទេសជប៉ុន។ ការសម្រេចចិត្តចុងក្រោយ នឹងត្រូវបានធ្វើឡើងបន្ទាប់ពីការចរចាជាមួយភាគីជប៉ុន។ ស្ថាប័នរបស់ខ្លួនបានផ្ញើលិខិតមួយច្បាប់ទៅប្រទេសជប៉ុន អំពីតម្រូវការដើម្បីធ្វើកិច្ចពិភាក្សា និងស្នើសុំព័ត៌មានស្តីពីការធ្វើតេស្តវិទ្យុសកម្មរបស់ប្រទេសជប៉ុន លើផលិតផលត្រីដែលបាននាំចេញត្រឹមថ្ងៃទី ១៦ ខែតុលា»។​

យ៉ាងណាម៉ិញ និយតកររុស្ស៊ីបាននិយាយថា រហូតមកដល់ពេលនេះ រុស្ស៊ីបាននាំចូលអាហារសមុទ្រជប៉ុនចំនួន ១១៨តោនហើយ។

ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បាននិយាយនាថ្ងៃពុធ ថា ប្រទេសជប៉ុននឹងពិនិត្យលើសេចក្តីប្រកាសនៅថ្ងៃអង្គារដោយប្រទេសរុស្ស៊ី។

ប្រទេសជប៉ុននិយាយថា ទឹកមានសុវត្ថិភាព បន្ទាប់ពីត្រូវបានព្យាយាមដកសារធាតុវិទ្យុសកម្មចេញ លើកលែងតែសារធាតុ tritium ដែលជា radionuclide ពិបាកបំបែកចេញពីទឹក។ ទន្ទឹមនោះ​ ជប៉ុន​បាន​អះអាង​ថា ការ​រិះគន់​ពី​រុស្ស៊ី និង​ចិន មិន​ត្រូវ​បាន​គាំទ្រ​ដោយ​ភស្តុតាង​វិទ្យាសាស្ត្រទេ។

លោក Matsuno បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ថា «យើងសុំឱ្យរុស្ស៊ី ធ្វើសកម្មភាពដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ» ដោយបន្ថែមថា «រុស្ស៊ីជាសមាជិកនៃក្រុមអ្នកជំនាញ Fukushima របស់ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) ដែលកាលពីខែកក្កដា បានបើភ្លើងបៃតងបញ្ចេញទឹកផងដែរ»។

កាលពីថ្ងៃចន្ទសប្ដាហ៍នេះ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីការធ្វើតេស្តទឹក ក្រសួងបរិស្ថានរបស់ប្រទេសជប៉ុនបាននិយាយថា លទ្ធផលនៃការវិភាគនៃទឹកសមុទ្រដែលបានយកគំរូនៅថ្ងៃទី១៩ ខែកញ្ញា បានបង្ហាញថា កំហាប់ tritium ស្ថិតនៅក្រោមដែនកំណត់ទាបនៃការរកឃើញនៅគ្រប់ចំណុចគំរូទាំង១១ ហើយនឹងមិនមានឥទ្ធិពលអាក្រក់ដល់សុខភាពមនុស្ស និងបរិស្ថានឡើយ។

សូមជម្រាបថា ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកកខ្វក់ពីរោងចក្រថាមពលនុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រកាលពីខែមុន ដោយទទួលបានការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន។ ជាមួយគ្នានេះដែរ ប្រទេសចិន​បាន​ដាក់​បម្រាម​លើ​ការ​នាំ​ចូល​អាហារសមុទ្រ ឬជលផល​ទាំងអស់​ពី​ប្រទេស​ជប៉ុន ដើម្បីជាការសងសឹក។ យ៉ាងណាម៉ិញប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ផលិតផលសមុទ្រដ៏ធំបំផុតមួយទៅកាន់ប្រទេសចិន ហើយកំពុងស្វែងរកការបង្កើនចំណែកទីផ្សាររបស់ខ្លួន៕

ប្រភព៖ CNA

Share.