ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា វិបត្តិដែលកំពុងកើតមាននៅមជ្ឈិមបូព៌ា ដែលបង្កឡើងដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល គឺជាការបង្ហាញឱ្យយ៉ាងច្បាស់ ចំពោះភាពអសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

លោក ពូទីន មេដឹកនាំរបស់ប្រទេសរុស្ស៊ី បានពន្យល់កាលពីថ្ងៃអង្គារ ថា «ខ្ញុំជឿថាមនុស្សជាច្រើននឹងយល់ស្របជាមួយខ្ញុំថា នេះគឺជាឧទាហរណ៍យ៉ាងច្បាស់ អំពីការបរាជ័យនៃគោលនយោបាយមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក។ ពួកគេបានព្យាយាមរកដំណោះស្រាយសន្តិភាពផ្តាច់មុខតែឯង ប៉ុន្តែជាអកុសល អាមេរិកមិនបានយកចិត្តទុកដាក់ ក្នុងការស្វែងរកការសម្របសម្រួលដែលអាចទទួលយកបានសម្រាប់ភាគីទាំង២នោះទេ»។

មេដឹកនាំរុស្ស៊ីរូបនោះបានបន្ថែមថា «ផ្ទុយទៅវិញ ទីក្រុងវ៉ាស៊ីនតោន បានដាក់សម្ពាធលើភាគីទាំងសងខាងក្នុងការរកដាក់ដំណោះស្រាយរៀងៗខ្លួន»។

លោកពូទីន បានអះអាងថា «សហរដ្ឋអាមេរិក មិនដែលគិតពីផលប្រយោជន៍ស្នូលរបស់ប្រជាជនប៉ាឡេស្ទីនឡើយ»។ លោកបានកត់សម្គាល់បែបនេះ ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក Mohammed al-Sudani នៅទីក្រុងម៉ូស្គូ ថា «ផលប្រយោជន៍ទាំងនោះ គឺពាក់ព័ន្ធនឹងការបង្កើតរដ្ឋប្រជាជាតិប៉ាឡេស្ទីនឯករាជ្យ ដូចដែលបានលើកឡើងនៅក្នុងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

ជាមួយគ្នា មន្ត្រីជាន់ខ្ពស់រុស្ស៊ីផ្សេងទៀត រួមទាំងរដ្ឋមន្ត្រីការបរទេស Sergey Lavrov ក៏ធ្លាប់បានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះអរិភាពជាថ្មីនេះដែរ។

អ្នកការទូតកំពូលរុស្ស៊ីបានលើកឡើងកាលពីថ្ងៃចន្ទថា ក្រុមអ្នកសម្រុះសម្រួលមជ្ឈិមបូព៌ា រួមមានសហរដ្ឋអាមេរិក រុស្ស៊ី សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ គួរតែដើរតួនាទីនាំមុខក្នុងកិច្ចចរចាសន្តិភាព។ ប៉ុន្តែសហរដ្ឋអាមេរិក បានបោះបង់ចោលយន្តការនេះ ដើម្បីធ្វើការដោយផ្តាច់មុខសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនឯង។

សូមជម្រាបថា ក្រុមហាម៉ាស់ ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ ដោយបានគ្របដណ្តប់លើការការពារដែនអាកាសរបស់ប្រទេសជាមួយនឹងការបាញ់ទម្លាក់គ្រាប់រ៉ុក្កែតដ៏ធំ ដោយផ្ដាច់ជីវិតជនស៊ីវិលរាប់ពាន់នាក់ និងចាប់ជនស៊ីវិលជាច្រើននាក់ធ្វើជាចំណាប់ខ្មាំងក្នុងគោលបំណង ដោះដូរជាមួយក្រុមអ្នកទោសនៅក្នុងមន្ទីរឃុំឃាំងរបស់ប្រទេសអ៉ីស្រាអែល។ មិនបង្អង់យូរ ក្រោយក្រុមហាម៉ាស វាយប្រហារ ប្រទេសអ៉ីស្រាអែល ​បាន​ឆ្លើយ​តប​វិញជាការសងសឹក ​ដោយផ្តោត​គោលដៅលើ​តំបន់​ហ្គាហ្សា ដោយ​និយាយ​ថា​ គោលដៅ​របស់​ខ្លួន ​គឺ​ដើម្បី​កម្ទេច​ក្រុម​ហាម៉ាសឱ្យខ្ទេចក្លាយជាផេះ៕

ប្រភព៖ RT

Share.