កុមារី​ Victory Brinker គឺ​ជា​បេក្ខនារី​ដំបូង​គេ​បង្អស់​ដែល​ទទួល​បាន​ប៊ូតុង​មាស​ចំនួន​៥​តែ​ម្នាក់​ឯង​។ កុមារី​វ័យ​ ៩ឆ្នាំ​ដែល​​ឡើង​មក​បង្ហាញ​ទេពកោសល្យ​ច្រៀង​បទ​ចម្រៀង​ Opera បាន​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​លើ​វេទិកា​ប្រកួត​ «America’s Got Talent» ក្រោយ​​ពី​ការ​សម្ដែង​សមត្ថភាព​របស់​ក្មួយ​ស្រី​ទាក់​ចិត្ត​គណៈកម្មការ​និង​អ្នក​ទស្សនា​យ៉ាង​ខ្លាំង។​

កុមារី​ស្រី​ Victory បាន​ជ្រើសរើស​បទ​ចម្រៀង​មាន​ចំណង​ជើង​ «Juliet’s Waltz» ប៉ុន្តែ​នឹង​ច្រៀង​ក្មួយ​ស្រី​​បាន​ទទួល​​ស្គាល់​ថា​ខ្លួន​លួច​ភ័យ​ អាច​និយាយ​បាន​ថា​ភ័យ​ផង​រំភើប​ផង​។ Victory បាន​ប្រាប់​គណៈ​កម្មការ​ទាំង​អស់​ថា​បើ​សិន​ជា​ក្មួយ​ស្រី​ឈ្នះ​ ក្មួយ​ស្រី​នឹង​ប្រើ​ប្រាក់​រង្វាន់​១​លាន​ដុល្លារ​ទៅ​ទិញ​អាវ​យឺត​ពណ៌​ឥន្ទធនូ​ភ្លឺ​ផ្លេក​ៗ​ឱ្យ​ Simon Cowell ព្រោះ​ក្មួយ​​យល់​ថា​លោក​គួរ​តែ​ពាក់​អាវ​ពណ៌​ខ្លះ​។

បន្ទាប់​ពី​បង្ហាញ​សមត្ថភាព​យ៉ាង​អស្ចារ្យ​ដែល​​គ្មាន​អ្នក​ណា​សឹង​នឹង​ជឿ​ថា​កុមារី​វ័យ​ត្រឹម​៩​ឆ្នាំ​មាន​ទេពកោសល្យ​ច្រៀង​បទ​អូប៉េរ៉ា​លំបាក​ល្អ​ឥត​ខ្ចោះ​ ប៉ុន្តែ​ Simon Cowell បែរ​ជា​និយាយ​ថា​គណៈកម្មការ​នឹង​មិ​ន​ផ្ដល់ Yes ឱ្យ​ទៅ​ក្មួយ​ស្រី​ឡើយ​ ដោយ​ពួក​គេ​បាន​រាប់​ថយ​ក្រោយ​ចាប់​ពី​៥​ចុះ​មក​ បូក​រួម​ជាមួយ​នឹង​ពិធី​ករ​លោក​ Terry Crews ពោល​គឺ​មនុស្ស​ប្រាំ​នាក់​បាន​រួម​គ្នា​ចុច​លើ​ប៊ូតុង​មាស​ ឱ្យ​ក្មួយ​ស្រី ដែល​ជា​សកម្មភាព​មួយ​មិន​ធ្លាប់​មាន​សោះ​នៅ​​ក្នុង​​កម្មវិធី​ America’s Got Talent កន្លង​មក។

ប៊ូតុង​មាស​​នេះ​បាន​ធ្វើ​ឱ្យ​កុមារី​វ័យ​៩​ឆ្នាំ​ដ៏​មានទេពកោសល្យ​ខាង​លើ​​បាន​ឡើង​ទៅ​កាន់​វគ្គ​ Live Show ដោយ​ស្វ័យ​ប្រវត្តិ​ដូច​​គ្នា​ទៅ​នឹង​​ម្ចាស់​ប៊ូតុង ​៤​នាក់​ផ្សេង​ទៀត​​ពី​កម្មវិធី​៕

Telegram-Troryorng
Share.