កីឡា​ករ​ជើង​ខ្លាំង Dave Leduc ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថាជា «​ស្តេច​ប្រដាល់​» ប្រចាំ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា បាន​បញ្ចេញ​សំណេរ​ជា​ភាសា​ខ្មែរ​នៅ​លើកទំព័រហ្វេសបុក​របស់​ខ្លួន​កាល​ពី​ថ្ងៃទី៨ តុលា និ​យាយពី “សាក់យ័ន្ត” និង​កំពុង​រៀន​អំពីប្រទេសកម្ពុជា។

Dave Leduc បាន​សរសេររៀបរាប់​យ៉ាង​ដូច​ច្នេះថា៖ «”សាក់យ័ន្ត” គឺជាទម្រង់​នៃការ​សាក់​ដោយ​ប្រើ​រូបរាង​យ័ន្តរបស់​ឥណ្ឌា​ដែល​ត្រូវ​បាន​គេជឿ​ថា​ផ្តល់​នូវ​ការ​ការពារ ធ្វើឱ្យមានសំណាងល្អ និង​មាន​កម្លាំង​ខ្លាំង។ អស់​រយៈពេលជាច្រើនសតវត្សរ៍មកហើយ ទំនៀម​ទម្លាប់​នេះបាន​រីករាល​ដាល​ដល់​ប្រទេស​កម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ា។ មនុស្ស​ភាគច្រើន គិត​ថាទាំង​នេះ​គឺជា​ការសាក់​បែប​ថៃ​ប៉ុន្តែ​វាមិន​មែ​នជាការសាក់បែបថៃនោះទេ។ គេ​ប្រើ​ស្គ្រីប​/អក្សរ​ខ្មែរបុរាណ (ភាសាខ្មែរ) នៃ​អាណា​ចក្រ​ខ្មែរ»។

អ្នកប្រដាល់ជើង​ខ្លាំងរូប​នេះ​បាន​បន្តថា៖ «ខ្ញុំកំពុងរៀនអំពីប្រទេសកម្ពុជា នៅ​ពេល​ដែល​ខ្ញុំបាន​សាក់​រូប​នៅប្រទេសថៃ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​ជ្រើសរើសគ្រូដែលអាចអានអក្សរខ្មែរបុរាណបាន ដូច្នេះ​ខ្ញុំអាច​មាន​ការ​សាក់​យ័ន្ត​ពិត​ប្រាកដ​។ វាជា​រឿង​ធម្មតា​ណាស់​សម្រាប់​ព្រះ​សង្ឃ​ក្នុង​ការ​បោះ​ពុម្ព​រូបសាក់បញ្ច្រាសលើសៀវភៅ ដូច្នេះ​អ្នក​ទេសចរ​ដែល​មិនដឹងអី គឺ​មិន​ទទួល​បាន​អំណាច​វេទ​មន្ត​ពិត​ប្រាកដទេ»។

Leduc បន្ថែមថា៖«រឿងដែលគួរឱ្យអស់សំណើចបំផុតនោះគឺ អ្នក​ប្រដាល់​មួយ​ថៃ​ត្រូវ​បាន​គេសាក់​ជាភាសា​ខ្មែរ​នៅលើដងខ្លួនរបស់ពួកគេ ហើយមនុស្សម្នាគិតថា នោះជាភាសា “ថៃ” របស់​គេ​ទៅ​វិញ… វាមិនមែនជាភាសាថៃទេ! ជារបស់ខ្មែរ។ ច្បាស់​ណាស់សម្រាប់ខ្ញុំថា ប្រទេស​ថៃ​បាន​លួច​ទិដ្ឋភាព​ជាច្រើន​នៃវប្បធម៌ខ្មែរ។ ហេតុនេះហើយបានជាមីយ៉ាន់ម៉ា និងកម្ពុជាចុះសម្រុងគ្នាព្រោះ យើងមានបទពិសោធស្រដៀងគ្នា»។

Leduc បាន​បញ្ជាក់ថា៖ មីយ៉ាន់ម៉ា និងកម្ពុជា បាន​ស្ថិត​ក្នុង​ស្រមោល​ពិភព​លោក​ជា​ច្រើន​ឆ្នាំ ដោយ​សារ​កត្តា​ភូមិ​សាស្ត្រ​នយោ​បាយ និងសេដ្ឋកិច្ច ហើយក្នុងអំឡុងពេលនេះ ប្រទេស​ថៃ​បាន​សរសេរ​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ឡើង​វិញ និងលួចយកទិដ្ឋភាពនៃវប្បធម៌អាស៊ានជាច្រើនផ្សេងទៀត។ នឹក​ស្មាន​មិនដល់ថា ១០ឆ្នាំ​ក្រោយ​ខ្ញុំ​បានសាក់យ័ន្តខ្មែរ ពេលនេះខ្ញុំនឹងទៅកម្ពុជានៅថ្ងៃទី៥ ខែវិច្ឆិកា ដើម្បីប្រយុទ្ធនឹងជើងឯកប្រចាំប្រទេស។ ខ្ញុំ​ត្រូវបាន​អញ្ជើញ​ដោយ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដើម្បីមកជួបសម្តែងការគួរសមមុនការប្រកួត។ ខ្ញុំគិតថា «សាក់យ័ន្ត» របស់​ខ្ញុំពិត​ជា​ផ្តល់​សំ​ណាង​ល្អដល់ខ្ញុំ មិត្តភាព​រវាងមីយ៉ាន់ម៉ា និងកម្ពុជា។ សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា និងកម្ពុជាសម្រាប់ការគាំទ្រដ៏អស្ចារ្យ! ខ្ញុំ ស្រលាញ់ អ្នក ទាំងអស់គ្នា។

ជើង​ខ្លាំង Dave Leduc ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថាជា «​ស្តេច​ប្រដាល់​» ប្រចាំ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា គឺ​ជា​សមាជិក​ក្លិប The King of Lethwei របស់​ប្រទេស​មីយ៉ាន់​ម៉ា។ រូប​គេ​កើត​នៅ​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩១ បច្ចុប្បន្ន​មាន​វ័យ ៣១ឆ្នាំ មាន​ទម្ងន់ ៧៥គីឡូក្រាម មាន​កម្ពស់ ១,៨៨ម៉ែត្រ រូបគេ​ចាប់​ផ្ដើម​ប្រឡូក​ចូល​អាជីព​ជា​អ្នក​ប្រដាល់​នៅ​ឆ្នាំ២០១៣៕

Share.