រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា «សកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានហួសពីវិសាលភាពនៃការការពារខ្លួន» ហើយរដ្ឋាភិបាលអ៊ីស្រាអែលត្រូវតែ «បញ្ឈប់ការដាក់ទណ្ឌកម្មរួមរបស់ខ្លួនចំពោះប្រជាជននៅតំបន់ហ្គាហ្សា»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Japan Times នាថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។

ការកត់សម្គាល់របស់លោក Wang បានធ្វើឡើងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Faisal bin Farhan កាលពីថ្ងៃសៅរ៍ ខណៈដែលអ៊ីស្រាអែល ហាក់ដូចជាត្រៀមខ្លួនសម្រាប់ការវាយប្រហារតាមផ្លូវគោក ប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្គាហ្សា។

ជាមួយគ្នា លោក Wang បានប្រាប់ព្រះអង្គម្ចាស់ Faisal ថា «ភាគីទាំងអស់មិនគួរចាត់វិធានការណាមួយ ដើម្បីធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងទេ ហើយគួរតែត្រលប់ទៅរកតុចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

លោក Wang បាន​និយាយ​ថា​៖ «​សកម្មភាព​របស់​អ៊ីស្រាអែល ​បាន​ហួស​ពី​វិសាលភាព​នៃ​ការ​ការពារ​ខ្លួន​»។ លោកបានបន្ថែមថា «អ៉ីស្រាអែល គួរតែស្តាប់ដោយយកចិត្តទុកដាក់ ចំពោះការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយបញ្ឈប់ការដាក់ទណ្ឌកម្មរួមរបស់ខ្លួនចំពោះប្រជាជនហ្គាហ្សា»។

លោក Wang Yi ក៏បាននិយាយនៅក្នុងការសន្ទនាដាច់ដោយឡែកមួយ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនដែរថា ទីក្រុងវ៉ាស៊ីនតោនគួរតែ «ដើរតួនាទីស្ថាបនា និងទទួលខុសត្រូវនៅក្នុងជម្លោះ» ហើយបានជំរុញឱ្យមាន «ការកោះប្រជុំសន្តិភាពអន្តរជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បី​ឯកភាព​គ្នា ដោះស្រាយវិបត្តិឱ្យបាន​ទូលំទូលាយ​»​។

យ៉ាងណាម៉ិញ សេចក្តីថ្លែងការណ៍ផ្លូវការរបស់ប្រទេសចិនស្តីពីជម្លោះនេះ មិនបានបញ្ចេញឈ្មោះជាក់លាក់ចំពោះក្រុម Hamas ក្នុងការថ្កោលទោសអំពើហឹង្សារបស់ពួកគេនោះទេ។ ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយកាលពីថ្ងៃអាទិត្យថា បេសកជនពិសេសរបស់ប្រទេសចិនលោក Zhai Jun នឹងធ្វើទស្សនកិច្ចនៅមជ្ឈិមបូព៌ានៅសប្តាហ៍ក្រោយ ដើម្បីសម្របសម្រួលជាមួយភាគីផ្សេងៗសម្រាប់បទឈប់បាញ់ ដើម្បីការពារជនស៊ីវិល បន្ធូរបន្ថយស្ថានការណ៍ និងជំរុញកិច្ចចរចាសន្តិភាព។

គិតត្រឹមថ្ងៃចន្ទ សប្ដាហ៍នេះមានមនុស្សជាង ១លាននាក់នៅភាគខាងជើងនៃតំបន់ហ្គាហ្សា ត្រូវបានបង្ខំជាឱ្យភៀសខ្លួនមុនពេលការវាយប្រហារចាប់ផ្ដើម ជាការជម្លៀសមួយ ដែលក្រុមជំនួយ បាននិយាយថា នឹងធ្វើឱ្យមានគ្រោះមហន្តរាយមនុស្សធម៌។

បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានទម្លុះព្រំដែនរឹងមាំខ្លាំងរវាងតំបន់ហ្គាហ្សាស្ទ្រីប និងអ៊ីស្រាអែល ដើម្បីបាញ់ទម្លាក់ ចាក់ និងដុតសម្លាប់មនុស្សជាង ១,៤០០នាក់នោះ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកដើម្បីសងសឹកវិញ ដោយសំដៅទៅលើក្រុមអ៊ីស្លាមដែលបានសម្លាប់មនុស្សជាង ២,៦៧០នាក់នៅក្នុងតំបន់ហ្គាហ្សា ដែលភាគច្រើននៃអ្នកស្លាប់ទាំងសងខាងគឺជាជនស៊ីវិល៕

ប្រភព៖ The Japan Times

Share.