ព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏ធំនៅលើពិភពលោក FIFA World Cup ដែលតែងតែមានវត្តមានរាល់៤ឆ្នាំម្តង ទើបតែបញ្ចប់ការប្រកួតកន្លងទៅកាលពីចុងឆ្នាំ២០២២ នៅ ប្រទេស កាតា ហើយ ម្ចាស់ជើងឯកបានទៅលើក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈជើងឯករងបានលើក្រុមជម្រើសជាតិបារាំង។

ស្របពេលនៅក្នុងឆ្នាំ ២០២៦ គឺមានប្រទេសចំនួន៣ រួមគ្នាធ្វើជាសហ ម្ចាស់ផ្ទះក្នុងនោះ មានដូចជាប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក។

ដោយឡែកសម្រាប់ឆ្នាំ២០៣០ ខាងមុននេះឃើញថាប្រទេសម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ បានរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2030 ប៉ុន្តែត្រូវមានលក្ខខណ្ឌមួយ។

***លក្ខខណ្ឌនោះគឺ៣ប្រកួតដំបូងនៅ FIFA World Cup 2030 គឺតម្រូវ​ឱ្យប្រទេសអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ ធ្វើជាម្ចាស់ផ្ទះសិន ដើម្បីប្រារព្ធខួប ១០០ ឆ្នាំនៃព្រឹត្តិការណ៍ World Cup។

គួរដឹងថាព្រឹត្តិការណ៍ World Cup ត្រូវបានរៀបចំដំបូងនៅឆ្នាំ ១៩៣០ នៅប្រទេសអ៊ុយរូហ្គាយ ស្របពេលដែលម្ចាស់ជើងឯកនៅជំនាន់ក៏ជាប្រទេសអ៊ុយរូហ្គាយ ក្រោយឈ្នះអាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ ៤-២។

គិតត្រឹមឆ្នាំ២០២២ ប្រទេសដែលឈ្នះ World Cup រួមមានដូចជា៖

  1. ប្រេស៊ីល ៥លើក
  2. អាល្លឺម៉ង់ និងអ៊ីតាលី ៤លើក
  3. អាហ្សង់ទីន ៣លើក
  4. បារាំង និងអ៊ុយរូហ្គាយ ២លើក
  5. អង់គ្លេស និងអេស្ប៉ាញ ១លើក៕
Share.