កុមារី Cui Chenxi មាន​អាយុ ១៣ឆ្នាំគីជាអត្តពលិកមាន​វ័យ​ក្មេង​ជាង​គេ ដែល​បាន​ឈ្នះ​មេដាយ​មាស លើកប្រភេទកីឡា Skateboarding វិញ្ញាសា Women’s street ក្នុង​ព្រឹត្តិការណ៍​ប្រកួតកីឡាកម្រិតទ្វីបអាស៊ី Asian Games 2022 ធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន។

ជ័យជម្នះ​របស់​កុមារី Cui Chenxi ដណ្ដើម​បាន​តំណែង​ជើង​ឯក​នៃកា​រប្រកួតកីឡានេះ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈដែលកីឡាការិនី Zeng Wenhui របស់ចិន ដណ្តើមបានមេដាយប្រាក់ ហើយកីឡាករ Ito Miyu របស់ជប៉ុនបានឈ្នះមេដាយសំរឹទ្ធ កាល​ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡា Qiantang Roller Sports Center ក្នុងទីក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។

Cui Chenxi គឺ​ជា​អត្តពលិក​ជម្រើសជាតិ​កីឡាជិះស្គី របស់​ប្រទេសចិន។ ​យោងតាម​បទ​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន Cui បានចាប់ផ្តើមរៀន​ជិះស្គីជាលើកដំបូងនៅអាយុត្រឹមតែ៣ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែរយ:​ពេល​ ៣ឆ្នាំ​មុន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡាកម្រិត​ទ្វីបអាស៊ី Asian Games រូប​នាង​បាន​ធ្វើ​ការ​ហ្វឹក​ហាត់​ជិះស្គីលើទឹកកក បន្ទាប់​ពីមិន​អាច​ចេញ​ទៅ​ក្រៅ​បាន​ក្នុង​អំឡុង​ពេល​ជំងឺរាតត្បាតកូវីដ១៩។

គិតត្រឹមព្រឹកថ្ងៃទី២៨ កញ្ញានេះ ប្រទេសចិនកំពុងឈរកំពូលតារាង នាម​ជាប្រទេស​ដែល​ដណ្ដើម​បាន​មេ​ដាយច្រើនជាងគេ សរុបចំនួន ១៤០គ្រឿង មេដាយមាស ៧៦គ្រឿង មេដាយប្រាក់ ៤៣​គ្រឿង និងមេដាយសំរឹទ្ធ ២១គ្រឿង ខណ:មេដាយសរុបទី ៤៩៤ បាន​រកឃើញម្ចាស់ហើយ ​​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាកម្រិត​ទ្វីបអាស៊ី Asian Game លើកទី១៩។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតទ្វីបអាស៊ី Asian Games 2022 ធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន ចាប់​ពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ២០២៣ រហូងដល់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ មាន​ប្រទេស​ចូល​រួម​ចំនួន ៤៥ប្រទេស ប្រកួត​លើ ៤៨២វិញ្ញាសា និង៤០​ប្រទេស​កីឡា៕

Share.