ក្រុមកីឡាអេឡិចត្រូនិកតំណាងកម្ពុជា See You Soon នឹង​ចូល​រួម​ប្រកួត ONE Esports MPL Invitational 2023 មុន​​ នឹង​ចូលរួមកីឡាអេឡិចត្រូនិកកម្រិតពិភព​លោក M5 World Championship ហៅកាត់ M5 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang រៀបចំឡើងដោយក្រុមហ៊ុន Moonton ដែល​មាន​សហម្ចាស់​ផ្ទះ ម៉ាឡេស៊ី និង​ហ្វី​លីពីន។

ការ​ប្រកួត​កីឡាអេឡិចត្រូនិក វិញ្ញាសា Mobile Legends: Bang Bang នៅ​ក្នុង​ព្រឹត្តិការណ៍ ONE Esports MPL Invitational 2023 គឺ​ជា​លើក​ទី៤ ហើយ​នៅ​ឆ្នាំនេះ ដោយ​លើក​ទី​១ ឆ្នាំ២០២០ មិន​មាន​ក្រុម​កម្ពុជាចូល​រួម ឆ្នាំ២០២១ ក្រុម See You Soon ទទល​បាន​ចំណាត់​ថ្នាក់លេខ៩ ឆ្នាំ២០២២ ក្រុម Burn X Flash ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១៣។

​ព្រឹត្តិការណ៍ ONE Esports MPL Invitational 2023 នឹង​ធ្វើ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ​ក្នុង​ទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ កម្មវិធី​នេះ ធ្វើ​ការ​រៀប​ចំដោយ​ក្រុមហ៊ុន Moonton ខណ:​ប្រាក់​រង្វាន់​សរុប​ទទួល​បាន​រហូត​ដល់ ១០ម៉ឺន​ដុល្លារ។

ក្រុម SEE YOU SOON បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯកព្រឹត្តិកាណ៍​ប្រកួត​កីឡា​អេឡិ​ចត្រូនិក 2023 MPL-KH Autumn Split លើវិញ្ញាសា Mobile Legends: Bang Bang រដូវកាលទី៥ ក្រោយ​យក​ឈ្នះ​ក្រុម CFU GAMING នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ កាល​ពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅផ្សារទំនើប AEON MALL SEN SOK”។

ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម SEE YOU SOON មាន​ឈ្មោះ​តំណាង​កម្ពុជា ទៅ​ចូល​រួម​ប្រកួតក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​ពិភព​លោក M5 World Championship ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី និងហ្វីលីពីន ចាប់​ផ្ដើម​ពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។

សម្រាប់ព្រឹត្តិការណ៍ M5នៅឆ្នាំនេះ ​មាន​ក្រុម​ចំនួន ២២មកពីប្រទេសផ្សេងៗទូទាំពិភពលោក និង​ត្រូវធ្វើ​ការ​បករកួត​ជម្រុះ​តាម​ពូល​ដើម្បី​រកអ្នក​ឡើង​ទៅ​វគ្គ​បន្ត ដោយ​ការ​ប្រកួតនឹង​ចាប់​ពី​ថ្ងៃទី២៣ ខែវិច្ឆិកា ដល់​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣​។ សម្រាប់ប្រាក់រង្វាន់ សរុបចំនួន ៩០ម៉ឺនដុល្លារ ដែល​នឹង​ត្រូវ​បែងចែកទៅតាម​ចំណាត់​ថ្នាក់។

ចំពោះ​ព្រឹត្តិការណ៍ M5 នេះជាលើកទី៥ ហើយដែលក្រុមកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិនេះ ខណៈលើកទី១ M1 នៅឆ្នាំ២០១៩ ក្រុម Impunity KH លើកទី២ M2 នៅដើមឆ្នាំ២០២១ ក្រុម Impunity KH លើកទី៣ M3 នៅចុងឆ្នាំ២០២១ ក្រុម See You Soon ព្រឹត្តិការណ៍ M4 ឆ្នាំ២០២នេះ គឺក្រុម Burn X Flash នៅ​ឆ្នាំ២០២៣នេះ គឺ​​ក្រុម​ See You Soon។

គួររំលឹកថា នេះ​ជា​លើកទី២ ហើយ​ដែល​ក្រុម​ See You Soon ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​មួយ​នេះ ដោយ​កាលព្រឹត្តិការ M3 ក្រុមកម្ពុជា See You Soon ក៏ធ្វើបានល្អដែរ ទទួល​បាន​ចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១៦ក្រុម ដោយ​ទទួល​បាន​ប្រាក់​រង្វាន់១៥០០០ដុល្លារ ខណ: ម្ចាស់​ជើង​ឯក​ឆ្នាំចាស់ (M4) បាន​ទៅ​លើក្រុម ECHO Philipine ទទួល​បាន​ប្រាក់​រង្វាន់ ៣០ម៉ឺនដុល្លារ៕

Share.