បុរសជើងខ្លាំងម្នាក់ឈ្មោះ រេ រ៉ីហ្សា បាលូឈី (Ray Reza Baluchi) គ្រោងចំណាយពេល ៣ទៅ ៤សប្ដាហ៍ ក្នុងការធ្វើដំណើរលើមហាសមុទ្រអាត្លង់ទិក ដោយចាប់ផ្ដើមចេញដំណើរពីរដ្ឋ Florida ទៅរដ្ឋ New York ការធ្វើដំណើររបស់លោក គឺដើរក្នុងពោងអណ្ដែតទឹកមានរាងដូចជាបាល់។

ការធ្វើដំណើរលើផ្ទៃមហាសមុទ្រមិនមែនជារឿងងាយទេ លោក រេ រ៉ីហ្សា បានបោះបង់ចោលការខិតខំប្រឹងប្រែងរបស់លោក បន្ទាប់ពីទើបតែចេញធ្វើដំណើរបានចំងាយ ៣៥គីឡូម៉ែត្រពីកន្លែងដែលលោកចាប់ផ្ដើម ដោយចំណាយពេលជិត ១ថ្ងៃប៉ុណ្ណោះ ហើយលោកក៏បានសម្រេចចិត្តដើរឲ្យពោងបាល់អណ្តែតទឹករបស់លោកខិតឡើងមកលើឆ្នេរសមុទ្រនៅទីក្រុង ផាម ខូស៏ (Palm Coast) ដែលបានធ្វើឲ្យអ្នកនៅក្បែរឆ្នេរនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោក រេ រ៉ីហ្សា បានប្រាប់សារព័ត៌មាន CNN ថា កត្តាដែលធ្វើឲ្យលោកសម្រេចចិត្តបោះបង់ចោលការប៉ុនប៉ងដ៏ធំនេះព្រោះតែ បញ្ហាសម្ភារៈបរិក្ខារមានភាពខ្វះខាតដោយសារវាជ្រុះបាត់ពេលកំពុងធ្វើដំណើរ។ លោកបានបន្ដថា មូលហេតុដែលលោកសម្រេចចិត្តដើរលើទឹកដោយពោងបាល់អណ្ដែតទឹកនេះគឺដោយសារតែលោកចង់រៃអង្គាសប្រាក់ ដើម្បីឆ្លើយតបនឹងមូលនិធិសប្បុរសធម៌លើកដំបូងរបស់លោក។

លោកបានបញ្ជាក់បន្តថា ក្រុមការងាររបស់លោកនឹងទិញឧបករណ៍តាមដានសកម្មភាព និងឧបករណ៍ផ្សេងៗទៀតមកជំនួសបន្ថែម ដូច្នេះលោកនឹងបន្តដំណើរទៅមុខរហូតដល់គោលដៅ ប៉ុន្ដែឆ្មាំសមុទ្រមិនអនុញ្ញាតឲ្យលោកបន្តធ្វើដំណើរបែបនេះទេ។

អ្នកនាំពាក្យឆ្មាំសមុទ្រអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន CNN ថា គេតម្រូវឲ្យលោក រេ រ៉ីហ្សា មានឧបករណ៍នាំផ្លូវនិងសុវត្ថិភាពដ៏ជាក់លាក់ មានទូកអមការពារ និងរៀបចំផែនការធ្វើដំណើរ មុនពេលគាត់ចេញដំណើរម្ដងទៀត។ ស្របពេលជាមួយគ្នា លោក រេ រ៉ីហ្សា និយាយថា លោកចង់ធ្វើដំណើរតែឯង ដោយមានក្រុមការងារចាំជួយនៅលើគោក។ ​

សូមបញ្ជាក់ថា ពោងបាល់បណ្ដែតទឹកនេះត្រូវបានរៀបផ្គុំដោយដែកព័ទ្ធជុំវិញ អមជាមួយនឹងពោងសងខាង មានចន្លោះសម្រាប់ឲ្យមនុស្សដើរពីខាងក្នុង ប្រៀបដូចជាសត្វកណ្ដុររត់នៅក្នុងកងរង្វិលអីចឹង៕

 ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.