សិល្បៈជាតិ​៖ មរណភាព​នៃ​អ្នក​ចេះ​ដឹង​ និង​​ជន​សកម្ម​ដែល​បាន​លះបង់​ទាំង​ធនធាន​ ក៏​ដូច​ជា​ពេលវេលា​ដើម្បី​ជួយ​ដល់​សង្គម​ជាតិ​ ដូច​ជា​ឧកញ៉ា ឈាង រ័ត្ន នៅ​តែ​ជា​ប្រធាន​បទ​ដែល​សាធារណជន​ផ្តោត​ការ​ចាប់​អារម្មណ៍ ក៏​ដូច​ជា​អាល័យ​ស្រណោះ​។ ក្នុង​ចំណោម​អ្នក​ដែល​សោកស្ដាយ​ការ​ចាកចេញ​គ្មាន​ថ្ងៃ​វិលវៃ​របស់​លោក​ក៏​មាន​លោក​ តាន់ គីមសួរ មួយ​រូប​ផង​ដែរ​ ដោយ​លោក​បាន​ចេញ​មក​បង្ហើបថា​​សោកស្ដាយ​ បើ​លោក​នាំ​ឧកញ៉ា ឈាង​ រ័ត្ន​​ ឡើង​កំពូល​ភ្នំឱរ៉ាល់​ ម្ល៉េះសម​មច្ចុរាជ​មិន​អាច​ផ្ដាច់​យក​ជីវិត​​បាន​នោះ​ឡើយ​។

លោក តាន់​ គីមសួរ​ ដែល​ជា​បុគ្គល​ម្នាក់​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​គ្រួសារ​ ឧកញ៉ា​ ឈាង រ័ត្ន និង​អ្នក​នាង​​ ស្រីអូន​ នា​រាត្រី​ថ្ងៃ​ទី​១៧​ ខែ​តុលា ឆ្នាំ​២០២៣ ពោល​គឺ​ក្រោយ​ពិធីបុណ្យ​៧​ថ្ងៃ​និង​១០០​ថ្ងៃ​របស់​ឧកញ៉ា​ ឈាង រ័ត្ន បុរស​លេចធ្លោ​លើ​សកម្មភាព​ថែរក្សា​និង​អភិវឌ្ឍ​ព្រៃ​ឈើ​រូប​នេះ​បាន​រំលឹក​អនុស្សាវរីយ៍​ចុង​ក្រោយ​រវាង​ខ្លួន​និង​ឧកញ៉ា​ ឈាង រ័ត្ន​ ក្នុង​កម្មវិធី​ឆ្ពោះ​ទៅ​រក​ភាពធូរស្រាល​ពី​ជំងឺ​ផ្លូវ​ចិត្ត​ ក្រោម​ការ​ណែនាំ​និង​អប់​រំ​ផ្លូវ​ចិត្ត​ពីព្រះអង្គ​គ្រូ​ គូ សុភាព​។ ជា​ការ​កត់​សម្គាល់​នៅ​ក្នុង​ការ​រៀបរាប់​នោះ​ លោក​ តាន់ គីម​សួរ​ បាន​បង្ហាញ​ក្ដី​សោកស្ដាយ​ដែល​ឧកញ៉ា ឈាង រ័ត្ន មិន​បាន​ឡើង​ភ្នំឱរ៉ាល់​ជាមួយ​នឹង​ខ្លួន​ ព្រោះ​លោក​យល់​ថា​បើ​សិន​ជា​ពេល​នោះ​ឧកញ៉ា ឈាង រ័ត្ន ព្រម​ឡើង​ភ្នំ ប្រហែល​ជា​មច្ចុរាជ​កំណាច​នោះ​មិន​អាច​មក​ផ្ដាច់​សង្ខារ​របស់​លោក​បាន​ឡើយ​។ សូម​តាម​ដាន​ការ​រៀបរាប់​ទាំង​ស្រុង​របស់​ លោក​ តាន់ គីមសួរ​ ដូច​តទៅ៖

