ត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ បានប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី ដែលមានអាយុ៩ឆ្នាំ ដោយឥតគិតថ្លៃ ទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការដើម្បីការពារជំងឺមហារីកមាត់ស្បូន ។

ពិធីប្រកាសជាផ្លូវការនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក/នាយករដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ប្រធានមណ្ឌលសុខភាពប្រតិបត្តិទាំង៧ក្រុង/ស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលធ្វើឡើងនៅបរិវេណសាលាបឋមសិក្សារស្មីកុមារសួង ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា ជំងឺមហារីកមាត់ស្បូន គឺជាអាទិភាពសុខភាពសាធារណៈដែលត្រូវយកចិត្តទុកដាក់នៅប្រទេសកម្ពុជា។ យើងទាំងអស់គ្នាត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះ តាមរយៈការបញ្ចូលវ៉ាក់សាំងថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅប្រទេសកម្ពុជា ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តថា «យើងនឹងធានាថា កុមារី អាយុ ៩ឆ្នាំទាំងអស់ នឹងទទួលបានថ្នាំបង្ការជំងឺមហារីកមាត់ស្បូនមួយដូសដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ ហើយកម្ពុជាក៏មានគម្រោងនឹងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់ កុមារី ដែលមានអាយុ លើសពី៩ឆ្នាំ តាមរយៈការធ្វើយុទ្ធនាការក្នុងឆ្នាំ២០២៥ផងដែរ» ។ឯកឧត្ដមបណ្ឌិត ក៏បានអំពាវនាវដល់អាណាព្យាបាល ចំពោះកូនៗ ដែលគ្រប់អាយុចាក់វ៉ាក់សាំងមហារីកមាត់ស្បូន សូមអញ្ជើនាំមកទទួលការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពដែលនៅជិតនៅផ្ទះ។

បើតាមរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រាជរដ្ឋាភិបាល បានផ្ដល់ថវិការជាតិសម្រាប់ទិញវ៉ាក់សាំងជាប្រចាំ និងបដិភាគជាមួយអង្គការGavi ក្នុងការបញ្ជាទិញវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់។ មកទល់ថ្ងៃនេះ កម្មវិធីជាតិផ្ដល់ថ្នាំបង្ការមានវ៉ាក់សាំង ដែលអាចការពារជំងឺទារក កុមារ បានចំនួន១១មុខ រួមមាន : ជំងឺរបេង គ្រុងស្វិតដៃជើង ក្អកមាន់ ខាន់ស្លាក់ តេតាណូស រលាកថ្លើមប្រភេទបេ ជំងឺរលាកសួត រលាកស្រោមខួក្បាល(ដោយសារបាក់តេរី Hib) ជំងឺកញ្ជ្រឹល ជំងឺស្អូច ជំងឺរលាកស្រោមខួរក្បាល (Streptococcus) និងជំងឺរលាកខួរក្បាលជេអ៉ី។


លោកបន្តថា តាមយុទ្ធសាស្ត្រ៥ឆ្នាំ របស់កម្មវិធីជាតិផ្ដល់ថ្នាំបង្ការ (ពីឆ្នាំ២០២២-២០២៥) ក្រោមការជួយគាំទ្រថវិកាពីអង្គការ Gavi ព្រមទាំងមានការគាំទ្របច្ចេកទេសពីអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វក្រសួងសុខាភិបាល បានអនុញ្ញាតអោយកម្មវិធីជាតិផ្ដល់ ថ្នាំបង្ការដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនលើកុមារអាយុ៩ឆ្នាំ ទៅក្នុងសកម្មភាពផ្ដល់ថ្នាំបង្ការជាប្រចាំនៅទូទាំង២៥ រាជធានី\ខេត្ត នៅតាមសាលារៀន និងតាមមូលដ្ឋានសុខាភិបាលសាធារណៈក៏ដូចជាតាមសហគមន៍ ដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ៕

អត្ថបទ៖ សាន វីឡែម

Share.