ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសអ៊ីស្រាអែល នៅថ្ងៃពុធ សប្ដាហ៍នេះ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស នេះបើយោងតាមការប្រកាសដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ខណៈលោកក៏បាននិយាយថា ប្រទេសអ៊ីស្រាអែល និងក្រុងវ៉ាស៊ីនតោន បានយល់ព្រមបង្កើតផែនការផ្តល់ជំនួយដល់តំបន់ហ្គាហ្សាផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។

លោក Blinken បាននិយាយបន្ទាប់ពីកិច្ចប្រជុំជិត ៨ម៉ោងនៅក្រសួងការពារជាតិជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងដំណើរទស្សនកិច្ចលើកទី២ របស់អ្នកការទូតអាមេរិកកំពូល ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ដោយក្រុមហាម៉ាស។

លោក Blinken បាននិយាយកាលពីព្រឹកថ្ងៃអង្គារនៅទីក្រុង Tel Aviv ថា «ប្រធានាធិបតីអាមេរិក នឹងបញ្ជាក់យ៉ាងច្បាស់នូវសាមគ្គីភាពរបស់សហរដ្ឋអាមេរិកជាមួយអ៊ីស្រាអែល និងការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ខ្លួន»។ លោក Blinken បានបន្ដថា «អ៊ីស្រាអែលមានសិទ្ធិ និងកាតព្វកិច្ចដ៏ពិតប្រាកដ ដើម្បីការពារប្រជាជនរបស់ខ្លួនពីក្រុមហាម៉ាស និងភេរវករផ្សេងទៀត និងដើម្បីទប់ទល់ការវាយប្រហារនាពេលអនាគត»។

លោកបាននិយាយផងដែរថា អ៊ីស្រាអែលនឹងផ្ដល់របាយការណ៍ជូនលោក Biden អំពីគោលបំណង និងយុទ្ធសាស្ត្រសង្គ្រាមរបស់ខ្លួន និងអំពីរបៀបដែលខ្លួននឹងធ្វើប្រតិបត្តិការ ក្នុងមធ្យោបាយមួយក្នុងការកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល និងអាចឱ្យជំនួយមនុស្សធម៌ហូរទៅកាន់ជនស៊ីវិលនៅតំបន់ ហ្គាហ្សា (Gaza) តាមរបៀបមួយដែលមិនផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាស។

លោក ថា សហរដ្ឋអាមេរិក ក៏បានធានាលើការធ្វើការងារដើម្បីនាំយកជំនួយបរទេសចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលជាតំបន់ដ៏ក្រីក្រ និងត្រូវបានបិទខ្ទប់តាំងពីឆ្នាំ២០០៦ ជាមួយអ៉ីស្រាអែល ខណៈដែលអ៊ីស្រាអែលរៀបចំការវាយលុក និងជម្លៀសប្រជាជនលើទឹកដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

លោក Biden សង្ឃឹមថានឹង «អ៉ីស្រាអែលនឹងជៀសវាងការសម្លាប់ និងបង្កឱ្យជនស៊ីវិលរបួស និងអាចឱ្យជនស៊ីវិលនៅតំបន់ហ្គាហ្សា ទទួលបានជំនួយមនុស្សធម៌ តាមរបៀបមិនផ្ដល់ផលប្រយោជន៍ដល់ក្រុមហាម៉ាស»។

លោក Blinken បាននិយាយថា «តាមសំណើរបស់យើង សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានព្រមព្រៀងគ្នាដើម្បីបង្កើតផែនការមួយ ដែលនឹងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ពីប្រទេសម្ចាស់ជំនួយ និងអង្គការជាច្រើនអាចចូលទៅដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា»។ លោក​បន្ថែមថា «ភាគី​ទាំង​ពីរ​កំពុង​ពិភាក្សា​អំពី លទ្ធភាព​នៃ​ការ​បង្កើត​តំបន់​ដើម្បី​ជួយ​រក្សា​ជន​ស៊ីវិល​ឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់ ផងដែរ»៕

ប្រភព៖ CNA

Share.