សិល្បៈជាតិ​៖ អតីត​ម្ចាស់​មកុដ​ Miss Grand Cambodia ឆ្នាំ​២០២២ និង​ជា​អតីត​លំដាប់​រង​ទី​៥ Miss Grand International ឆ្នាំ​២០២២ កញ្ញា​ ពេជ្រ វត្តីសារ៉ាវឌ្ឍី​ ទៅ​ដល់​ទីណា​ មាន​តែ​អ្នកចូលចិត្ត​ អាណិត​ស្រលាញ់​ ពិត​ជា​មិន​ខុស​នោះ​ឡើយ​ ព្រោះ​ក្រៅ​ពី​ក្ដោប​បេះដូង​ហ្វេនបាន​ហើយ​ សូម្បី​តារា​រៀមច្បង​ អម្ពរ​ទេវី ក៏​សរសើរ​វត្តី​មិន​ដាច់​ពី​មាត់ដែរ។

តារា​ខុស​ជំនាន់​ពីរ​ដួង​គឺ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង​ ​ អ្នក​ស្រី​ អម្ពរ ទេវី មាន​ឱកាស​ជួប​គ្នា​ដោយ​សារ​តែ​ អ្នក​ទាំង​ពីរ​បាន​ចូលរួម​​សម្ដែងក្នុង​​ភាពយន្ត​ភាគ​បុរាណ​បែប​ប្រវត្តិសាស្ត្រ​ខ្នាតវែង​រឿង​ «អប្សរា​មហាអង្គរ»​ របស់​អ្នក​និពន្ធ​និង​ដឹកនាំ​ឆ្នើម ​ហ្វៃ​ សំអាង។ នៅ​ក្នុង​ការ​បង្ហោះ​ថ្មី​មួយកាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៣ ​នៅ​លើ​ Story IG របស់​កញ្ញា​ ហុក សារីតុលា ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​កញ្ញា វត្តី ហើយ​ក៏​ជា​តួអង្គ​ម្នាក់​សាច់​រឿង​នេះ គេ​សង្កេត​ឃើញ​ថា​ វត្តី​បាន​អង្គុយ​បត់ជើង នៅចំ​​ពី​ខាង​មុខ​តារា​រៀម​ច្បង​ដោយដៃ​របស់​តារា​ទាំងពីរដួង​ក្ដោប​គ្នា​យ៉ាង​ណែន ​ ក្នុង​នោះ​ ​អ្នក​ស្រី​ អម្ពរ ​ទេវី ​បាន​ពោល​សរសើរ​ចំពោះ​វត្តី​ ថ្វី​ត្បិត​តែ​មាន​សំឡេង​រំខាន​ច្រើន ​ប៉ុន្តែ​គេ​អាច​ស្ដាប់​បាន​ថា​អ្នក​ស្រី​បានពោល​​សរសើរ​ចំពោះ​តួ​អង្គ​នាង​ឆផ្កា៖ «ខ្មែរ​យើង​ស្អាត​ មាន​ភាព​ក្លាហាន​ អ៊ីចឹង​បាន​យើង​ជាប់​អ៊ីចឹង​ណា​កូន ​​យើង​មិ​ន​ចាញ់​ប្រទេសជិត​ខាង​ទេ​»។ ពេជ្រ វត្តី​សារ៉ាវឌ្ឍី ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ចង្កោម​អ្នក​សិល្បៈ និង​អ្នក​គាំទ្រ​ ស្រលាញ់​ចូលចិត្ត​ដោយ​សារ​តែ​ក្មេង​ស្រី​រូប​នេះ​​មាន​អត្តចរិត​រួសរាយ​រាក់ទាក់​ ​ទន់​ភ្លន់​ ​ ដឹងខុស​ត្រូវ​ទាបខ្ពស់​ និង ​​​ចេះ​ឱន​លំទោន​ស្គាល់​ចាស់ទុំ​។ អ្នក​គាំទ្រ​ជឿ​ថា ​វត្តី ច្បាស់​ជា​នឹង​ទទួល​បាន​វិជ្ជា​សម្ដែង​ ក៏​ដូច​ជា​បទ​ពិសោធន៍​ ពី​តារា​រៀម​ច្បង​អម្ពរ​ទេវី ដើម្បី​មក​អភិវឌ្ឍ​ទឹក​ដៃសម្ដែង​​​ជាក់ជា​មិន​ខាន​ ព្រោះ​វត្តី​ជា​ក្មេង​ស្រី​ម្នាក់​ដែល​ទៅ​ដល់​ទីណា​មាន​តែ​អ្នក​ផង​អាណិត​ស្រលាញ់​។​

