ក្នុងផ្ទះ គួរតាំងគំនូរអ្វីខ្លះ ដើម្បីឲ្យត្រូវក្បួនហុងស៊ុយ? បច្ចុប្បន្ននេះ ប្រជាជនភាគច្រើនតែងតែជឿលើការតាំងរូបភាពដើម្បីឲ្យត្រូវតាមក្បួនហុងស៊ុយ។ ពួកគេជឿជាក់ថា ការតាំងរូបភាពតុបតែងផ្ទះតាមបែបហុងស៊ុយនេះ អាចជួយផ្ដល់នូវភាពចម្រុងចម្រើន និងលើករាសី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដល់ម្ចាស់។ តោះ! មកដឹងថា មានសត្វអ្វីខ្លះដែលអាចជួយលើករាសីម្ចាស់ដូចខាងក្រោម៖

១.​ រូបសេះ៖
សេះ ជា​សត្វ​ធាតុភ្លើង ​គេ​តែង​មាន​ជំនឿ​ថា សេះ​ជា​សត្វ​ដែល​ពេញ​ប្រៀប​ទៅ​ដោយ​កម្លាំង​ធាតុ ហើយ​ទិស​ប្រចាំ​ឆ្នាំមមី ​គឺ​ទិស​ខាងត្បូង។ លើស​ពី​នេះ​ទៀត សេះ​ជា​សត្វ​តំណាង​ឲ្យ​មន្ត្រី​មាន​លំដាប់​ខ្ពស់ និង​ការ​រស់នៅ​សុខ​សប្បាយ។ សេះ គឺ​សំដៅលើ​ភាព​រហ័សរហួន អាច​ធ្វើ​ឲ្យ​ការ​ប្រកប​មុខ​ជំនួញ និង​ការងារ​របស់​អ្នក​ទទួល​បាន​ជោគជ័យ​កាន់តែ​ឆាប់រហ័ស​។ លក្ខណៈ​សេះ​មង្គល គឺជា​សេះ​ដែល​កំពុង​រត់ ឬ​លោត។ គេ​ច្រើន​ដាក់​តាំង​រូប​សេះ​ចំនួន​៨​ក្បាល មាន​ន័យ​ថា បង្កើន​ភាព​រហ័សរហួន និង​ស្ទាត់ជំនាញ។

២. នាគ ៖
តំណាង​ឲ្យ​ភាព​រុងរឿង​បំផុត និង​ជា​និមិត្តរូប​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​ចិន។
រូបនាគ​ជាន់​ពពក៖ ជា​និមិត្តរូប​នៃ​អំណាច និង​ការ​បង្គាប់បញ្ជា​ក្នុង​ការងារ។ ប្រសិនបើ​អ្នក​ដាក់​តាំងនៅ​ទិស​ខាងកើត​ផ្ទះ សត្វ​នាគ​នឹង​បញ្ចេញ​ឫ​ទិ្ធ​អំណាច​ខ្លាំង​បំផុត។ លើស​ពី​នេះ​ទៀត អ្នក​អាច​តាំង​រូប​នាគ​នៅ​កន្លែង​ណា​ក៏​បាន ដើម្បី​នាំ​ជោគ​លាភ​ដ៏​មហាសាល​ចូល​ក្នុងផ្ទះ។ សត្វ​នាគ​ អាច​ធ្វើ​ឲ្យអាជីវកម្ម​របស់​អ្នកដំណើរ​ការ​បាន​ល្អ​ផង​ដែរ ប្រសិនបើ​យក​វា​ទៅ​ទុក​នៅ​កន្លែងធ្វើការ នឹង​បង្ហាញ​នូវ​ភាព​ធំធេង អំណាច បារមី និង​ស្ថិតស្ថេរ។

៣. ត្រី ៖
តំណាង​ឲ្យ​មង្គល ភាព​សម្បូរ​បែប និង​គង់វង្ស។ ម្យ៉ាងទៀត ត្រី​សំដៅលើ​ផល​កម្រៃ ឬ​ផលប្រយោជន៍ និង​ការ​សម្រេច​ក្តី​ប្រាថ្នា​របស់​អ្នក​ក្នុង​ការ​ប្រកប​មុខ​ជំនួញ​ផង​ដែរ។ រូបត្រីមាស អាចផ្ដល់ឲ្យអ្នកមានមាសហូរហៀរ។ ត្រីមាសនេះត្រូវបានគេយកទៅធ្វើជាអំណោយដ៏សំខាន់ជូនគ្នាទៅវិញទៅមកក្នុងថ្ងៃមង្គលផ្សេងៗ

