រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេសមានឧស្សហកម្មជឿនលឿនទាំង៧ ឬហៅថា G7 បានចូលរួមជាមួយទេសាភិបាលធនាគារកណ្តាល ដើម្បីចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអ្វីដែលពួកគេហៅថា «ការវាយប្រហារភេរវកម្ម» ដោយក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NHK នាថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីទាំងអស់ ក៏បានបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយប្រជាជនអ៊ីស្រាអែលផងដែរ។ ក្រុមមន្ត្រី បានជួបពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank)។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Suzuki Sunichi ជាប្រធានកិច្ចពិភាក្សា លោក​បាន​និយាយ​ថា ការ​ប្រយុទ្ធ​គ្នា​នេះ​មិន​មែន​ជា​របៀបវារៈ​ដំបូង​ឡើយ ប៉ុន្តែ​លោក​ និង​សហការី ​បាន​ចំណាយ​ពេល​ច្រើន​ ដើម្បី​ពិភាក្សា​អំពី​ផល​ប៉ះពាល់​ដែល​អាច​មាន ​រួម​ទាំង​ទីផ្សារ​ហិរញ្ញវត្ថុ និង​តម្លៃ​ថាមពល។

លោក Suzuki បានបន្ថែមថា វានៅមិនដល់មួយសប្តាហ៍ទៀតទេ ចាប់តាំងពីជម្លោះបានផ្ទុះឡើង ដូច្នេះគាត់ និងមេដឹកនាំផ្សេងទៀតនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងថា តើវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងដូចម្តេច។

រដ្ឋមន្រ្តីទាំងអស់ ក៏បានពិនិត្យមើលឡើងវិញនូវការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន ហើយបាននិយាយថា «ពួកគេនឹងប្រឆាំងការប៉ុនប៉ងណាមួយរបស់រុស្ស៊ី ដើម្បី «គេចវេស និងធ្វើឱ្យខូចទណ្ឌកម្ម»។

ជាមួយគ្នានេះដែរ ក្រុមមន្រ្តីទាំងអស់បានអញ្ជើញរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន លោក Sergii Marchenko ឱ្យចូលរួមក្នុងកិច្ចប្រជុំនេះដែរ។

ទាក់ទិននឹងបញ្ហានេះ ទេសាភិបាលធនាគារកណ្តាលជប៉ុន លោក Ueda Kazuo បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យមានការលំបាកក្នុងការរុករកគោលនយោបាយរូបិយវត្ថុ។ លោក​ក៏​បាន​និយាយ​ដែរ​ថា ស្ថានភាព​នៅ​មជ្ឈិមបូព៌ា​បាន​បន្ថែម​ភាព​មិនច្បាស់លាស់ ដោយសារតែកើតមានជម្លោះរវាងក្រុមហាម៉ាស និងកងកម្លាំងប្រទេសអ៉ីស្រាអែល។

សូមជម្រាបថា ក្រុមហាម៉ាស បានវាយលុកចូលប្រទេសអ៉ីស្រាអែលតាមច្រកតំបន់ហ្គាហ្សា ដោយបានបាញ់គ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់ចូលក្នុងទឹកដីប្រទេសអ៉ីស្រាអែល ខណៈមេដឹកនាំអ៉ីស្រាអែលក៏បាន លើកឡើងវិញថា ខ្លួននឹងកម្ទេចក្រុមហាម៉ាសដែលមានមូលដ្ឋាននៅប្រទេសប៉ាឡេស្ទីន ឱ្យក្លាយទៅជាផេះ ដើម្បីជាការសងសឹកលើការឆ្មក់ចូលវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣៕

ប្រភព៖ NHK

Share.