ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ប្រទេសចិននៅថ្ងៃអង្គារ នេះដើម្បីជួបជាមួយ «មិត្តជាទីស្រឡាញ់» របស់លោក គឺលោក ស៊ី ជីនពីង ដោយបានពង្រឹងទំនាក់ទំនងរួមគ្នា និងភាពជាដៃគូគ្មានព្រំដែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NDTV នាថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។

ប្រទេសចិននៅសប្តាហ៍នេះ ស្វាគមន៍តំណាងនៃប្រទេសចំនួន១៣០ សម្រាប់វេទិកាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលខ្លួនសង្ឃឹមថា នឹងជួយលើកកម្ពស់ជំហរអន្តរជាតិរបស់ខ្លួន។ លោក ពូទីន ក៏មានវត្តមានចូលរួមក្នុងវេទិកានេះដែរ ក្រោយពីលោកបានចូលរួមចំនួន ២លើក ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៩។

លោកពូទីន ស្ថិតនៅលើកំពូលនៃបញ្ជីនៃការអញ្ជើញ ដោយមេដឹកនាំរុស្ស៊ីរូបនេះកម្រចាកចេញពីប្រទេសណាស់ ចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនរូបលោក ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន កាលពីខែមីនា ឆ្នាំមុនមក ដោយបានទម្លាក់របបដឹកនាំរបស់លោកទៅក្នុងភាពឯកោអន្តរជាតិ។

អ្នកជំនាញរំពឹងថា នឹងមានការភ្ញាក់ផ្អើលធំៗ មួយចំនួនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ីទៅកាន់ប្រទេសចិន ដោយមើលឃើញថា កិច្ចប្រជុំនេះ គឺជានិមិត្តសញ្ញានៃការគាំទ្រសម្រាប់ទីក្រុងម៉ូស្គូ។

បើតាមវិមានក្រឹមឡាំងបានប្រកាសថា មេដឹកនាំទាំង២ នឹងជួបគ្នានៅថ្ងៃពុធ សប្ដាហ៍នេះ «នៅខាងក្រៅនៃវេទិកា BRI» ហើយប្រធានបទដែលលើកមកពិភាក្សាគឺ ពិភពលោក​នឹង​ត្រូវ​គ្របដណ្ដប់​ដោយ​សង្គ្រាម​របស់​អ៊ីស្រាអែល​ ជាមួយ​នឹង​ក្រុមសកម្មប្រយុទ្ធ​ហាម៉ាស។

សូមជម្រាបថា លោក ពូទីន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីចូលរួមព្រឹត្តិការណ៍សម្ពោធកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង លើកចុងក្រោយបំផុត កាលពីខែកុម្ភៈ ឆ្នាំ២០២២ ជាពេលដែលប្រទេសចិន និងរុស្ស៊ី បានប្រកាសពីភាពជាដៃគូគ្មានព្រំដែនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៊ីវាយលុកចូលប្រទេសអ៊ុយក្រែន ក្រោមប្រតិបត្តិការណ៍យោធាពិសេសដែលោកខាងលិច និងទីក្រុងកៀវ ចាត់ទុកថា ជាសង្រ្គាមឈ្លានពាន៕

ប្រភព៖ NDTV

Share.