៤. សំពៅ ៖
រូប​សំពៅ គឺ​តំណាង​ឲ្យ​ភាព​ចម្រើន​រុងរឿង​ខាង​មុខ​ជំនួញ ដែល​នាំ​មក​នូវ​មាសប្រាក់ ជួយ​ជំរុញ​ជោគ​លាភ ព្រមទាំង​ជួយ​ឲ្យ​មុខ​ជំនួញ​របស់​អ្នក​ទទួល​បាន​ជោគជ័យ​កាន់តែ​ខ្លាំង​ឡើង ។

៥-​ដំរី ៖
ជា​សត្វ​ដែល​មាន​រូបរាង​ខ្ពស់​ហើយ​ធំ មាន​និស្ស័យ​ជា​មិត្ត និង​មិនមែន​ជា​សត្វ​សាហាវ​នោះ​ទេ ។ ក្រៅពីនេះ ​ដំរី​ជា​សត្វ​ដែល​ស៊ី​ធញ្ញជាតិ​ជា​អាហារ វា​ក៏​មិន​គំរាម​ដល់​សត្វ​ផ្សេង​ៗ​ទៀត​ក្នុង​លោក​ដែរ។ បើ​និយាយ​បែប​ហុងស៊ុយ គឺ​តំណាង​ឲ្យទី​ខ្ពស់ ធំសម្បើម ប្រៀប​ដូច​ជា​ភ្នំ ហើយដំរីអាចបំបែក​ថាមពល​មិនល្អ​ផ្សេង​ៗ​បាន​ផង​ដែរ។ ក្រៅពី​នេះ ដំរី គឺ​តំណាង​ឲ្យ​ភាព​ជោគជ័យ សម្បូរ​បែប​ដល់​ជីវិត​របស់​អ្នក និង​ក្រុម​គ្រួសារ ។

៦-​ប្រើស ៖
ជា​សត្វ​មង្គល​ដែល​គេ​និយម​ប្រើ​ក្នុង​រឿង​ហុងស៊ុយ ព្រោះ​គេ​ជឿ​ថា ប្រើស​នឹង​ជួយ​ឲ្យ​សម​តាម​បំណង​នូវ​អ្វី​ដែល​ខ្លួន​ប្រាថ្នា និង​តំណាង​ឲ្យ​ការ​លូតលាស់។ ប្រសិនបើ​ផ្ទះ​ណា​កើតរឿង​រ៉ាវ ឬ​អ្នក​រស់នៅ​ក្នុងផ្ទះ​ឈ្លោះប្រកែក​គ្នា គឺ​អាច​ប្រើ​រូប​ប្រើស​នេះ​ដើម្បី​ជួយកែរ​ឲ្យ​បញ្ហា​ទាំងឡាយ​ស្ងប់ស្ងាត់​បាន។ ចំណែក​ទីតាំង គឺ​មិន​គួរ​ដាក់​បែរមុខ​ចេញពី​មុខ​ផ្ទះ​ឡើយ អ្នក​គួរ​ដាក់​វា​បែរមុខ​ចូល​ផ្ទះ​វិញ ព្រោះ​ប្រើស​នឹង​អាច​នាំ​យក​រឿង​ល្អ​ចូល​ផ្ទះ​បាន ។

៧-​ក្រៀល ៖
គេចាត់​ទុកជា សត្វ​មង្គល​មាន​អត្ថន័យ​ល្អ ។ ការ​យក​សត្វ​ក្រៀល​មក​តុបតែង​ផ្ទះ នឹង​ជួយ​ឲ្យ​អ្នកមាន​អាយុ​យឺនយូរ សុខ​ភាពរឹងមាំ តួនាទី​ការងារ​ស្ថិតស្ថេរ និង​ជំរុញ​ឲ្យ​ការ​រៀនសូត្រ​ឈ្លាសវៃ។ ម្យ៉ាងទៀត នឹង​ជួយ​ឲ្យសមាជិក​ក្នុង​គ្រួសារ មានអាយុយឿនយូរ មាន​សុខភាព​រាង​កាយ​មាំមួន ។ ប្រសិនបើ​មាន​អ្នក​ឈឺ នឹង​អាច​ជា​សះស្បើយ​ឆាប់​ៗ។ រីឯ​មនុស្ស​វ័យ​ធ្វើការ​ក្នុង​គ្រួសារ នឹង​មាន​តួនាទី​ការងារ​ល្អ រលូន គ្មាន​ឧបសគ្គ ៕

សម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.