​បន្ទាប់​ពី​ការ​បង្ហោះ​របស់​កញ្ញា​ ហុក​ សារីតុលា រួច ពេជ្រ វត្តីសារ៉ាវឌ្ឍីបាន​ចូល​មក Add Story ហើយ​បង្ហាញ​ពីទំហំទឹកចិត្ត​ខ្លួន​បន្ថែម​ចំពោះ​តារា​រៀម​ច្បង​ថា​៖ «ជួប​គ្នា​ថ្ងៃ​ដំបូង អ្នក​មីង​ប្រាប់​ថា​ធ្លាប់​តែ​ឃើញ​ក្មួយ​នៅ​ក្នុង​ហ្វេសប៊ុក​ ចំណែក​ក្មួយ កាន់​តែ​សំណាង​ដែល​បាន​ជួប​ហើយ​បាន​ថត​ជាមួយ​អ្នក​មីង​»​។​

យោង​តាម​ការ​រៀបរាប់​ពី​លោក​ ហ្វៃ​ សំអាង ដែល​ធ្លាប់​បាន​បញ្ជាក់​កន្លង​មក​ តួ​អង្គ​នាង​ ឆផ្កា ​គឺ​ជា​តួអង្គ​មួយ​នៅ​ក្នុង​ផ្ទៃ​រឿង​មាន​ភាព​រឹងមាំ​មិន​ទន់​ជ្រាយ​ចំពោះ​រឿង​ស្នេហា​ទេ​ នាង​ក្លាហាន​ហ៊ាន​ទូលថ្វាយ​នៅ​ចំពោះ​មុខ​ព្រះ​ភក្ត្រ​ព្រះរាជា​ ​ព្រះ​បាទ​ ជ័យ​ វរធន​ ​និង​ព្រះ​រាជ​អគ្គមហេសី​ ឥន្ទ្រទេវី​ ​ទៀត​ផង​។​ ​ទស្សន:​របស់​ ឆផ្កា​ ​គ្រប់​ដង្ហើម​ចេញ​ចូល​នៃ​ជីវិត​ ​ព្រះ​ឱរស​ ​ទេវបុត្រ​មិន​ត្រូវ​ទ្រង់​ព្រះ​ចិន្តា​ថា​​​ អ្នក​ដទៃ​ល្ងង់​និង​ទន់ខ្សោយ​ជាង​អង្គ​ឯង​នោះ​ទេ​​ ត្រូវ​តែ​គម្បី​សណ្តោស​អភ័យ​ទោស​ចំពោះ​កំហុស​អ្នក​ដទៃ​ ពី​ព្រោះ​ការ​ធ្វើ​បែប​នេះ​នាំឲ្យ​អ្នកមានកំហុសមានមុខមាត់ប្រសើរជាងការ​ដាក់ទោស​ទណ្ឌ​ ចំណែក​អ្នក​ស្រី​ អម្ពរ ទេវី កំពូល​តារា​សម្ដែង​លំដាប់​ប្រទេស​ដែល​មាន​ពិសោធន៍​សម្ដែង​ ៣៤​ឆ្នាំ​ សម្ដែង​ជា​តួ​អង្គ​ អ្នក​អង្គ​ម្ចាស់​ស្ត្រី​ កាមល​ ជា​នាដកា​ឯក​​របាំ​ប្រចាំ​ព្រះ​មហានគរ​រហូត​បាន​ក្លាយ​ទៅ​ជា​សា​ស្ត្រាចារ្យ​​​៕

Share.