«ទាំង​នេះ​គឺ​ជា​រូបភាព​ចុង​ក្រោយ​នៃ​ការ​ជួប​មុខ​គាត់​នៅ​ក្នុង​កម្មវិធី​ឆ្ពោះ​ទៅ​រក​ភាព​ធូរ​ស្រាល​ពី​ជំងឺ​ផ្លូវ​ចិត្ត​ ​គាត់​បាន​ដាក់​ខ្លួន​មក​ចូលរួម​ជាមួយ​សិក្ខាកាម​ផ្សេង​ៗ​ទៀត​ដើម្បី​រក​វិធី​បន្ត​រស់​ទៅ​មុខ​ទៀត​ដោយ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អំពី​ការ​ណែនាំ​របស់​លោក​គ្រូ​ចិ​ត្ត​សាស្ត្រ ​និង​ឱវាទ​អប់​រំ​ផ្លូវ​ចិត្ត​របស់​ព្រះ​អង្គ​គ្រូ​ គូ ​សុភាព​។​ ​វា​ពិត​ជា​រឿង​មួយ​ដ៏​សោកស្ដាយ​ខ្លាំង​ណាស់​ចំពោះ​ខ្ញុំ​ដែល​ខ្ញុំ​បាន​ប្រឹង​ព្យាយាម​ខ្លាំង​ណាស់​ក្នុង​ការ​ចាប់​ទាញ​ដៃ​របស់​គាត់​ ​តែ​ជា​លទ្ធផល​នៅ​តែ​មិន​អាច​ទាញ​ឈ្នះ​មច្ចុរាជ​បាន​ ​បើ​ពេល​នោះ​គាត់​ព្រម​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​ឯង​បាន​ឡើង​ទៅ​កំពូល​ភ្នំ​ឱរ៉ាល់​ជាមួយ​ខ្ញុំ ​ប្រហែល​ជា​មច្ចុរាជ​ដ៏​កំណាច​នោះ​រក​គាត់​មិន​ឃើញ​ទេ​ ​សុំ​អភ័យ​ទោស​ផង​ ​ខ្ញុំ​សូម​បង្ហោះពី​គាត់​ជា​លើក​ចុង​ក្រោយ​ដើម្បី​ឲ្យ​ធូរ​ស្រាល​ផ្លូវ​ចិត្ត​បន្តិច»​

នៅ​ក្នុង​កម្មវិធី​ខាង​លើ​​ ក្រៅ​អំពី​ លោក​ តាន់​ គីមសួរ ឧកញ៉ា ឈាង រ័ត្ន ក៏មាន​វត្តមាន​ Influencer វ័យ​ក្មេង ពេជ្រ សួគ៌លី លោក ប៉ែន ចំរុង​ និង​អ្នក​ស្រី ម៉ម សុម៉ាលី ផង​ដែរ។

គេ​នៅ​ចាំ​បាន​ថា​ កាល​ពី​ថ្ងៃ​​ទី​៩ ខែ​កក្កដា​ឆ្នាំ​២០២១ ត្រូវ​នឹង​រុក្ខទិវា លោក​ តាន់ គីមសួរ និង​​ក្រុម​អ្នក​ប្រយុទ្ធ​បៃតង​ ​​បាន​ប្រតិបត្តិការ ​បាច​គ្រាប់ពូជ​ឈើ​ ៤០០០០០ (៤សែន​គ្រាប់​) នៅ​លើ​ទឹកដី​ឱរ៉ាល់​នៃខេត្ត​កំពង់​ស្ពឺ​ ក្នុង​កម្មវិធី​ព្យាបាល​ដំបៅ​ផែនដី​ ដែល​លោក​ជា​ស្ថាបនិក​ផ្ដួចផ្ដើម​ឡើង​ ដោយ​​យុទ្ធនាការ​កាល​ណោះ​មាន​តារា​ល្បី​ចូលរួម​ជាច្រើនដួង​ ក្នុង​នោះ​ក៏​មាន​អ្នក​នាង​​ស្រីអូនសម្រស់​ធម្មជាតិ និង​ឧកញ៉ា ឈាង រ័ត្ន​ ផង​ដែរ៕

Share.