នៅព្រឹកថ្ងៃទី៦ ខែតុលានេះ ក្លិបបាល់ទាត់ សៀមរាប យូណាយធីត (Siem Reap United) បាន​ប្រាកាស​ផ្តាច់​នូវ​កិច្ច​សន្យា​លោក Oriol Mohedano Segura នាយកបច្ចេកទេស និងជាគ្រូបង្គោល បានស​ម្រេច​ព្រម​ព្រៀង​គ្នា​ដោយ​ក្តីគោរពទៅវិញទៅមកពីការ។

ហេតុផលនៃការ​ផ្តាច់​នូវ​កិច្ច​សន្យានេះ ដោយ​ក្លិបបានគោរពទៅតាមហេតុផលចម្បងរបស់លោក Oriol នឹង​ជម្រាប​សាធារណៈជនឲ្យបានដឹងដូចតទៅ៖

១. លោក Oriol មានធុរៈផ្ទាល់ខ្លួន និងធុរៈគ្រួសារ ដោយតម្រូវឲ្យលោកត្រឡប់ទៅកាន់​ប្រទេស​អេស្ប៉ាញ​វិញញឹកញាប់។

២. លោក Oriol ជាប់ឈ្មោះក្នុងវគ្គសិក្សា UEFA Pro License ដែល​ជាអាជ្ញាបណ្ណ​គ្រូ​បង្វឹក​អាជីព​កម្រិត​កំពូល​ប្រចាំទ្វីបអឺរ៉ុប ដោយតម្រូវឲ្យគាត់ត្រូវបន្តការសិក្សាផ្ទាល់នៅប្រទេសស្វីស រយៈពេល ៦ ខែ។

៣. លោក Oriol ឈានដល់ការចរចារដឹកនាំក្លិបអាជីពឈុតធំមួយនៅប្រទេសនេប៉ាល់ (បំពេញ​លក្ខខណ្ឌសិក្សា UEFA Pro License) ។

រំលឹកដែរថា ក្លិបបាល់ទាត់សៀមរាបយូណាយធីត បានចុះហត្ថលេខាជាផ្លូវការ តែងតាំង លោក Oriol Mohedano Segura ជាគ្រូបង្គោល និង​នាយកបច្ចេកទេស​កីឡា​ជា​ផ្លូវ​ការរបស់​ក្លិប​បាល់​ទាត់​សៀម​រាបយូណាយធីត កាល​ពីថ្ងៃទី២៩ខែសីហាកនុំ្លងទៅ។ លោក Oriol Mohedano Segura មានកុងត្រារយៈពេល ៥ឆ្នាំ ក្នុងការរួមការងារជាមួយសៀមរាបយូណាយធីត។

លោក Oriol Mohadano Segura គឺជាគ្រូបង្វឹកម្នាក់ ដែលទទួលបានការសិក្សាកម្រិត License A ដែលទទួលស្គាល់ដោយសហព័ន្ធបាល់ទាត់អឺរុប UEFA។ លោកគ្រូបង្វឹកសញ្ជាតិអេស្បាញ វ័យ ៣៧ឆ្នាំនេះ មានបទពិសោធន៍ដឹកនាំតាំងពីឆ្នាំ ២០១១ នៅតាម​ក្លិបបាល់ទាត់ ក្នុងប្រទេសអេស្បាញ ស្វីស ណ័រវេស ហ្វាំងឡង់ និងជាពិសេស គឺក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ ២០២២ កន្លងទៅនេះ លោក​ក៏បានរួមចំណែកជួយឲ្យក្រុមបាល់ទាត់មួយរបស់ប្រទេសកម្ពុជា ឱ្យទទួលបានលេខ ៣ ក្នុងលីគកំពូលរបស់កម្ពុជា Cambodian Premier League ផងដែរ៕

Share.