អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ សប្ដាហ៍នេះថា មនុស្សជាង១លាននាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីអ៉ីស្រាអែល បានចាប់ផ្តើមការទម្លាក់គ្រាប់បែកប្រឆាំងនឹងក្រុមហាម៉ាស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។

ប្រទេសអ៉ីស្រាអែល បានប្រកាសសង្រ្គាមលើក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃអាទិត្យសប្តាហ៍មុន មួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស បានទម្លុះព្រំដែន​ដើម្បីធ្វើការវាយប្រហារ ហើយបានបាញ់ ចាក់ និងដុតសម្លាប់មនុស្សជាង ១,៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។

ការបាញ់គ្រាប់រ៉ុក្កែត ការបំផ្ទុះគ្រាប់បែកឥតឈប់ឈរចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា បានធ្វើឱ្យតំបន់ជាច្រើនរងការខូចខាត និងបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ២,៦៧០នាក់បានស្លាប់នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប។

ប៉ុន្តែនៅពេលដែលអ៉ីស្រាអែល ព្យាយាមសងសឹកចំពោះការវាយប្រហារដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន សម្ព័ន្ធអារ៉ាប់ និងសហភាពអាហ្រ្វិកបានព្រមានថា «ការលុកលុយនេះ អាចនាំឱ្យមានការប្រល័យពូជសាសន៍ដែលមិនធ្លាប់មានពីមុនមក»។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងអស់ និងឱ្យអ៊ីស្រាអែលអនុញ្ញាតផ្តល់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា ដោយព្រមានថា «តំបន់នេះ ស្ទើរតែធ្លាក់ក្នុងអន្លង់ជ្រៅបំផុត»។

យ៉ាងណាម៉ិញ អ៉ីស្រាអែល ក៏បានប្រឈមមុខនឹងការព្រមានយ៉ាងធ្ងន់ធ្ងរអំពីផលប៉ះពាល់ផ្នែកសន្តិសុខដែរ ដោយសារតែដាក់គោលដៅវាយប្រហារនៅតំបន់ដែលមានប្រជាជនរស់នៅច្រើន។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បាននិយាយថា «គ្មាននរណាម្នាក់អាចធានាការគ្រប់គ្រងស្ថានការណ៍ និងការមិនឱ្យកើតមានជម្លោះបានទេ» ប្រសិនបើអ៊ីស្រាអែល បញ្ជូនទាហានរបស់ខ្លួនចូលទៅក្នុងតំបន់ហ្គាហ្សា។

លោកបានបន្ថែមថា «ដើម្បីទប់ស្កាត់ការរីករាលដាលនៃសង្គ្រាម និងវិបត្តិនានា ចាំបាច់ត្រូវការពារការវាយប្រហារដ៏ព្រៃផ្សៃនាពេលបច្ចុប្បន្ន… ដែលបានប្រឆាំងនឹងប្រជាពលរដ្ឋ និងជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាជាមុនសសិន»។

គួររំលឹកថា ប្រទេសអ៉ីរ៉ង់ គឺជាសត្រូវទី១មួយរបស់អ៊ីស្រាអែល ហើយអ៉ីរ៉ង់ក៏ជាអ្នកផ្តល់មូលនិធិដល់ក្រុមហាម៉ាស ក៏ដូចជាអ្នកគាំទ្រក្រុមហេសបូឡាហ៍ នៅលីបង់នៅភាគខាងជើង ជាកន្លែងដែលមានភ្លើងឆេះយ៉ាងសន្ដោសន្ធៅ នៅចំណុចព្រំដែនកាលពីសប្តាហ៍មុន ដែលជំរុញឱ្យអ៊ីស្រាអែលបិទតំបន់នេះជាបណ្ដោះអាសន្ន៕

ប្រភព៖ CNA

Share.