ឈ្មោះ សឿង វុត្ថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានរកឃើញវិជ្ជមានកូវីដ១៩ ហើយបានរត់គេចពីមន្ទីរពេទ្យអង្គឌួង។ 

ទាក់ទងនឹងបញ្ហានេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ ប្រសិនបើដឹងពីដំណើររបស់បុគ្គលខាងលើ ឬ បានប្រទះឃើញបុគ្គលខាងលើ ឬ ស្គាល់អ្នកដែលបានពាក់ព័ន្ធ ជាមួយបុគ្គលខាងលើនេះ សូមតាមដានសុខភាពរបស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។

ប្រភពដដែល បានឱ្យដឹងថា មូលហេតុ ឈ្មោះ សឿង វុត្ថា ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ១៩ នៅពេលចូលទៅទទួលសេវាព្យាបាលរបួសនៅមន្ទីរពេទ្យ ព្រះអង្គឌួង កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១។ 

ដោយសារតែការវះកាត់របួស ​ឈ្មោះ សឿង វុត្ថា ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង​ មួយរយៈពេលខ្លីសិន មុនពេលត្រូវរៀបចំបញ្ជូនបន្តទៅមណ្ឌលព្យាបាល ជំងឺកូវីដ នៅថ្ងៃបន្ទាប់។

នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ បុគ្គលរូបនេះ បានបាត់ខ្លួនពីមន្ទីរពេទ្យ ព្រះអង្គឌួង និងមិនអាចទាក់ទងបានរហូតមកដល់ពេលនេះ៕

Share.